អន្តរជាតិ

អ្នកកាសែតប៉ាឡេស្ទីនពីរនាក់នៅហ្គាហ្សាត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល

ប្រែសម្រួល៖ រតនា

ក្រុងគែរៈ៖កាល​ពី​ថ្ងៃ​អាទិត្យ​ទី ៧ មករា​កងទ័ពអ៊ីស្រាអែលបាន​វាយ​ប្រហារ​តាម​អាកាស​​លើ​រថយន្ត​មួយគ្រឿងដែលកំពុងតែធ្វើដំណើរ​នៅ​ក្បែរ​ក្រុង Rafah ​ភាគ​ខាង​ត្បូងនៃ​តំបន់​ហ្គាហ្សាបណ្តាលឲ្យ​អ្នក​សារព័ត៌មាន​ប៉ាឡេស្ទីន​ពីរ​នាក់ស្លាប់នៅនឹងកន្លែងខណ:​ដែលពួកគេ​កំពុង​ចុះយកព័ត៌មាន។

​អ្នក​សារព័ត៌មាន​ប៉ាឡេស្ទីនទាំង​ពីរ​នាក់នោះមានឈ្មោះថា Hamza Al-Dahdouh និង Mustafa Thuraya គឺជាអ្នកសារព័ត៌មានឯករាជ្យ។ Al-Dahdouh បានធ្វើការជាអ្នកសារព័ត៌មានឯករាជ្យឲ្យទូរទស្ស Al Jazeera និងជាកូនប្រុសរបស់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ស្ថានីយទូរទស្សន៍ដែលមានមូលដ្ឋាននៅប្រទេសកាតាក្នុងទីក្រុង Gaza, Wael Al-Dahdouh ។ អ្នកសារព័ត៌មានឯករាជ្យម្នាក់ទៀតដែលជាជនរងគ្រោះទីបីមានឈ្មោះថា Hazem Rajab ត្រូវបានរងរបួសផងដែរ។

បណ្តាញសារព័ត៌មានរបស់ទូរទស្ស Al Jazeera បានធ្វើការថ្កោលទោសចំពោះការស្លាប់អ្នក​សារព័ត៌មាន​ប៉ាឡេស្ទីនពីរនាក់នោះដោយបានចោទប្រកាន់ថាជាការវាយប្រហារដោយចេតនារបស់កងទ័ពអ៊ីស្រាអែល។

បណ្តាញសារព័ត៌មានរបស់ទូរទស្ស Al Jazeera នេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៏ថា “យើងស្នើឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ រដ្ឋាភិបាលនៃបណ្តាប្រទេសដែលពាក់ព័ន្ធ អង្គការសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិ ឲ្យអ៊ីស្រាអែលចេញមកទទួលខុសត្រូវលើអំពើឧក្រិដ្ឋកម្មដ៏សាហាវរបស់ខ្លួនដោយទាមទារឲ្យអ៊ីស្រាអែលបញ្ចប់ការសម្លាប់អ្នកសារព័ត៌មាន” ។

យោធាអ៊ីស្រាអែលនៅមិនទាន់បានធ្វើការឆ្លើយតបភ្លាមៗចំពោះសំណើសុំការធ្វើអត្ថាធិប្បាយលើការចោទប្រកាន់របស់បណ្តាញទូរទស្សន៍ស Al Jazeera អំពីការស្លាប់អ្នកសារព័ត៌ទាំងពីរនាក់នោះថាត្រូវបានយោធាអ៊ីស្រាអែលកំណត់គោលដៅវាយប្រហារដោយចេតនានោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១៦ ខែធ្នូ ដែលជាការឆ្លើយតបទៅនឹងការស្លាប់របស់អ្នកកាសែត Al Jazeera ម្នាក់ផ្សេងទៀតនៅហ្គាហ្សា កងទ័ពអ៊ីស្រាអែលបាននិយាយថា “IDF មិនដែលមានចេតនាកំណត់គោលដៅលើអ្នកកាសែតឡើយ” ។

សង្គ្រាម​រវាងអ៊ីស្រាអែល​និង​ហាម៉ាស់​ដែល​បាន​ចាប់​ផ្តើមកាល​ពី​ថ្ងៃ​ទី​៧​តុលា​បាន​សម្លាប់​អ្នកយកព័ត៌មានអស់ជាច្រើមនាក់។ គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) ដែលជាអ្នកឃ្លាំមើលលំដាប់អន្តរជាតិបានថ្លែងថា គិតមកត្រឹមថ្ងៃសៅរ៍នេះ អ្នកសារព័ត៌មានចំនួន ៧៧ នាក់ហើយដែលត្រូវបានសម្លាប់ដែលក្នុងនោះមានអ្នកសារព័ត៌មានជនជាតិប៉ាឡេស្ទីនចំនួន ៧០ នាក់ អ៊ីស្រាអែល ៤ នាក់ និងលីបង់ ៣ នាក់ផងដែរ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថាការស្លាប់ថ្មីចំនួនពីរបានបង្កើនចំនួនអ្នកសារព័ត៌មានដែលបានស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលឡើងដល់ ១០៩នាក់ហើយ។

មានរូបភាពវីដេអូមួយត្រូវបានគេបង្ហោះលើបណ្តាញ YouTube ដែលតភ្ជាប់ពីបណ្តាញទូរទស្ស Al Jazeera បានបង្ហាញថា Wael Al-Dahdouh យំនៅក្បែរសាកសពកូនប្រុសរបស់គាត់ ហើយកាន់ដៃសពកូនរបស់គាត់។ ក្រោយមក បន្ទាប់ពីការបញ្ចុះសពកូនប្រុសរបស់គាត់រួចរាល់ហើយ គាត់ក៏បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា អ្នកសារព័ត៌មាននៅហ្គាហ្សានឹងតស៊ូធ្វើការងាររបស់ខ្លួនបន្តទៀត។ លោក​បាន​អំពាវនាវឲ្យពិភពលោក​​មើលឲ្យ​ឃើញ​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ទី​នេះ”។

តាមរយ:ការអំពាវនាវលើបណ្តាញទូរទស្ស Al Jazeera ធ្វើឲ្យអ្នកទស្សនានៅទូទាំងតំបន់មជ្ឈឹមបូព៌ាបានស្គាល់លោក Wael Al-Dahdouh យ៉ាងច្បាស់បន្ទាប់មានការផ្សាយផ្ទាល់កាលពីខែមុនថាប្រពន្ធ កូនប្រុស កូនស្រី និងចៅប្រុសម្នាក់ទៀតរបស់គាត់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់យោធាអ៊ីស្រាអែល។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្លែងថា ការសម្លាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យគឺជា “សោកនាដកម្មហួសពីការស្មាន” ហើយគាត់បន្តថាគាត់ “សោកស្តាយយ៉ាងខ្លាំង” ចំពោះការបាត់បង់គ្រួសារលោក Al-Dahdouh ។

លោក Blinken បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Doha រដ្ឋធានីកាតាថា ” ចំនួនអ្នកសារព័ត៌មានដែលត្រូវបានសម្លាប់មានចំនួនកាន់តែច្រើនឡើង” ។

អ្នកសារព័ត៌មាន​​ម្នាក់​ទៀត​ដែល​បាន​ស្លាប់​​នោះ​គឺជា​អ្នក​យកព័ត៌មានរបស់​ Reuters។ ក្រោមការស៊ើបអង្កេតរបស់ Reuters បានរកឃើញថា ​អ្នក​យកព័ត៌មានជនជាតិលីបង់ម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃទី ១៣ ខែតុលា ដោយកងរថក្រោះអ៊ីស្រាអែល ខណៈដែលគាត់កំពុងថតយករូបភាពនៃការបាញ់ផ្លោងរបស់កងរថក្រោះអ៊ីស្រាអែលឆ្លងព្រំដែនទៅលើទឹកដីលីបង់៕

ប្រភព៖ Reuters/fs