អន្តរជាតិ

អ្នកស៊ើបអង្កេតរកឃើញផ្នែកសំខាន់ដែលបាត់ពីយន្តហោះពេលកំពុងដឹកអ្នកដំណើរលើអាកាស

ប្រែសម្រួល៖ ស.សម្បត្តិ

កាលពីយប់ថ្ងៃអាទិត្យទី៧ មករាក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនអាមេរិកហៅថា NTSB បានប្រកាសថា “គម្របទ្វារយន្តហោះត្រូវបានរហែកបាត់គឺជាសមាសធាតុសំខាន់” របស់យន្តហោះ Boeing 737 MAX 9 ដែលត្រូវបង្ខំឲ្យចុះចតជាបន្ទាន់។

គម្របបន្ទះទ្វារយន្តហោះរបស់អាកាសចរណ៍អាឡាស្កាដែលរហែកបាត់ត្រូវបានគេប្រទះឃើញនៅលើទីធ្លាមួយកន្លែងខាងក្រោយផ្ទះរបស់អ្នកស្រុកនៅឯជាយក្រុង។

កាលពីថ្ងៃសុក្រទ្វារយន្តហោះ Alaska Airlines ត្រូវបានរហែកនៅផ្នែកខាងឆ្វេងនៃតួយន្តហោះបន្ទាប់ពីបានហោះចេញពីទីក្រុង Portland រដ្ឋ Oregon ហើយធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Ontario រដ្ឋកាលីហ្វ័រញ៉ា ដែលបានធ្វើឲ្យនាវឹកនៅលើយន្តហោះមានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់មកក៏បង្ខំចិត្តវិលត្រឡប់មកចុះចតដោយសុវត្ថិភាពជាមួយនឹងអ្នកដំណើរទាំងអស់ចំនួន ១៧១ នាក់ និងក្រុមនាវិក ៦ នាក់នៅលើយន្តហោះ។

កាលពីថ្ងៃសៅរ៍រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA បានបញ្ជាឲ្យយន្តហោះ Boeing MAX 9 ជាមួយនឹងអ្នកដំណើរចំនួន ១៧១ នាក់ចុះចតជាបណ្តោះអាសន្នដោយសារបន្ទះគម្របលើទ្វារយន្តហោះដែលមានទម្ងន់ប្រហែល ២៧ គីឡូក្រាមត្រូវបានរហែកចេញ។

ប្រធាន NTSB អ្នកស្រីJennifer Homendy បាននិយាយថា គម្របទ្វារយន្តហោះដែលបានរហែកបាត់ត្រូវបានគេប្រទះឃើញកាលពីថ្ងៃអាទិត្យដោយគ្រូបង្រៀនសាលា Portland ដែលគេស្គាល់ថាលោក “Bob” នៅក្នុងសង្កាត់ Cedar Hills ដែលជាអ្នកបានរកឃើញវានៅក្នុងសួនក្រោយផ្ទះរបស់គាត់។

ប្រធាន NTSB អ្នកស្រី Jennifer Homendy បាននិយាយថាគាត់ “មានអារម្មណ៏ធូរស្រាលបន្តិច” ដោយសារតែវាត្រូវបានគេរកឃើញមកវិញ។

នៅមុននេះគាត់បានប្រាប់អ្នកសារព័ត៌មានថា បំណែកគម្របទ្វារយន្តហោះគឺជា “សមាសធាតុសំខាន់ដែលបាត់” ។

“ក្រុមអ្នឯកទេសរបស់យើងនឹងពិនិត្យមើលនូវអ្វីៗទាំងអស់នៅលើទ្វារដែលជាសមាសធាតុគ្រប់គ្រងការបញ្ជានៅលើទ្វារដើម្បីពិនិត្យមើលលើសក្ខីកម្មស្លាកសញ្ញានិងផ្ទៀងផ្ទាត់វាជាមួយនិងទឹកថ្នាំលាបលើទ្វារមានរូបរាងបែបណានៅពេលដែលរកឃើញមកវិញនោះ។ អ្នកស្រីបាននិយាយយ៉ាងដូច្នេះ។

អ្នកស្រី Homendy បាននិយាយថា កម្លាំងខ្សល់បោកបក់នៅពេលដែលបាត់បង់គម្របទ្វារគឺខ្លាំងគ្រប់គ្រាន់ដើម្បីបំប៉ើងទ្វារកាប៊ីនយន្ដហោះនៅក្នុងពេលហោះហើរ។ Homendy ដដែលបានបន្តថា វាជា “ព្រឹត្តិការណ៍ដ៏គួរឲ្យភ័យខ្លាច” ប្រសិនបើអ្នកបានជួបហេតុការណ៏បែបនេះ។

អ្នកស្រី  Homendy បាននិយាយអំពីអ្នកបើកយន្តហោះ ដែលត្រូវបានសម្ភាសន៍ដោយអ្នកស៊ើបអង្កេតថា៖ “ពួកគេបានឮសំឡេងផ្ទុះមួយយ៉ាងខ្លាំង”។

គាត់បាននិយាយថា កម្រាលនៅកន្លែងត្រួតពិនិត្យបានប៉ើងចេញពីទ្វារ ខណៈដែលក្រុមនាវិកបានជ្រុះបាត់កាសស្តាប់ពីត្រជៀកធ្វើឲ្យបាត់”ទំនាក់ទំនងដែលជាបញ្ហាធ្ងន់ធ្ងរហើយក៏មានភាពច្របូកច្របល់វឹកវរនៅក្នុងយន្តហោះ”។

អ្នកស្រី  Homendy បាននិយាយថា ឧបករណ៍ថតសំឡេងក្នុងកាប៊ីនយន្ដហោះ មិនបានចាប់យកទិន្នន័យណាមួយបានទេហើយបានអំពាវនាវដល់និយតករឲ្យបំពាក់ឧបករណ៍ថតសំឡេងដែលចាប់យកទិន្នន័យ ២៤ ម៉ោង។

  • បញ្ហាសម្ពាធ

អ្នកស្រី   Homendy បាននិយាយថា ភ្លើងដែលផ្តល់សញ្ញាព្រមានដោយស្វ័យប្រវត្តិអំពីសម្ពាធបានលេចឡើងនៅលើយន្តហោះដូចគ្នារនឹងនៅលើយន្តហោះ Alaska Airlines កាលពីថ្ងៃទី ៧ ខែធ្នូ និងថ្ងៃទី ៣ ខែមករា និងថ្ងៃទី ៤ ខែមករា ប៉ុន្តែវាមិនដឹងច្បាស់ថាតើវាមានទំនាក់ទំនងណាមួយជាមួយនឹងឧប្បត្តិហេតុទាំងនោះថាតើវាជាការផ្តល់សញ្ញាថាមានគ្រោះថ្នាក់ឬយ៉ាងណា។

អ្នកស្រី  Homendy បានបន្តថា ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានធ្វើការសម្រេចចិត្តមួយបន្ទាប់ពីការព្រមានលើការដាក់កម្រិតយន្តហោះមិនឲ្យហោះហើរក្នុងរយៈពេលយូរទៅកាន់កោះ Hawaii ដើម្បីវាអាចត្រឡប់ទៅកាន់ព្រលានយន្តហោះបានយ៉ាងឆាប់រហ័សប្រសិនបើចាំបាច់។

ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុង Seattle បាននិយាយនៅមុននេះក្នុងការឆ្លើយតបទៅនឹងសំណួរអំពីភ្លើងសញ្ញាព្រមានថា ការបង្ហាញប្រព័ន្ធសម្ពាធលើយន្តហោះគឺជារឿងធម្មតានៅក្នុងប្រតិបត្តិការអាកាសចរណ៍ស៊ីវិលដោយប្រើយន្តហោះធំៗ។

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា “ក្នុងគ្រប់ករណីទាំងអស់ ការបង្ហាញអក្សរណែនាំត្រូវបានវាយតម្លៃ និងដោះស្រាយយ៉ាងពេញលេញក្នុងនីតិវិធីថែទាំដែលត្រូវបានអនុម័ត និងអនុលោមតាមបទប្បញ្ញត្តិរបស់ FAA ទាំងអស់”។

ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានបន្ថែមថា ខ្លួនមានគោលនយោបាយផ្ទៃក្នុងដើម្បីដាក់កម្រិតលើយន្តហោះជាមួយនឹងអក្សរណែនាំសម្រាប់ការថែទាំប្រព័ន្ធមួយចំនួនសម្រាប់ការហោះហើររយៈពេលយូរឆ្លងមហាសមុទ្រដែលមិនត្រូវបានកំណត់ដោយ FAA ។

  • យន្តហោះនៅលើដី

FAA បាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះដែលរងផលប៉ះពាល់ដូចជាយន្តហោះ Boeing MAX 9 រួមទាំងប្រតិបត្តិករនៃក្រុមហ៊ុនអាកាសចរណ៍ដឹកជញ្ជូនផ្សេងទៀតរួមទាំងក្រុមហ៊ុន United Airlines នឹងបន្តផ្អាករហូតដល់និយតករវាយតម្លៃថាមានសុវត្ថិភាព។

FAA បាននិយាយដំបូងកាលពីថ្ងៃសៅរ៍ថា ការត្រួតពិនិត្យដែលត្រូវការចំណាយពេលត្រឹមតែពី ៤ ទៅ ៨ ម៉ោង ដែលនាំឲ្យមនុស្សជាច្រើននៅក្នុងឧស្សាហកម្មនេះសន្មត់ថាយន្តហោះអាចត្រឡប់មកបម្រើសេវាវិញបានយ៉ាងឆាប់រហ័ស។

ប៉ុន្តែលក្ខណៈវិនិច្ឆ័យសម្រាប់ការត្រួតពិនិត្យនៅមិនទាន់ត្រូវបានឯកភាពគ្នារវាង FAA និង Boeing មានន័យថាក្រុមហ៊ុនអាកាសចរណ៍នៅមិនទាន់ទទួលបានការណែនាំលម្អិតនៅឡើយទេ។

FAA ត្រូវការអនុម័តលក្ខណៈវិនិច្ឆ័យត្រួតពិនិត្យរបស់ក្រុមហ៊ុន Boeing នៅមុនពេលមានការត្រួតពិនិត្យបានបញ្ចប់ ហើយយន្តហោះអាចបន្តការហោះហើរឡើងវិញបានដោយសុវត្ថិភាព។ ក្រុមហ៊ុនអាកាសចរណ៍ អាឡាស្កាបាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថាខ្លួននៅតែមិនទាន់ទទួលបានការណែនាំពីក្រុមហ៊ុន Boeing នៅឡើយទេ។

ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានលុបចោលជើងហោះហើរចំនួន ១៧០ កាលពីថ្ងៃអាទិត្យ និង ៦០ ទៀតនៅថ្ងៃចន្ទ ហើយបាននិយាយថាការរំខានក្នុងការធ្វើដំណើរដោយសារមានការផ្អាកជើងហោះហើរត្រូវបានគេរំពឹងថានឹងមានរយៈពេលយ៉ាងហោចណាស់ជាពាក់កណ្តាលសប្តាហ៍។ក្រុមហ៊ុនអាកាសចរណ៍ United ដែលបានផ្អាកជើងហោះហើរ 79 MAX 9 របស់ខ្លួនបានលុបចោលជើងហោះហើរចំនួន ២៣០ កាលពីថ្ងៃអាទិត្យ ឬ ៨ ភាគរយនៃការចេញដំណើរដែលបានគ្រោងទុក។

ឧបទ្ទវហេតុនេះបានធ្វើឲ្យក្រុមហ៊ុន Boeing ស្ថិតនៅក្រោមការត្រួតពិនិត្យឡើងវិញ ខណៈដែលវាកំពុងរង់ចាំការបញ្ជាក់អំពីយន្តហោះ MAX 7 ដែលតូចជាង ក៏ដូចជា MAX 10 ដែលធំជាង ក្នុងការប្រកួតប្រជែងជាមួយនឹងម៉ូដែល Airbus។

នៅក្នុងឆ្នាំ ២០១៩ អាជ្ញាធរសកលបានដាក់យន្តហោះ MAX ទាំងអស់ឲ្យផ្អាកការហោះហើរសម្រាប់រយៈពេល ២០ ខែបន្ទាប់ពីមានការធ្លាក់យន្តហោះនៅក្នុងប្រទេសអេត្យូពី និងឥណ្ឌូណេស៊ីដែលទាក់ទងទៅនឹងកម្មវិធីកាប៊ីនយន្ដហោះដែលរចនាឡើងមិនត្រឹមត្រូវតាមបច្ចេកទេសហើយបានសម្លាប់មនុស្សសរុបចំនួន ៣៤៦ នាក់។

ប្រភព៖ Reuters/lk