អន្តរជាតិ

មេដឹកនាំហុងកុងព្រមានដល់ក្រុមហ៊ុនអាកាសចរណ៏Cathay Pacificឲ្យដោះស្រាយការកាត់បន្ថយជើងហោះហើរ

ប្រែសម្រួល៖ រតនា

ហុងកុង៖ មេដឹកនាំក្រុងហុងកុងបាននិយាយថា ផែនការក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways របស់ហុងកុងក្នុងការកាត់បន្ថយជើងហោះហើរនៅក្នុងអំឡុងចូលឆ្នាំចិនដ៏មមាញឹកបានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះចាំបាច់ត្រូវតែដោះស្រាយលើបញ្ហាអសមត្ថភាពរបស់ខ្លួន   ខណៈដែលសហជីពអាកាសយានិករបស់ខ្លួនបានអំពាវនាវឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតក្នុងបញ្ហានេះ ។

ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានថ្លែងកាលពីថ្ងៃអាទិត្យ ទី៧ មករា ថាខ្លួននឹងកាត់បន្ថយជើងហោះហើររាប់សិបក្នុងមួយថ្ងៃៗជាមធ្យមរហូតដល់ចុងខែកុម្ភៈ ដោយសាការអូសបន្លាយប្រតិបត្តិការរបស់ខ្លួន។

លោក John Lee បាននិយាយថា រដ្ឋាភិបាលហុងកុង “មានកង្វល់យ៉ាងខ្លាំង” ចំពោះស្ថានភាពនេះ ហើយបានទាក់ទងមកអ្នកគ្រប់គ្រងក្រុមហ៊ុន Cathay Pacific Airways ដើម្បីដាក់សម្ពាធលើក្រុមហ៊ុននេះឲ្យធ្វើការធានាថាអ្នកដំណើររងនូវផលប៉ះពាល់តិចតួចបំផុត។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “Cathay Pacific Airways ត្រូវប្រឈមមុខនឹងបញ្ហាទាំងនេះដោយជៀសមិនរួចនោះទេ” លោកបន្ថែមថាហុងកុងត្រូវការកសាងឡើងវិញនូវសមត្ថភាពអាកាសចរណ៍របស់ខ្លួនឲ្យបានឆាប់រហ័ស។

Cathay Pacific Airways ដែលបាននិយាយកាលពីខែវិច្ឆិកាថា ខ្លួនមានបំណងជ្រើសរើសបុគ្គលិកចំនួន ៥,០០០ នាក់បន្ថែមទៀតនៅក្នុងកំឡុងឆ្នាំ ២០២៤ ក្រោយមានការកាត់បន្ថយចំនួនបុគ្គលិកយ៉ាងច្រើននៅក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត COVID-19 និងបានផ្លាស់ប្តូរលក្ខខណ្ឌកិច្ចសន្យាការងាររបស់បុគ្គលិកថែមទៀតផង។

សមាគមមន្ត្រីអាកាសយានិកហុងកុង ដែលតំណាងឲ្យអ្នកបើកយន្តហោះមួយចំនួនរបស់ខ្លួន បាននិយាយថា គេត្រូវការធ្វើការពិនិត្យឡើងវិញគឺចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញហើយ Cathay Pacific Airways “ត្រូវពិនិត្យឡើងវិញលើការសម្រេចចិត្តរបស់អ្នកគ្រប់គ្រងនៅក្នុងឆ្នាំ ២០២០”។

ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា “វិធានការទាំងនេះបាននាំឲ្យមានការលុបចោលជើងហោះហើរដោយសារតែមានការការខ្វះខាតបុគ្គលិកនាំឲ្យខូចឈ្មោះក្រុងហុងកុងដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក” ។

ក្រុមសមាជិកសហជីពអាកាសយានិកហុងកុងបាននិយាយកាលពីខែមុនយ៉ាងដូច្នេះ៕

ប្រភព៖ Reuters/lk