សន្ដិសុខសង្គម

អាវុធហត្ថបន្ទាយមានជ័យបញ្ជូនជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

ដោយ៖បន្ទាយ

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី០៨  ខែមករា  ឆ្នាំ ២០២៤ ការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនូវជនជនសង្ស័យ០៥នាក់  ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀនដើម្បីអនុវត្តតាមនីតិវិធី។

ជនសង្ស័យទាំង៥នាក់នោះមានអាយុចាប់ពី១៧ឆ្នាំទៅដល់៣៥ឆ្នាំត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចុះប្រតិបត្តិការបង្រ្កាបបាននៅភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យកាលពីពេលថ្មីៗកន្លងមកនេះ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណអោយដឹងថា: ក្រៅពីឃាត់ខ្លួនមនុស្ស សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ -គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ទឹកកក) ចំនួន ០៧កូនថង់កិប ទម្ងន់ ១០ក្រាម (ដប់ក្រាម),  -ម៉ូតូ ចំនួន ០៣គ្រឿង,-ទូរសព្ទ ចំនួន ០៤គ្រឿង (ម៉ាក IPhone12 pro max ពណ៌ទឹកប្រាក់, ម៉ាកSamsung A20 ពណ៌ខ្មៅ, ម៉ាកOPPO ពណ៌ក្រហម, ម៉ាក VIVO ពណ៌ទឹកប៊ិក),  -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង,  -កូនថង់កិបសម្រាប់ច្រកគ្រឿងញៀន មួយចំនួន, -សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

លោកវរសេនីយ៍ឯក ជា  តារា  មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា  :ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង  ។ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕