អន្តរជាតិ

យន្តហោះចម្បាំងអាមេរិកហោះក្នុងដែនអាកាសបូស្នៀព្រមានដល់ពួកបំបែកខ្លួនស៊ែប៊ី

ប្រែសម្រួល៖ រតនា

SARAJEVO៖ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុង Sarajevo បាននិយាយថាកាលពីថ្ងៃចន្ទ ទី ៨ មករា ថាយន្តហោះចម្បាំង F-16 ​របស់កងទ័ពអាកាសអាមេរិកពីរគ្រឿងបានហោះហើរក្នុងដែនអាកាសរបស់ប្រទេសបូស្នៀដើម្បីបង្ហាញការគាំទ្ររបស់ខ្លួនចំពោះកិច្ចការពារបូរណភាពទឹកដីរបស់រដ្ឋាភិបាលបូស្នៀប្រឆាំងនឹង “សកម្មភាពអបគមន៍” ដែលបង្កឡើងដោយជនជាតិស៊ែប ដែលផ្ទុយទៅនឹងកិច្ចព្រមព្រៀងសន្តិភាពដែលហៅកាត់ថា Dayton នៅឆ្នាំ ១៩៩០ ។

ស្ថានទូតអាមេរិកប្រចាំទីក្រុង Sarajevo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការហោះហើរលើទឹកដីបូស្នៀនេះគឺជាផ្នែកមួយនៃការហ្វឹកហ្វឺនរបស់ទ័ពអាកាសអាមេរិកជាមួយកងទ័ពថ្មើរជើងរបស់សមភាគីបូស្នៀដែលធ្វើឡើងរួមគ្នាជាមួយនិងកងកម្លាំងប្រដាប់អាវុធជាតិរបស់ប្រទេសបូស្នៀ នៅក្នុងតំបន់ភាគខាងជើងនៃប្រទេសបាល់កង់ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងដោយជនជាតិស៊ែប។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកបានផ្តោតទៅលើការបំបែកខ្លួនជាថ្មីដែលដឹកនាំដោយលោក Milorad Dodik ដែលជាអ្នកជាតិនិយមជ្រុល និងជាមេដឹកនាំដែលគាំទ្ររុស្ស៊ីនៅតំបន់ស៊ែបក្រោយសង្រ្គាមជាមួយបូស្នៀ ដោយបានអំពាវនាវជាយូរមកហើយឲ្យមានការបំបែកខ្លួន និងចូលរួមជាមួយសម្ព័ន្ធមិត្តស៊ែប៊ី។

“ការហ្វឹកហ្វឺនទ្វេភាគីនេះគឺជាគំរូនៃកិច្ចសហប្រតិបត្តិការយោធាកម្រិតខ្ពស់ដែលបានរួមចំណែកដល់ការថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់បាល់កង់ខាងលិច ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការធានាការពារបូរណភាពទឹកដីរបស់ប្រទេសបូស្នៀ (ហឺហ្សេហ្គោវីណា) ក្នុងការប្រឈមមុខនឹងការប្រឆាំងរបស់ក្រុមបំបែកខ្លួនស៊ែប៊ី។ សេចក្តីថ្លែងការណ៍បានផ្តោតទៅលើកិច្ចព្រមព្រៀងសន្តិភាព ហៅកាត់ថា Dayton និងសកម្មភាពអបគមន៍របស់ជនជាតិស៊ែប។

ក្រុងវ៉ាស៊ីនតោនបានគាំទ្រកិច្ចព្រមព្រៀង Dayton ដែលបានបញ្ចប់សង្គ្រាមបូស្នៀកាលពីឆ្នាំ ១៩៩២-៩៥ ដែលក្នុងនោះមានមនុស្សប្រហែល ១០០,០០០ នាក់ត្រូវបានសម្លាប់ និងពីរលាននាក់បានផ្លាស់ទីលំនៅ។ សន្ធិសញ្ញាបានបែងចែកបូស្នៀចេញពីសាធារណរដ្ឋស៊ែប (RS) និងសហព័ន្ធមួយដែលបែងចែកដោយ Croats និង Bosniaks ដោយមានបង្កើតរដ្ឋាភិបាលកណ្តាលមួយដែលខ្សោយការគ្រប់គ្រង។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតបានបន្ថែមថា “សហរដ្ឋអាមេរិកបានគូសបញ្ជាក់ថារដ្ឋធម្មនុញ្ញបូស្នៀ-ហឺហ្សេហ្គោវីណាមិនផ្តល់សិទ្ធិធ្វើអបគមន៍ទេ ហើយអាមេរិកនឹងចាត់វិធានការអន្តរាគមន៏ប្រសិនបើអ្នកណាម្នាក់ព្យាយាមផ្លាស់ប្តូរធាតុជាមូលដ្ឋាននៃកិច្ចព្រមព្រៀង Dayton” ។

នៅល្ងាចថ្ងៃចន្ទ ជនជាតិបូស្នៀ ស៊ែប៊ីនឹងចាប់ផ្តើមប្រារព្ធទិវាបង្កើតរដ្ឋដែលប្រកាសដោយខ្លួនឯង ដែលត្រូវបានហាមឃាត់ថាជាការរើសអើងប្រឆាំងនឹងអ្នកមិនមែនជាជនជាតិស៊ែបដោយតុលាការធម្មនុញ្ញរបស់ប្រទេសបូស្នៀ។ ក្បួនដង្ហែរបស់ប៉ូលិស និងកងកម្លាំងពិសេស នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារ។

លោក Dodik ត្រូវបានប្រឈមមុខនឹងការចោទប្រកាន់របស់តុលាការរដ្ឋ Sarajevo ចំពោះការចុះហត្ថលេខាលើច្បាប់ RS ដែលផ្អាកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ និងប្រេសិតអន្តរជាតិដែលត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង Dayton ។

ការកាត់ក្តីលោក Dodik ពីបទប្រឆាំងនឹងសេចក្តីសម្រេចរបស់ប្រេសិតរក្សាសន្តិភាពគួរតែត្រូវចាប់ផ្តើមធ្វើនៅថ្ងៃទី ២០ ខែធ្នូ ក៏ប៉ុន្តែត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី ២០ ខែមករា ជុំវិញបញ្ហានីតិវិធីដែលលើកឡើងដោយក្រុមអ្នកច្បាប់របស់គាត់។លោក Dodik បានបដិសេធមិនធ្វើការស្នើសុំលើកលែងទោសនោះទេ៕

ប្រភព៖ Reuters/ec