សន្ដិសុខសង្គម

សមត្ថកិច្ចបញ្ជូនក្មេងស្ទាវជិត១០នាក់ទៅតុលាការក្រោមបទសង្ស័យហិង្សាមានស្ថានទម្ងន់ទោស

ដោយ៖កំចាយ

កំពត÷ សមត្ថកិច្ចនៃស្នងការដ្ឋានខេត្តកំពត នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនក្មេងស្ទាវ៩នាក់ទៅសាលាដំបូងក្រោមមបទសង្ស័យហិង្សាមានស្ថានទម្ងន់ទោស។

មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថា ក្រោយទទួលបណ្តឹងកាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ស្តីពីករណីហិង្សាបង្កឡើងដោយក្មេងស្ទាវ១ក្រុមនៅចំណុចកោះស្មៅ នៅថ្ងៃទី៧ ខែមករា កម្លាំងអធិការដ្ឋានស្រុកទឹកឈូ សហការជាមួយសមត្ថកិច្ចក្រុងកំពតបានឃាត់ខ្លួនជនសង្ស័យ៩នាក់ដើម្បីយកមកសាកសួរ។ ក្រុមក្មេងទាំងនោះមានអាយុចាប់ពី១៦ឆ្នាំដល់១៩ឆ្នាំ ដោយ៧នាក់រស់នៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ម្នាក់នៅសង្កាត់ត្រើយកោះ ក្រុងកំពត និងម្នាក់ទៀតមានទីលំនៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ ប្រភពដដែលបានបញ្ជាក់ថា នៅរសៀលថ្ងៃទី៨ ខែមករានេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនក្រុមក្មេងសង្ស័យទាំង៩នាក់ទៅសាលាដំបូងចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីវេលាម៉ោង៣ និង៤០នាទីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ មានក្មេងស្ទាវមួយក្រុមបានវាយ និងយកដុំថ្មគប់លើយុវជន៣នាក់នៅចំណុចកោះស្មៅស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំក្រៀល ស្រុកទឹកឈូបណ្តាលឱ្យរបួស និងម្នាក់បានបាត់ខ្សែកប្លាទីនទម្ងន់៨ជី។ ក្រោយកើតហេតុ ជនរងគ្រោះបានដាក់បណ្តឹងចូលអធិការដ្ឋានស្រុកទឹកឈូទើបសមត្ថកិច្ចបើកការស៊ើបអង្កេតរហូតឃាត់ខ្លួនជនសង្ស័យបាន៩នាក់ និងកំពុងតាមរកអ្នកពាក់ព័ន្ធមួយចំនួនទៀត៕