ព័ត៌មានជាតិ

ត្រឹមដើមខែមករាឆ្នាំ២០២៤ក្រៀលជិត៣០ក្បាលបានមកស្នាក់និងរកចំណីនៅតំបន់បឹងធម្មជាតិអន្លង់ព្រីង

ដោយ៖ កំចាយ

កំពត: នាដើមខែមករា ឆ្នាំ២០២៤ នៅតំបន់ការពារទេសភាពអន្លង់ព្រីងមានសត្វក្រៀលចំនួន២៦ក្បាលបានចុះមកស្នាក់ដើម្បីសកវែងរកចំណី។ មន្ត្រីជំនាញរំពឹងថាសម្រាប់ឆ្នាំ២០២៤ បរិមាណនឹងកើនលើសឆ្នាំកន្លងទៅ ព្រោះក្នុងចំណោមសត្វក្រៀលដែលចាប់ផ្តើមមកនៅដើមរដូវនេះគឺស្ថិតក្នុងវ័យជំទងរហូតដល់៨ក្បាល។

លោក ឈឹម ម៉េង នាយកតំបន់ការពារទេសភាពអន្លង់ព្រីងបានប្រាប់ឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែមករានេះ សត្វក្រៀលវត្តមាននៅបឹងធម្មជាតិអន្លង់ព្រីងមានចំនួន២៦ក្បាល។ លោកសង្ឃឹមថារដូវកាលស្នាក់នៅរបស់សត្វក្រៀលឆ្នាំ២០២៤ដើម្បីរកចំណីនៅបឹងអន្លង់ព្រីងនឹងកើនឡើងជាងឆ្នាំមុន ព្រោះក្នុងចំណោមក្រៀលដែលចុះមកនៅដើមរដូវនេះមានក្រៀលវ័យជំទង់រហូតដល់៨ក្បាល។

ជាធម្មតា ក្រៀលតែងមកដល់បឹងអន្លង់ព្រីងនៅចុងខែធ្នូ រួចធ្វើបន្លាស់ទីទៅខេត្តឧត្តរមានជ័យ រួចបន្តដំណើរទៅពួនសម្ងំពងកូនក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ វត្តមានក្រៀលនៅបឹងធម្មជាតិអន្លង់ព្រីងមានចំនួន៩៧ក្បាល ខណ:ដែលឆ្នាំ២០២៣ មានចំនួន១០៣ក្បាល៕