ព័ត៌មានជាតិ

អាជ្ញាធរនិងជំនាញនឹងបើកទឹកជូនកសិករធ្វើស្រូវប្រាំងនៅស្រុកបាកានខេត្តពោធិ៍សាត់

ដោយ : បន្ទាយ

ពោធិ៍សាត់៖ ប្រជាកសិករបានស្នើជួយអន្តរាគមន៍បន្ទាន់ករណីកង្វះខាតទឹក ស្រោចស្រពបង្កបង្កើនផលស្រូវរដូវប្រាំងចាប់ពីចំណុចអាងបឹងកន្សែង (ចុងប្រឡាយមេ) ស្ថិតក្នុងភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន រហូតដល់ដើមទំនប់ដំណាក់អំពិលសង្កាត់ដប់បាតក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់។

ហេតុនេះនាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤  លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ រួមជាមួយប្រធាន អនុប្រធាន មន្ត្រីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ដើម្បីរិះរកវិធានការជួយអន្តរាគមន៍ ដោះស្រាយបញ្ហាបើកទឹកជូនបងប្អូនប្រជាកសិករ ដែលកំពុងជួបបញ្ហា ខណៈការធ្វើស្រែប្រាំងបានធ្វើលើសផែនការដែលគ្រោងឬកំណត់។

លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់បានឱ្យដឹងថា : គិតត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ កន្លងមក ការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅទូទាំងខេត្ត សម្រេចបានសរុបចំនួន ៥០,៥១៨ហិកតា ស្មើនឹង២៥២,៥៩% នៃផែនការប្រចាំឆ្នាំដែលត្រូវធ្វើយ៉ាងច្រើនត្រឹម២០,០០០ហិកតា។

ម្ល៉ោះហើយ បើតាមតួលេខ និងការពិនិត្យជាក់ស្តែង ផ្ទៃដីដែលបងប្អូនប្រជាកសិករអនុវត្តបាននោះ គឺលើសពីផែនការកំណត់របស់សមត្ថកិច្ចជំនាញគ្រោងនឹងកំណត់ ត្បិតអីវាអាចនឹងជួបបញ្ហាខ្វះទឹកជាយថាហេតុ។

លោក ខូយ រីដា បានស្នើដល់អាជ្ញាធរស្រុកឃុំដើម្បីណែនាំប្រជាកសិករ សូមកុំបន្តធ្វើស្រែប្រាំងបន្ថែមទៀត ខណៈនាពេលខាងមុខ អាចនឹងប្រឈមនឹងបញ្ហាខ្វះខាតទឹក ។

ហើយអាជ្ញាធរនឹងរិះរកវិធីសាស្ត្រដោះស្រាយ ការបង្កបង្កើនផលស្រូវ ដែលលើសផែនការនេះ។

ជាក់ស្តែង បងប្អូនប្រជាកសិករ បានបូមទឹកចេញពីប្រឡាយ អូរ ពីបឹងត្រពាំងស្រកដល់បាតក្រោម ដើម្បីការពារស្រែស្រូវកុំអោយខូចខាត។

ឯអាជ្ញាធរនិងជំនាញ ក៏អះអាងថា នៅមានទំនប់ទី៣ និងទី៥ ដែលស្ដុកទឹកបានជាង៥០លានម៉ែតគូប សម្រាប់បើកទឹកបញ្ជូនតាមស្ទឹង ប្រឡាយមេ ប្រឡាយរង ឬប្រឡាយក្អែប ដើម្បីត្រៀមសម្រាប់ប្រជាកសិករ បូមដាក់ស្រែរៀងៗខ្លួន។

សូមរំលឹកថា កាលពីថ្មីៗនេះ  ប្រជាកសិករដែលធ្វើស្រែប្រាំងនៅមូលដ្ឋានភូមិឃុំ សង្កាត់នានានៃស្រុក ក្រុងក្នុងខេត្តពោធិ៍សាត់បានប្រឈមមុខដាក់គ្នាឯងនិងសកម្មភាពដណ្តើមទឹកបូមដាក់ស្រូវ។

ក្នុងនោះ ក៏តវ៉ានឹងអាជ្ញាធរនិងសមត្ថកិច្ចជំនាញដែលបានសម្រេចបិទលែងផ្តល់ទឹកពីស្ទឹងពោធិ៍សាត់បញ្ចូលមកតាមទ្វារទឹកនិងប្រឡាយទឹកដូចសព្វ១ដងផងដែរ ៕