សន្ដិសុខសង្គម

ចាប់ឪពុកក្មេកក្រោយពីប្រើពូថៅសម្លាប់កូនប្រសារួចគេចខ្លួនបានមួយយប់

ដោយ៖សុខុម
កំពង់ឆ្នាំង៖សមត្ថកិច្ចបានតាមឃាត់ខ្លួនបុរសម្នាក់យកទៅសាកសួរនៅអធិការស្រុកកំពង់ត្រឡាចកាលពីព្រឹកថ្ងៃទី៨មករាក្រោយជាប់សង្ស័យយកពូថៅកាប់កូនប្រសាស្លាប់នៅយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ស៊ឹម សុខគា អាយុ៥៦ឆ្នាំ។ ជនរងគ្រោះ ឈ្មោះ ឯក សីហាអាយុ២១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកើតហេតុ។


សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅរកទិញទឹកត្នោតជូរ និងបាននាំអ្នកភូមិ សាច់ញាតិប្រហែល ៤ ទៅ៥នាក់ អង្គុយផឹក និងច្រៀងលេងក្រោមដើមស្វាយក្បែរផ្ទះកើតហេតុ ។ តាំងពីថ្ងៃរហូតមកដល់ប្រហែលម៉ោង៧យប់ជនរងគ្រោះ បានឈ្លោះប្រកែកគ្នានឹងបុរសម្នាក់ ត្រូវ ជាសាច់ថ្លៃនៅកន្លែងផឹកស៊ី ។
បន្ទាប់មកស្រ្តីដែលជាម្តាយក្មេក និងប្រពន្ធក៏បានបំបែកគូទំនាស់ចេញ។រីឯ អ្នកភូមិដែលបានចូលរួមផឹកស៊ីជាមួយ ក៏បានត្រឡប់ទៅផ្ទះរៀងៗខ្លួន។នៅសល់តែជនរងគ្រោះស្រវឹងដេកតែម្នាក់ឯងនៅនឹងកន្លែងផឹកសុី។ពេលនោះជនរងគ្រោះនៅបន្តឈ្លោះជាមួយឪពុកក្មេកក្រោយមកក៏ស្ងាត់ទៅវិញ។


ខណៈនោះប្រពន្ធជនរងគ្រោះ សង្ស័យក៏ដើរមកមើលស្រាប់តែឃើញប្តីដេកស្លាប់លើគ្រែផ្អើលឆោឡោរាយការណ៍ទៅសម្ថកិច្ច។
ចំណែក ជនសង្ស័យបន្ទាប់ពីកាប់កូនប្រសាស្លាប់ហើយ បានរត់គេចខ្លួនទុកពូថៅនៅនឹងកន្លែងកើតហេតុ ។ លុះព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន ។
ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានកាប់ជនរងគ្រោះចំនួន ៩ពូថៅមូលហេតុទប់អារម្មណ៍មិនបាន នៅពេលកូនប្រសាជេរប្រមាថមើលងាយសំដីធ្ងន់ៗមកលើខ្លួន ៕