អន្តរជាតិ

ប៉ូលិសឥណ្ឌូណេស៊ីស្ទាក់ចាប់រថយន្តដឹកសត្វឆ្កែជាង ២០០ក្បាលនៅក្នុងក្រុង Semarang

ប្រែសម្រួល៖ រតនា

កាលពីយប់ថ្ងៃសៅរ៍ ទី៦ មករា ប៉ូលិសឥណ្ឌូណេស៊ី បានស្ទាក់ចាប់រថយន្តដឹកសត្វឆ្កែជាង ២០០ក្បាល ដែលជាប់ចំណងនៅលើឡាននៅជិតកន្លែងសត្តឃាតក្នុងទីក្រុង Semarang លើកោះ Java ។

អាជ្ញាធរបានចាប់ខ្លួនកម្មករនិងអ្នកបើកបររថយន្តដឹកឆ្កែចំនួន ៥ នាក់ដែលនឹងត្រូវចោទប្រកាន់ពីបទរំលោភលើប្បញ្ញត្តិសុខុមាលភាពសត្វហើយទំនងជាប្រឈមនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៥ ឆ្នាំ។

កាលពីយប់ថ្ងៃសៅរ៍លោក Irwan Anwar មេប៉ូលិសក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មានថា “យើងមានព័ត៌មានអំពីរឿងនេះតាំងពីខែមុន ប៉ុន្តែរហូតមកដល់យប់នេះទើបយើងអាចស្ទាក់ចាប់រថយន្តដឹកសត្វឆ្កែចំនួន ២២៦ក្បាលនេះបាននៅនឹងកន្លែងតែម្តង” ។

ឥណ្ឌូណេស៊ី គឺជាប្រទេសមួយដែលនៅមានលក់សាច់ឆ្កែ និងឆ្មា ប៉ុន្តែយុទ្ធនាការប្រឆាំងនឹងអំពើរំលោភលើប្បញ្ញត្តិនេះ បាននិងកំពុងទទួលបានការគាំទ្រដែលមានក្រុងមួយចំនួនរួមទាំង Semarang បានដាក់បម្រាមក្នុងស្រុកលើការជួញដូរសត្វឆ្កែនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

យោងតាមការស៊ើបអង្កេតបឋមរបស់នាយកដ្ឋានមេប៉ូលិសបានប្រាប់ថា សត្វឆ្កែទាំងនោះកំពុងត្រូវបានគេដឹកតាមរថយន្តទៅកាន់ក្រុង Semarang ដែលជាកន្លែងសត្តឃាតដើម្បីយកសាច់របស់វាលក់សម្រាប់បរិភោគនៅភាគខាងលិចកោះជ្វា។

សកម្មជនការពារសត្វបាននិយាយថា ពួកគេបានរាយការណ៍ពីការជួញដូរសាច់ឆ្កែទៅប៉ូលិសកាលពីខែធ្នូ ប៉ុន្តែត្រូវបានបាត់ដានមិនអាចអន្តរាគមន៏ទាន់ពេល។

Christian Yosua Pale of Animals Hope Shelter Indonesia ដែលជាអ្នកជំរុញឲ្យមានការហាមឃាត់នៅទូទាំងប្រទេសលើការជួញដូរសាច់ឆ្កែនិងសាច់ឆ្មាបាននិយាយថា “ខ្ញុំបានទទួលព័ត៌មានជាលើកដំបូងនៅថ្ងៃទី ២៣ ធ្នូ ពីអ្នកតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្ញុំ។កាលពីរសប្តាហ៍មុន ពួកគេបានគេចផុតពីការតាមឃ្លាំមើលរបស់ខ្ញុំ” ។

“សត្វឆ្កែ រួមជាមួយនឹងសត្វឆ្មា មិនមែនជាសត្វពាហនៈ ដូច្នេះពួកវាមិនត្រូវបានជួញដូរសម្រាប់មនុស្សយកសាច់បរិភោគនោះទេ”។

កាលពីឆ្នាំមុន ទីផ្សារលក់សាច់សត្វនៅឥណ្ឌូណេស៊ីដ៏ល្បីល្បាញមួយនៅកោះ Sulawesi ត្រូវបានបញ្ចប់ការលក់សាច់ឆ្កែ និងឆ្មា បន្ទាប់ពីរងសម្ពាធរបស់សកម្មជនការពារសត្វជាច្រើនឆ្នាំដើម្បីបញ្ឈប់ការជួញដូរ និងបញ្ចប់សកម្មភាពសម្លាប់សត្វដ៏ឃោរឃៅដើម្បីយកសាច់ជួញដូរ៕

ប្រភព៖ AFP/ec