អន្តរជាតិ

អ្នករត់គេចខ្លួនពីបទចូលរួមកុបកម្មនៅកាពីតូលសភាអាមេរិកកាលពីថ្ងៃទី៦ មករាឆ្នាំ២០២១ត្រូវបាន បានចាប់ខ្លួន៣នាក់

ប្រែសម្រួល៖  ស.សម្បត្តិ

វ៉ាស៊ីនតោន៖ ខណៈដែលអាមេរិកកំពុងតែប្រារព្ធខួបលើកទី៣ នៃការវាយប្រហារដោយហិង្សាដោយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី៦ មករាកន្លងទៅនេះ ភ្នាក់ងារ FBI អាមេរិកបានឲ្យដឹងថាអ្នករត់គេចខ្លួន៣នាក់ ត្រូវបានចាប់ខ្លួនក្រោយពីបានស៊ើបអង្កេតរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការវាយលុកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅក្នុងវិមានរដ្ឋសភាកាពីតូលរបស់អាមេរិក។

ភ្នាក់ងារFBI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Jonathan Pollock, Olivia Pollock និង Joseph Hutchinson ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍នៅកន្លែងលាក់ខ្លួនឯកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងក្នុងរដ្ឋ Florida ភាគខាងត្បូងសហរដ្ឋអាមេរិក។

ពួកគេនឹងបង្ហាញខ្លួននៅតុលាការសហព័ន្ធនៅកណ្តាលទីក្រុង Ocala នៅក្នុងថ្ងៃចន្ទខាងមុខនេះ។

ជន​សង្ស័យ​ទាំង​បី​នាក់​នេះ​ត្រូវប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ជា​ច្រើនករណី រួម​ទាំង​ការ​វាយ​ដំ និង​ប្រឆាំង​នឹងអាជ្ញាធរ ព្រម​ទាំង​ការ​ប្រព្រឹត្ត​ដែលបង្កឲ្យបាត់បង់​សណ្តាប់​ធ្នាប់​នៅក្នុង​វិមានរដ្ឋសភា​កាពីតូលអាមេរិក។

ភ្នាក់ងារFBI បានផ្តល់រង្វាន់ចំនួន ៣០,០០០ ដុល្លារអាមេរិកដល់អ្នកផ្តល់ព័ត៌មាននាំទៅដល់ការចាប់ខ្លួន Jonathan Pollock ដែលជាជាងដែកអាយុ ២៤ ឆ្នាំ “ដែលគេចាត់ទុកថាគាត់ជាមនុស្សដ៏គ្រោះថ្នាក់ម្នាក់” ។

សេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌នៅមុននេះ បាននិយាយថា Pollock បានវាយប្រហារលើមន្ត្រីប៉ូលិសជាច្រើននាក់ ដោយទាញមន្ត្រីប៉ូលិសម្នាក់ឲ្យដួលនិងចាប់ទាញមន្រ្តីប៉ូលិសមួយផ្សេងទៀតអុកនិងជង្គង់រួចហើយក៏បានដាល់មន្ត្រីប៉ូលិសម្នាក់ទៀតចំលើក។

គេបានបន្ថែមថា Hutchinson ក៏បានដាល់ និងទាត់មន្រ្តីប៉ូលិសជាច្រើននាក់ផងដែរ ហើយ Olivia Pollock ដែលជាប្អូនស្រីរបស់ Jonathan Pollock បានប្រើកែងដៃវាយទៅលើមន្ត្រីប៉ូលិសម្នាក់ ហើយបានព្យាយាមដណ្តើមយកដំបងឆក់ពីមន្ត្រីប៉ូលីសទៀតផង៕

ប្រភព៖ AFP/fs