សន្ដិសុខសង្គម

ចាប់បញ្ជូនជនជាតិចិនម្នាក់ទៅតុលាការ ពាក់ព័ន្ធកាន់កាប់អាវុធខុសច្បាប់

ដោយ៖សហការី

ព្រះសីហនុ៖ ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិន ម្នាក់ និងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងតាមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កម្លាំងជំនាញ ដកហូតយកវត្ថុតាងរួមមាន៖ អាវុធខ្លីចំនួន ០១ ដើម,កាំភ្លើងវែង  ០១ ដើម ម៉ាក BLOW , បង់កាំភ្លើង ចំនួន ០៥ , កាណុងកាំភ្លើង ចំនួន ០១,គ្រាប់កាំភ្លើង ចំនួន ៦៥គ្រាប់,

ទូរសព្ទដៃ ចំនួន ០៦គ្រឿង, លិខិតឆ្លងដែន ចំនួន ០២ក្បាល, សៀវភៅការងារជនបរទេស ចំនួន ០២ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ជាតិចិន ចំនួន ០៣ ក្បាល, លោហៈធាតុពណ៌ស ត្បូងពណ៌សចំនួន ០១ វង់, កុំព្យូទ័រ ម៉ាក Lenovo ចំនួន ០១ គ្រឿង,ថ្នាំក្នុងកំប៉ុងពណ៌ស ចំនួន ០៥ កំប៉ុង (៥០០គ្រាប់), រថយន្ត ០១ គ្រឿង ម៉ាក HONG QI ស្លាកលេខ ភ្នំពេញ 2BW-6836និង សម្ភារប្រើប្រាស់មួយចំនួន។

សូមបញ្ជាក់ផងដែរថាករណីចុះបង្ក្រាប មុខសញ្ញាប្រើប្រាស់ខុសច្បាប់នេះសមត្ថកិច្ចបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី 5 មករាឆ្នាំ 2024 ត្រង់ចំណុច ភូមិ 6 សង្កាត់ 4 ក្រុងនិងខេត្តព្រះសីហនុ៕