អន្តរជាតិ

ប៉ូលិសអូស្ត្រាលីស្ទាក់ចាប់ក្រុមឧក្រិដ្ឋជនដែលរត់ពន្ធសត្វព្រៃនៅមានជីវិតទៅកាន់ក្រុងហុងកុង

ប្រែសម្រួល៖ សហការី

ស៊ីដនី៖ កាលពីថ្ងៃចន្ទ ទី៨ មករា ប៉ូលិស​អូស្ត្រាលីបានចោទប្រកាន់ក្រុមឧក្រិដ្ឋជនដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីពីបទប៉ុនប៉ងរត់ពន្ធសត្វព្រៃរាប់រយក្បាលទៅកាន់ទីក្រុងហុងកុង ដែលជាផ្នែកមួយនៃការជួញដូរសត្វព្រៃនៅមានជីវិត។

ក្រុមអ្នកស៊ើបអង្កេតបានតាមដានបណ្តាញឧក្រិដ្ឋជនទាំងនេះកាលពីខែកញ្ញាឆ្នាំមុនបន្ទាប់ពីស្ទាក់ចាប់បានសត្វដែលគេរក្សាទុកនៅក្នុងធុងប្លាស្ទិកតូចៗចំនួនប្រាំបួនដែលពួកគេបំរុងនឹងរត់ពន្ធទៅកាន់ក្រុងហុងកុងហើយនៅក្នុងធុងប្លាស្ទិកទាំងនោះប៉ូលិសប្រទះឃើញសត្វត្រកួតនៅមានជីវិតចំនួន ៥៩ ក្បាល។

ពួករត់ពន្ធសត្វព្រៃទាំងនោះត្រូវបានចោទប្រកាន់ពីបទរត់ពន្ធសត្វមានជីវិតជាង ២៥០ ក្បាលដែលប៉ូលិស​អូស្ត្រាលីបានរកឃើញនៅពាសពេញទីក្រុងស៊ីដនីរួមទាំងពស់មួយចំនួនតូច និងពងរបស់វាដែលនៅមិនទាន់ញាស់ជាដើម។

ប៉ូលីសបានឲ្យដឹងថា សត្វព្រៃដែលរឹបអូសបានពីពួកឧក្រិដ្ឋជនត្រូវបានពួកគេ “ចាប់យកមករក្សាទុកក្នុងស្ថានភាពមិនល្អនោះទេ” សត្វទាំងនោះត្រូវបាន “ចងដាក់នៅក្នុងធុងតូចៗ” ដើម្បីយកទៅលក់នៅទីក្រុងហុងកុង។

រូបថតដែលថតបានដោយប៉ូលិស បានបង្ហាញឲ្យឃើញរូបភាពសត្វត្រកួតដែលកំពុងតែតោងពីលើគ្នានៅក្នុងធុងប្លាស្ទិកតូចៗ។

រូបថតមួយទៀតបានបង្ហាញពីសត្វពស់មួយក្បាលនិងពងរបស់វានៅក្នុងធុងប្លាស្ទិកថ្លាដាក់ក្នុងទ្រុងឈើ។

ប៉ូលីសបាននិយាយថាសត្វត្រកួតមួយក្បាលអាចលក់បានដល់ ៥,០០០ ដុល្លារអូស្ត្រាលីស្មើនឹង ៣,៣៦០ ដុល្លារអាមេរិក នៅលើទីផ្សារងងឹតសរុបទាំងអស់មានតម្លៃដល់ទៅ ១.២ លានដុល្លារអូស្ត្រាលី។

ប៉ូលិសបានធ្វើការចោទប្រកាន់បុរសបីនាក់និងស្ត្រីម្នាក់ពីបទជាប់ពាក់ព័ន្ធក្នុង “អពើឧក្រិដ្ឋកម្ម” ពួកគេទាំងនោះមានអាយុ ៥៩, ៥៤ និង ៣១ -និងស្ត្រីម្នាក់មានអាយុ ៤១ ឆ្នាំ។

យោងតាមអង្គការមូលនិធិសត្វព្រៃពិភពលោកបានឲ្យដឹងថាក្រុងហុងកុងគឺជាចំណុចស្នូលសម្រាប់ទទួលទិញសត្វព្រៃពីអ្នករត់ពន្ធខុសច្បាប់នៅលើពិភពលោក៕

ប្រភព៖ AFP/nh