អន្តរជាតិ

ឥណ្ឌូណេស៊ីផ្អាកដំណើរការយន្តហោះ Boeing 737 MAX 9 របស់ Lion Air ជាបណ្ដោះអាសន្ន

ប្រែសម្រួល៖ស.សម្បត្តិ

ហ្សាការតា៖ ថ្មីៗនេះអាជ្ញាធរអាកាសចរណ៏ឥណ្ឌូណេស៊ីបានផ្អាកជាបណ្តោះអាសន្ននូវការហោះហើរយន្តហោះប្រភេទ Boeing 737 MAX 9 ចំនួនបីគ្រឿងរបស់ក្រុមហ៊ុនរអាកាសចរណ៏ Lion Air បើទោះបីជាមានទម្រង់រចនាសម្ព័ន្ធខុសគ្នាពីយន្តហោះដែលត្រូវបង្ខំឲ្យចុះចតជាបន្ទាន់នៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនក៏ដោយ។ ក្រសួងដឹកជញ្ជូនបាននិយាយកាលពីថ្ងៃចន្ទ ទី៨ មករា ថាអាជ្ញាធអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានបញ្ជាឲ្យផ្អាកការហោះហើរជាបណ្តោះអាសន្ននូវយន្តហោះ Boeing ចំនួន ១៧១ គ្រឿងដែលបានដំឡើងជាមួយនឹងបន្ទះគម្របទ្វារដូចគ្នានឹងយន្តហោះ Alaska Airlines ដែលបានរហែកបាត់ពីយន្តហោះកាលពីថ្ងៃសុក្រដោយត្រូវបានបង្ខំឲ្យចុះចតជាបន្ទាន់ដោយសារមានចំណុចចំហនៅផ្នែកខាងឆ្វេងនៃតួយន្តហោះ។

បន្ទះគម្របទ្វារត្រូវបានខ្ទាតចេញពីផ្នែកខាងឆ្វេងនៃតួយន្តហោះ Alaska Airlines បន្ទាប់ពីបានហោះចេញពីទីក្រុង Portland រដ្ឋ Oregon ក្នុងដំណើរឆ្ពោះទៅកាន់ទីក្រុង Ontario រដ្ឋកាលីហ្វ័រញ៉ាជាហេតុបណ្តាលឲ្យមានការបង្ខំឲ្យអាកាសយានិកវិលត្រូវត្រឡប់មកព្រលានដើម្បីធ្វើការចុះចតជាបន្ទាន់។ យន្តហោះ Alaska Airlinesបានចុះចតជាបន្ទាន់ប្រកបដោយសុវត្ថិភាពជាមួយនឹងអ្នកដំណើរទាំងអស់ ១៧១ នាក់ រួមទាំងនាវិក ៦ នាក់ផងដែរ។

លោក Adita Irawati អ្នកនាំពាក្យក្រសួងដឹកជញ្ជូនបាននិយាយថា យន្តហោះ Boeing 737 MAX 9 បីគ្រឿង ដែលជាយន្តហោះរបស់ក្រុមហ៊ុនរអាកាសចរណ៏ Lion Air តែមួយគត់របស់ឥណ្ឌូនេស៊ី ត្រូវបានផ្អាកដំណើរការចាប់តាំងពីថ្ងៃទី ៦ ខែមករា រហូតដល់មានការជូនដំណឹងជាថ្មី។

លោក Adita បានបញ្ជាក់ថា យន្តហោះរបស់ក្រុមហ៊ុនរអាកាសចរណ៏ Lion Air មាន ” ច្រកទ្វារសង្គ្រោះបន្ទាន់នៅកណ្តាលកាប៊ីនប្រភេទ II” ចំណែកឯយន្តហោះ Alaska Airlines មាន ” ច្រកទ្វារចេញនៅកណ្តាលតួយន្តហោះ” ។

លោក Adita បានបន្ថែមថា “នេះមានន័យថាប្រព័ន្ធនៅផ្នែកកណ្តាលនៃទ្វារសង្គ្រោះបន្ទាន់មានមុខងារ សម្រាប់ការជម្លៀសអ្នកដំណើរក្នុងគ្រាអាសន្ន” ។

ក្រសួងនឹងសម្របសម្រួលជាមួយ FAA, Boeing និង Lion Air ដើម្បីតាមដានស្ថានភាពជាក់ស្តែងដោយលោកបានបន្ថែមថា “សុវត្ថិភាពប្រតិបត្តិការគឺជាអាទិភាពចម្បងរបស់យើង” ។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Lion Air បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការត្រួតពិនិត្យបន្ថែមទៀតលើសុវត្ថិភាពយន្តហោះ ដើម្បីធានាថាយន្តការប្រើប្រាស់ទ្វារសង្គ្រោះបន្ទាន់អាចដំណើរការជាធម្មតា៕

ប្រភព៖ Reuters/nh