អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្តេជ្ញាថានឹងបោសសម្អាតអំពើពុករលួយឲ្យអស់

ប្រែសម្រួល៖ ស.សម្បត្តិ

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានប្រកាសអំពីការប្តេជ្ញាចិត្តរបស់ ប្រធានាធិបតីចិន លោក ស៊ី ជីនពីងក្នុងការបង្កើនយុទ្ធនាការបោសសម្អាតអំពើពុករលួយលើវិស័យសំខាន់ៗ រួមមានយោធា ហិរញ្ញវត្ថុ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចាប់តាំងពីបានចូលកាន់អំណាចក្នុងអាណត្តិទសវត្សរ៍ទីពីរ របស់គាត់ដែលក្នុងនាមជាមេដឹកនាំកំពូលរបស់ចិននោះ លោក ស៊ី បានបើកយុទ្ធនាការដ៏ខ្លាំងក្លាប្រឆាំងនឹងអំពើពុករលួយចាប់តាំងពីឆ្នាំ ២០២២ ដែលជាផ្នែកមួយក្នុងការអនុវត្តគោលននយោបាយសម្រាប់រយ:ពេលដ៏យូរអង្វែង។

អ្នក​គាំទ្រគោលនយោបាយប្រឆាំងអំពើពុករលួយបាន​និយាយ​ថា យុទ្ធនាការប្រឆាំងអំពើពុករលួយ​គឺជាការលើក​កម្ពស់​អភិបាលកិច្ច​ល្អ បើ​ទោះ​បី​ជា​អ្នក​រិះគន់​និយាយា​ថា វា​ជា​ឧបករណ៏​សម្រាប់​លោក ស៊ីប្រើប្រាស់ក្នុង​ការ​បោសសម្អាត​អ្នក​ប្រឆាំងនឹង​នយោបាយរបស់លោកក៏ដោយ។

នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់បក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាចនោះ លោកស៊ី  បានបញ្ជាឲ្យ “មានការខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាបន្ថែមទៀត” ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងវិស័យ “យោធា ហិរញ្ញវត្ថុ សហគ្រាសរដ្ឋ ថាមពល ឱសថ និងហេដ្ឋារចនាសម្ព័ន្ធ” ។ .

លោក ស៊ី បាននិយាយថា “ជ័យជម្នះដ៏លើសលប់មួយត្រូវបានសម្រេចនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលកំពុងកើតឡើងលើគ្រប់វិស័យដោយខិតខំលាក់បាំងពីការតាមដាននិងស៊ើបអង្កេត” នៅក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ នេះបើយោងតាមសេចក្តីរាយការណ៏របស់សារព័ត៌មាន Xinhua ។ លោក ស៊ី បានព្រមានថា “ស្ថានភាពនៅតែធ្ងន់ធ្ងរ និងស្មុគស្មាញ”។

លោក ស៊ី ​បាន​មាន​ប្រសាសន៍​ថា “យើង​គួរ​តែ​យល់​ដឹង​ឲ្យបាន​ច្បាស់លាស់​អំពី​ការ​អភិវឌ្ឍ​ថ្មីមួយនៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយដែលមាន​បណ្តាញមូលដ្ឋានចាក់ស្រេះ​បង្កើតជាខ្សែរយ:បន្តគ្នាក្នុងលក្ខខណ្ឌ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​”។

យោងតាមតួលេខផ្លូវការចុងក្រោយបង្អស់នៅក្នុងខែមិថុនា ឆ្នាំ ២០២២ មានមន្ត្រីក្នុងជួរគណបក្សប្រហែល ៤.៨ លាននាក់ក្នុងប្រទេសចិនត្រូវបានតាមដាននិងស៊ើបអង្កេតចាប់តាំងពីឆ្នាំ ២០១២មក ។

ហើយនៅក្នុង​ចំណោមមន្ត្រីទាំង​នោះ មាន​ជាង ១,៥ លាន​នាក់​ត្រូវ​បាន​កាត់​ទោស​ដោយរាប់​ចាប់​ពី​ការ​កាត់​ទោស​ដាក់​ពន្ធនាគារ​ក្នុងរយ:ពេលយូរ​រហូត​ដល់​ការ​បណ្តេញ​ចេញ​ពី​មុខ​តំណែង​ជា​ផ្លូវការ ការ​ដក​តំណែង និង​ការ​បណ្ដេញ​ចេញ​ពី​គណបក្សជាដើម។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ យុទ្ធនាការបង្ក្រាប​អំពើ​ពុក​រលួយនេះបានរីករាលដាលលើគ្រប់វិស័យរួមមាន យោធា ធនាគារ ធានារ៉ាប់រង អាជីវកម្មដែលគាំទ្រដោយរដ្ឋ និងកីឡា។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃចន្ទថា អតីតនាយកប្រតិបត្តិកំពូលនៅក្នុងក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋម្នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យថាបានទទួលសំណូក។

ហើយនៅថ្ងៃដដែលនោះ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយបានប្រកាសពីការស៊ើបអង្កេតលើអតីតប្រធានការិយាល័យប្រតិបត្តិការសេដ្ឋកិច្ចផ្នែកផលិតផ្តាច់មុខថ្នាំជក់របស់រដ្ឋផងដែរ៕

ប្រភព៖ AFP/rl