អន្តរជាតិ

សភាកូរ៉េខាងត្បូងនឹងអនុម័តច្បាប់ហាមឃាត់ការជួញដូរសាច់ឆ្កែ

ដោយ៖ ស.សម្បត្តិ

សេអ៊ូល៖ នៅថ្ងៃអង្គារ ទី៩ មករានេះសភារបស់កូរ៉េខាងត្បូងនឹងធ្វើការបោះឆ្នោតអនុម័តច្បាប់ហាមឃាត់ការបរិភោគ និងលក់សាច់ឆ្កែ នេះគឺជាវិធានការដើម្បីបញ្ចប់បញ្ហាបរិភោគនិងលក់សាច់ឆ្កែដ៏ចម្រូងចម្រាសដែលអូសបន្លាយអស់រយ:ពេលរាប់សតវត្សរ៍កន្លងមកហើយ ហើយពេលនេះគឺជាពេលដែលទទួលបានការគាំទ្រកាន់តែច្រើនឡើងចំពោះការថែរក្សាសុខុមាលភាពរបស់សត្វដែលរស់រានមានជីវិតនៅក្នុងប្រទេស។

កាបរិភោគរសាច់ឆ្កែម្តងត្រូវបានគេជឿថាជាវិធីមួយដើម្បីបង្កើនសុខភាពឲ្យរឹងមាំនៅក្នុងរដូវក្តៅរបស់ប្រទេសកូរ៉េ។ ប៉ុន្តែវាបានក្លាយជារឿងដ៏កម្រមួយ ដែលឥឡូវនេះភាគច្រើនការបរិភោគគឺមានតែមនុស្សចាស់មួយចំនួនតែប៉ុណ្ណោះ ដោយសារពលរដ្ឋកូរ៉េចាត់ទុកសត្វឆ្កែថាជាសត្វចិញ្ចឹមនៅក្នុងគ្រួសារ និងមានការរិះគន់ថាសត្វឆ្កែត្រូវបានគេសម្លាប់កាន់តែច្រើនឡើង។

សកម្មជនអភិរក្សសិត្វបាននិយាយថា សត្វឆ្កែភាគច្រើនត្រូវបានគេឆក់ ឬទាក់យកទៅសម្លាប់ដើម្បីយកសាច់លក់ បើទោះបីជាអ្នកបង្កាត់ពូជ និងឈ្មួញបានប្រកែកថាការសំលាប់ឆ្កែមិនប្រើវិធីកាចសាហាវក៏ដោយ។

ការគាំទ្រចំពោះការហាមប្រាមនេះបានកើនឡើងក្រោមការដឹកនាំដោយប្រធានាធិបតីលោក Yoon Suk Yeol ដែលជាអ្នកចូលចិត្តចិញ្ចឹមសត្វឆ្កែ និងឆ្មាអនាថាជាច្រើនជាមួយនឹងលោកជំទាវទីមួយលោកស្រី Kim Keon Hee ហើយក៏ជាអ្នករិះគន់ចំពោះការទទួលទានសាច់ឆ្កែនិងឆ្មាផងដែរ។

ច្បាប់នេះត្រូវបានស្នើឡើងដោយគណបក្សកាន់អំណាច សេចក្តីព្រាងច្បាប់នេះបានទទួលការយល់ព្រមពីគណៈកម្មាធិការកសិកម្មរបស់សភាកាលពីថ្ងៃចន្ទសម្រាប់ការបោះឆ្នោតនៅក្នុងសភាដែលមានសមាជិក ៣០០ នាក់។

ប្រសិនបើសភាអនុម័តរួចរាល់នោះ ច្បាប់នេះនឹងចូលជាធរមានបន្ទាប់ពីរយៈពេលសាកល្បងចំនួនបីឆ្នាំ។ ការរំលោភបំពានច្បាប់នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ចំនួន ៣ ឆ្នាំ ឬពិន័យជាប្រាក់ ៣០ លានវ៉ុនស្មើនឹង ២២,៩០០ ដុល្លារអាមេរិក ។

លោក Borami Seo នៃ Humane Society International Korea ដែលជាក្រុមអភិរក្សសត្វបាននិយាយថា “ច្បាប់នេះនឹងបង្ហាញពីការបញ្ចប់នៃការបង្កាត់ពូជ និងការសម្លាប់សត្វឆ្កែសម្រាប់ជាតម្រូវការរបស់មនុស្ស” ។ “យើងបានឈានដល់ចំណុចសំខាន់មួយ ដើម្បីជួយសង្គ្រោះសត្វឆ្កែរាប់លានក្បាលពីឧស្សាហកម្មដ៏ឃោរឃៅមួយនេះ”។ នៅក្នុងការស្ទង់មតិមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយ Animal Welfare Awareness, Research and Education ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានបង្ហាញថាជាង ៩៤ ភាគរយនៃអ្នកឆ្លើយតបបាននិយាយថាកាលពីឆ្នាំមុន ពួកគេមិនបានបរិភោគសាច់ឆ្កែទេ ហើយប្រហែល ៩៣ ភាគរយបាននិយាយថានាថ្ងៃអនាគតពួកគេនឹងមិនបរិភោគសាច់ឆ្កែទេ។

កិច្ចខិតខំប្រឹងប្រែងពីមុនដើម្បីហាមឃាត់សាច់ឆ្កែបានបរាជ័យនៅចំពោះមុខការតវ៉ារបស់ឧស្សាហកម្មបង្កាត់ពូជសត្វឆ្កែ ហើយច្បាប់នេះស្វែងរកការផ្តល់សំណងដើម្បីឲ្យអាជីវកម្មអាចផ្លាស់ទីចេញពីការជួញដូរ។

កាលពីខែវិច្ឆិកា ក្រុមអ្នកបង្កាត់ពូជសត្វឆ្កែសម្រាប់យកសាច់បរិភោគប្រហែល ២០០ នាក់បានប្រារព្ធពិធីជួបជុំមួយនៅជិតការិយាល័យប្រធានាធិបតីដោយទាមទារឲ្យលុបចោលច្បាប់នេះវិញ។

ក្រសួងកសិកម្មបានប៉ាន់ប្រមាណថាគិតមកត្រឹមខែមេសាឆ្នាំ ២០២២ កសិដ្ឋានប្រហែល ១,១០០ទីតាំង ជាកន្លែងបង្កាត់ពូជឆ្កែចំនួន ៥៧០,០០០ ក្បាលដើម្បីបម្រើនៅភោជនីយដ្ឋានប្រហែល ១,៦០០ ។

សមាគម Korean of Edible Dogs ដែលជាសម្ព័ន្ធអ្នកបង្កាត់ពូជ និងអ្នកលក់សាច់ឆ្កែបាននិយាយថា ការហាមឃាត់នេះនឹងប៉ះពាល់ដល់កសិដ្ឋានចំនួន ៣,៥០០ ដែលចិញ្ចឹមសត្វឆ្កែចំនួន ១,៥ លានក្បាល ព្រមទាំងភោជនីយដ្ឋានចំនួន ៣,០០០ ផងដែរ៕

ប្រភព៖ Reuters/rl