អន្តរជាតិ

អ៊ីស្រាអែលបាញ់សម្លាប់មេបញ្ជាការហេសបូឡាក្រោយបាញ់រ៉ុក្កែតជាង៦០គ្រាប់លើមូលដ្ឋានយោធាអ៊ីស្រាអែល

ប្រែសម្រួល៖ ស.សម្បត្តិ

ការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ បានសម្លាប់មេដឹកនាំកំពូលរបស់ក្រុមជីវពលហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅថ្ងៃចន្ទទី៨ ខែមករា ឆ្នាំ២០២៤។  ព្រឹត្តិការណ៏នេះបង្កឲ្យមានការបារម្ភយ៉ាងខ្លាំងថា ជម្លោះនៅហ្គាហ្សាកំពុងតែរីករាលដាលនៅក្នុងតំបន់កាន់តែធំឡើង។

ក្រុមជីវពលហេសបូឡាបានប្រកាសពីការសម្លាប់ “មេបញ្ជាការ” របស់ខ្លួនជាលើកដំបូងដោយហៅឈ្មោះគាត់ថា Wissam Hassan Tawil ។ ពួកគេបាននិយាយថា គាត់បានស្លាប់ “នៅតាមផ្លូវទៅកាន់ក្រុងហ្សេរុយសាឡឹម” – នេះជាពាក្យស្លោកដែលពួកគេប្រើសម្រាប់យុទ្ធជនដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល។

មន្ត្រីសន្តិសុខបាននិយាយដោយសុំមិនបញ្ចេញឈ្មោះសម្រាប់ហេតុផលសន្តិសុខថា Tawil “មានតួនាទីដឹកនាំប្រតិបត្តិការរបស់ក្រុមជីវពលហេសបូឡានៅភាគខាងត្បូង” ។

មន្ត្រីរូបនេះបានបន្ថែមថា មេបញ្ជាការដែលកាន់តំណែងកំពូលជាច្រើនផ្សេងទៀតនៅក្នុងក្រុមជីវពលហេសបូឡា “ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលដោយផ្តោតគោលដៅលើរថយន្តរបស់គាត់ក្នុងពេលកំពុងធ្វើដំណើរ”។

Tawil គឺជាមេដឹកនាំជាន់ខ្ពស់របស់ក្រុមហេសបូឡា ដែលត្រូវបានសម្លាប់ចាប់តាំងពីក្រុមនេះហើយនិងអ៊ីស្រាអែលបានចាប់ផ្តើមបាញ់តទល់គ្នាឆ្លងព្រំដែនជារៀងរាល់ថ្ងៃ បន្ទាប់ពីសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី ៧ តុលាឆ្នាំ២០២៣កន្លងមក។

សូមបញ្ជាក់ថា ការសម្លាប់មេបញ្ជាការរងរបស់ក្រុមហាម៉ាសនៅក្នុងក្រុងបេរូតកាលពីសប្តាហ៍មុននោះ  បានបង្កើនការភ័យខ្លាចចំពោះការងើបបះបោរកាន់តែរាលដាលខ្លាំងឡើង។

Saleh al-Aruri ជាមេបញ្ជាការរងក្រុមហាម៉ាស ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំជ្រួចអ៊ីស្រាអែល ដែលត្រូវបានសន្មតថា គាត់គឺជាឥស្សរជនជាន់ខ្ពស់បំផុតរបស់ក្រុមហាម៉ាស ដែលបានស្លាប់ក្នុងអំឡុងពេលសង្រ្គាមក្នុងការវាយប្រហារលើកដំបូងលើទីក្រុង Beirut ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើម។

កាលពីថ្ងៃសុក្រ ប្រធានក្រុមហេសបូឡា  លោក Hassan Nasrallah បានព្រមានអ៊ីស្រាអែលថា យុទ្ធជនរបស់គាត់នឹងធ្វើការសងសឹកភ្លាមៗចំពោះការសម្លាប់ Aruri ។ ក្រោយមកក្រុម ហេសបូឡាបានអះអាងថា បានវាយប្រហារដោយរ៉ុក្កែតជាង៦០គ្រាប់ លើមូលដ្ឋានការពារដែនអាកាសរបស់អ៊ីស្រាអែលនៅក្នុងថ្ងៃបន្ទាប់។ ឥឡូវអ៊ីស្រាអែលបានឆ្លើយតបវិញដោយបានសម្លាប់មេបញ្ជាការកងជីវពលហេសបូឡានៅលីបង់។

កាលពីថ្ងៃសៅរ៍ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានជួបជាមួយលោក Mohammed Raad ប្រធានប្លុកសភារបស់ហេសបូឡា ក្នុងទីក្រុង Beirut ដែលជាផ្នែកមួយនៃកាខិតខំជំរុញដើម្បីជៀសវាងមិនឲ្យប្រទេសលីបង់ត្រូវបានអូសទាញចូលទៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ក្រុមហេសបូឡាបាននិយាយថា កាលពីខែវិច្ឆិកា កូនប្រុសរបស់ Raad ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ រួមជាមួយនឹងយុទ្ធជនប្រាំនាក់ផ្សេងទៀត។

ភ្លើងសង្រ្គាមឆ្លងដែនជិតបីខែបានសម្លាប់មនុស្សជាង១៨០នាក់នៅលីបង់។ ក្នុងនោះមានយុទ្ធជនហេសបូឡាជាង១៣៥នាក់ ប៉ុន្តែក៏មានជនស៊ីវិលជាង២០នាក់រួមទាំងអ្នកកាសែតបីនាក់ផងដែរ។

នៅភាគខាងជើងអ៊ីស្រាអែល ទាហាន៩នាក់ និងជនស៊ីវិលយ៉ាងតិច៤នាក់ត្រូវបានសម្លាប់ នេះបើយោងតាមអាជ្ញាធរអ៊ីស្រាអែល៕