សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ២នាក់ជាមួយថ្នាំញៀនជាង១គីឡូក្រាមទៅតុលាការ

ដោយ:សុខុម
កំពង់ស្ពឺ៖ សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី៨ខែមករាឆ្នាំ២០២៤ថាមន្រ្តីជំនាញប្រឆាំងគ្រឿងញៀនបានបញ្ជូនជនសង្ស័យចំនួនពីរនាក់ក្នុងនោះមានថ្នាំញៀនជាងមួយគីឡូក្រាមទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីបន្តអនុវត្តនីតិវិធីច្បាប់។


សមត្ថកិច្ចចុះបង្ក្រាបបានឲ្យដឹងថាកម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងក្រោមការសម្របសម្រួល ពីឯកឧត្តម ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ឈានដល់បង្ក្រាបជនសង្ស័យជាបន្តបន្ទាប់។
សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យឈ្មោះ គា វ៉ាន់ឆៃ ភេទប្រុស អាយុ២៦ឆ្នាំនៅបណ្តោយផ្លូវជាតិលេខ៤ ភូមិ៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ចាប់បានវត្ថុតាង ថ្នាំញៀនមេតំហ្វេតាមីនចំនួន ១២៤៩.៨៨ក្រាម (១គីឡូ ២៤៩.៨៨ក្រាម)។នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ស្វាយ សុខការ ភេទប្រុសអាយុ២៩ឆ្នាំ នៅបណ្តោយផ្លូវលំ ភូមិសហគមន៍ខាងកើត ឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់បានវត្ថុតាង ថ្នាំញៀនមេតំហ្វេតាមីនចំនួន ៥.៦៣ក្រាម។
ក្រោយពីឃាត់ខ្លួនមន្ត្រីជំនាញនៃស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជូនសំណុំរឿងទៅតុលាការដើម្បីចាត់ការជាបន្តទៀត៕