សន្ដិសុខសង្គម

តុលាការឃុំខ្លួនវៀតណាម៤នាក់ចោទប្រកាន់ពីបទខួងរករ៉ែពុំមានអាជ្ញាប័ណ្ណ

ដោយ៖ សុខុម
ស្ទឹងត្រែង៖លោកជា សុភ័ក្រអ្នកនាំពាក្យអយ្យាការអមសាលាដំបូងខេត្តស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ ថាជនជាតិវៀតណាមចំនួន៤នាក់ត្រូវបានតុលាការចោទប្រកាន់ពីបទខួងរករ៉ែគ្មានអាជ្ញាប័ណ្ណពីស្ថាប័នជំនាញឃុំខ្លួនដាក់ពន្ធនាគារដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត។


ជនសង្ស័យទាំងបួននាក់រួមមាន:១-ឈ្មោះTRAN TRONGTANG អាយុ៤៦ឆ្នាំ មុខរបរជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅក្រុងហាណូយ ប្រទេសវៀតណាម។
២-ឈ្មោះចឹង ថាយយឿង អាយុ២៧ឆ្នាំ មុខរបរជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅទីក្រុងហាណូយ ប្រទេសវៀតណាម។៣-ឈ្មោះងៀន អុងនឿង អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកសិក្សាដីរករ៉ែ មានទីលំនៅក្រុងហាយណូយប្រទេសវៀតណាម។៤-ឡេ វ៉ាន់ទុនអាយុ៤២ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅភូមិត្នោតម្លូ ឃុំត្នោតម្លូ ស្រុករវៀង ខេត្តព្រះវិហារ។


សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងកាលពីថ្ងៃទី៥មករាបានឃាត់ខ្លួនជនជាតិវៀតណាមទាំង៤នាក់ដើរខួងយករ៉ែខុសច្បាប់ខាងលើនេះនៅត្រង់ចំណុចភ្នំដាច់ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់។


របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ឃាត់បានរថយន្ត១គ្រឿងម៉ាកFORD RAVGER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-1383។
ដកហូតបានសម្ភារមួយចំនួនមាន:ម៉ាស៊ីខួងរ៉ែ ២គ្រឿង, ម៉ាស៊ីនគោយន្ត ២គ្រឿង, ទុយោជ័រ៤, ហ្វុយដាក់ទឹក៤,ដែកបំពង់ទីប៤៦ដើម, ដែកបំពុងទីបធ្វើជើងជ្រែងទប់ម៉ាស៊ីន១២កំណាត់ ឧបករណ៍ស្រូបរុករករ៉ែចំនួន០៣គ្រឿង,ថ្ម ដីច្រកក្នុងថង់ប្លាស្ទិក ដែកឆក់ សម្រាប់យកទៅពិសោធន៍៕