អន្តរជាតិ

អាកាសយានដ្ឋានHanedaដែលយន្តហោះបុគ្នាប្រល័យជីវិតមនុស្ស៥នាក់បានបើកឲ្យដំណើរការឡើងវិញ

ប្រែសម្រួល៖ សហការី

តូក្យូ៖ នៅថ្ងៃចន្ទ ទី៨ មករានេះនៅអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូត្រូវបានបើកឲ្យដំណើរការជើងហោះហើរឡើងវិញតាមធម្មតាបន្ទាប់ពីប្រាំមួយថ្ងៃក្រោយនៃការប៉ះទង្គិចគ្នាដ៏មហន្តរាយរវាងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល Japan Airlines និងយន្តហោះឆ្មាំសមុទ្រធុនតូចដោយបានសម្លាប់មនុស្សអស់ចំនួននួន ៥ នាក់កន្លងមក។

អ្នកដំណើរ និងនាវិកទាំងអស់ចំនួន ៣៧៩នាក់នៅលើយន្តហោះស៊ីវិល Japan Airlines ត្រូវបានជម្លៀសចេញពីយន្តហោះដែលកំពុងតែឆេះកាលពីថ្ងៃទី ២ ខែមករាប្រកបដោយសុវត្ថិភាព ក៏ប៉ុន្តែជាអកុសលមនុស្ស ៥ នាក់ក្នុងចំណោម ៦ នាក់ដែលនៅលើយន្តហោះឆ្មាំឆ្នេរសមុទ្រត្រូវបានស្លាប់។

ផ្លូវរត់នៅព្រលាន Haneda ដែលជាផ្លូវមួយក្នុងចំណោមផ្លូវរត់ទាំងបួនគឺជាកន្លែងដែលយន្តហោះបានបុកគ្នាត្រូវបានបិទចាប់តាំងពីពេលនោះមកព្រមទាំងមានការលុបចោលជើងហោះហើរក្នុងស្រុករាប់រយ។

អ្នកនាំពាក្យអាកាសយានដ្ឋានតូក្យូបានប្រាប់ AFP ថា “Runway C ផ្លូវរត់ត្រង់ចំណុច សេ ត្រូវបានបើកឲ្យដំណើរការឡើងវិញនៅថ្ងៃចន្ទនេះ” អាកាសយានដ្ឋានបានដំណើរការតាមធម្មតាវិញហើយ។

កម្មករ​បាន​យកកំទេច​សាកសពយន្តហោះ​ដែល​ឆេះ​ទាំង​ពីរចេញពីព្រលានចំណែក​ក្រុម​​ស៊ើបអង្កេត​របស់ប្រទេសជប៉ុន​រួម​ជាមួយ​សមភាគី​មកពី​ប្រទេស​បារាំង អង់គ្លេស និង​កាណាដា កំពុងធ្វើការ​ស៊ើបអង្កេតលើ​គ្រោះថ្នាក់​នេះជាបន្តទៅទៀត។

យោងតាមការចេញផ្សាយរបស់ក្រសួងដឹកជញ្ជូនកាលពីសប្តាហ៍មុនបានបង្ហាញថាយន្តហោះឆ្មាំឆ្នេរសមុទ្រត្រូវបានណែនាំឲ្យឈប់រង់ចាំនៅមុនពេលផ្លូវរត់ត្រូវបានសម្អាតរួចរាល់សម្រាប់ការចុះចតរបស់យន្តហោះ JAL ។

ប៉ុន្តែអ្នកបើកយន្តហោះឆ្មាំឆ្នេរសមុទ្រ ដែលជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់គិតថាផ្លូវរត់ត្រូវបានសម្អាតរួចរាល់សម្រាប់គាត់ដើម្បីផ្លាស់ទីទៅលើផ្លូវរត់ ដែលយន្តហោះរបស់គាត់បានឈប់រង់ចាំប្រហែល ៤០ វិនាទីមុនពេលបុកគ្នា នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ៕

ប្រភព៖ AFP/rl