សន្ដិសុខសង្គម

បង្ក្រាបបទល្មើសនេសាទសាច់មងក្រឡាល្អិតក្នុងដែនអភិរក្សអតីតឡូតិ៍លេខ ២ ដកហូតវត្ថុតាងជាច្រើនបំផ្លាញចោល

បាត់ដំបង: សមត្ថកិច្ចចម្រុះឆ្មក់បង្ក្រាបបទល្មើសនេសាទសាច់មងក្រឡាល្អិតក្នុងដែនអភិរក្សអតីតឡូតិ៍លេខ ២ ដកហូតបានវត្ថុតាងជាច្រើនដុតបំផ្លាញចោល។

នគរបាលការិយាល័យជំនាញនៃស្នងការខេត្តបាត់ដំបងបានឲ្យដឹងថា÷ កម្លាំងចម្រុះច្រើនអង្គភាពរួមមាន: កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្រុមអន្តរាគមន៍បង្ការបង្ក្រាបខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងយោធភូមិភាគ៥ កម្លាំងសឹករងខេត្ត កម្លាំងស៊ើបការមណ្ឌល ៥ មន្ត្រីបរិស្ថាន មន្ត្រីជលផល អាជ្ញាធរស្រុកឯកភ្នំ រួមទាំងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជាច្រើននាក់ផងដែរ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤នេះបានសហការគ្នាចុះឆ្មក់បង្ក្រាបបទល្មើសនេសាទចំនួន ៥ករណីឋិតនៅត្រង់ចំណុចព្រែកស្ពត, ចំណុចកោះចេះ, កោះត្រស, កោះក្រង, និងចំណុចកោះអ្នកតា ជាអតីតឡូត៍នេសាទលេខ២ ក្មុងតំបន់រ៉ាមសារព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ ដំបង។

យុទ្ធនាការទប់ស្កាត់របៀបភ្លៀងរលឹមនេះកម្លាំងចម្រុះបង្ក្រាបរឹបអូសបានវត្ថុតាងជាច្រើនរួមមាន: សាច់មងក្រឡាល្អិតប្រវែង ៤ ២០០ម៉ែត្រ, ឡុកសម្រាប់ត្រីចំនួន ១២ឡុក, បង្គោលឈើសម្រាប់ចងភ្ជាប់សាច់មងចំនួន ១ ៨០០ដើម និងបានលែងកូនត្រីពូជជាច្រើនប្រភេទចូលក្នុងបឹងទន្លេសាបវិញចំនួន ៥០គីឡូក្រាម។

រាល់វត្ថុតាងទាំងអស់ដែលបានដកហូតត្រូវបានកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង រីឯជនល្មើសបានរត់គេចខ្លួនសមត្ថកិច្ចនឹងបន្តស្រាវជ្រាវស្វែងរកដើម្បីមកទទួលខុសត្រូវតាមផ្លូវច្បាប់៕