អន្តរជាតិ

រុស្ស៊ីវាយប្រហារគ្មានត្រាប្រណីដោយមិស៊ិលនៅភាគខាងកើតអ៊ុយក្រែនសម្លាប់មនុស្ស១១នាក់

ប្រែសម្រួល៖ ស.សម្បត្តិ

កាលពីថ្ងៃសៅរ៍ ទី ៦ មករា អភិបាលក្រុង Pokrovsk បាននិយាយថា​រុស្ស៊ី​បានបង្កើនការវាយប្រហារកាន់តែខ្លាំងឡើងបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១១ នាក់ដែលក្នុងនោះមានកុមារ ៥ នាក់ត្រូវបានសម្លាប់ក្រោមការវាយប្រហារដោយមិស៊ិលទៅលើទីក្រុង Pokrovsk ភាគខាងកើតអ៊ុយក្រែន ។

ការវាយប្រហារដោយមិស៊ិលរបស់​រុស្ស៊ី​បានកើនឡើងខ្លាំងជាងមុនចាប់តាំងពីចុងខែធ្នូមក។ នៅក្នុងជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី បង្កឲ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើន។ សង្រ្គាមដែលបង្កឡើងដោយរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែននៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ មកទល់នឹងពេលនេះអស់ពេលជិតពីឆ្នាំហើយ។

នៅក្នុងស្ថានភាពវាយលុកដ៏សន្ធាប់ពីសំណាក់កងទ័ព​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែនសមរភូមិ​ជួរ​មុខ​មាន​ភាព​តានតឹង​ខ្លាំង​ធ្វើឲ្យកងទ័ព​អ៊ុយក្រែនបង្កើនការប្រុងប្រយ័ត្ននៅតាមខ្សែត្រៀមជួរមុខកាន់តែខ្លាំងជាងមុនដោយពួកគេមិនអាចផ្លាស់​ប្តូរគ្នាបានឡើយ។

នៅក្នុងខណ:ដែលកងទ័ពរុ​ស្ស៊ី​ធ្វើការវាយប្រហារតំបូងបង្អស់ដោយមិស៊ិល S-300 ទៅលើ​តំបន់ភាគ​ខាង​កើត​អ៊ុយក្រែនបាន​បង្កឲ្យមានមនុស្ស​៨​នាក់​​រង​របួស​។

បន្ទាប់មកលោក Vadim Filashkin ប្រធានតំបន់ Donetsk បានចេញមកបង្ហោះសារនៅលើ Telegram ឲ្យដឹងថា “ការវាយប្រហារជាចម្បងត្រូវបានផ្តោតគោលដៅទៅលើ Pokrovsk និង Rivne នៅក្នុងសហគមន៍នៃ Myrnograd” ។

គាត់បានបង្ហោះរូបភាពបង្ហាញពីសកម្មភាពអ្នកជួយសង្គ្រោះដែលកំពុងធ្វើការរុះរើកំទេចកំទី ផ្ទះចំនួនប្រាំមួយដែលបានបំផ្លាញដោយគ្រាប់មិស៊ិលនៅ Pokrovsk និងមួយទៀតនៅ Rivne ក្បែរនោះផងដែរ។

បើងយោងតាមអ្នកសង្គ្រោះបន្ទាន់បានឲ្យដឹងថាចំនួនអ្នកស្លាប់ក្រោយមកអាចកើនឡើងជាបន្តបន្ទាប់ដែលឥឡូវនេះរកឃើញសាកសពចំនួន ៦ នាក់ហើយ រួមទាំងកុមារ ២ នាក់ផង ដែលត្រូវបានទាញចេញពីគំនរបាក់បែកនៃអគារមួយក្នុងចំណោមអគារបាក់បែកទាំងនោះ។

លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយក្រែន បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​​ដោយគ្រាប់មិស៊ិលនេះ​ថា “​រុស្ស៊ី​តែងតែផ្តោតគោលដៅទៅលើ​អគារ​លំនៅឋាន​ធម្មតាៗ ដែលជាផ្ទះរបស់ប្រជាជន”។

លោក​បាន​បេ្តជ្ញា​ថា នឹងធ្វើការវាយបកវិញទ្វេដង​ដោយមិនអនុញ្ញាតឲ្យកងទ័ពរុស្សីរួចខ្លួនជាដាច់ខាត​។

ទីប្រជុំជន Pokrovsk ធ្លាប់មានប្រជាជនរស់នៅចំនួន ៦០,០០០ នាក់ហើយក៏ធ្លាប់រងនូវការវាយប្រហារដោយការទម្លាក់គ្រាប់បែកដ៏សាហាវមួយកាលពីខែសីហាឆ្នាំមុនបណ្តាលឲ្យមនុស្ស ៩ នាក់ស្លាប់ និង ៨២ នាក់រងរបួស។

ទីក្រុងនេះមានចម្ងាយប្រហែល៥០គីឡូម៉ែត្រពីខ្សែត្រៀមជួរមុខ។

ចំណែកនៅតំបន់ Kherson នៃភាគខាងត្បូងអ៊ុយក្រែនក៏មានមនុស្សពេញវ័យម្នាក់ និងកុមារពីរនាក់បានរងរបួសនៅក្នុងការបាញ់ផ្លោងនេះផងដែរ ។

បើយោងតាមអាជ្ញាធរក្នុងតំបន់រៀងៗខ្លួនបានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់នៅក្នុងទីក្រុង Toretsk ជិត Bakhmut ហើយម្នាក់ទៀតបានស្លាប់ និងពីរនាក់ទៀតរងរបួសនៅក្នុងទីក្រុង Nikopol នៅភាគខាងកើត។សរុបទាំងអស់នៅក្នុងការវាយប្រហារនៅទូទាំងតំបន់នៃភាគ​ខាង​កើត​អ៊ុយក្រែន​បាន​សម្លាប់​មនុស្ស​ចំនួន១១​នាក់ដែល​ក្នុង​នោះ​មាន​កុមាចំនួន ៥ នាក់ផងដែរ៕

ប្រភព៖ Reuters/fs