អន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិកអះអាងថាគាត់នឹងទទួលខុសត្រូវចំពោះដំណឺងលេចចេញមកថាគាត់ចូលមន្ទីរពេទ្យដោយសម្ងាត់

ប្រែសម្រួល៖ សហការី

វ៉ាស៊ីនតោន៖ កាលពីថ្ងៃសៅរ៍ ទី៦ មករា លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកបានទទួលខុសត្រូវទាំងស្រុងចំពោះការសម្ងាត់ជុំវិញការបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលមួយសប្តាហ៍ដោយសារតែស្ថានភាពសុខភាពដែលគាត់មិនទាន់បានបញ្ជាក់ច្បាសលាស់។

នៅក្នុងពេលចូលឆ្នាំថ្មីនេះ លោក Austin បុរសអាយុ ៧០ ឆ្នាំត្រូវបានអនុញ្ញាតឲ្យចូលសម្រាក នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិហៅថា Walter Reed ដែលមន្ទីរប៉ង់តាហ្គោនបានហៅថាវាមាន “ផលវិបាកចំពោះនីតិវិធីវេជ្ជសាស្រ្តដែលជ្រើសរើសថ្មីៗនេះដោយអនុញ្ញាតឲ្យលោក Austinមកសម្រាកព្យាបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ ” តាមការពិតត្រូវអនុញ្ញាតឲ្យសម្រាកបានតែត្រឹមរយៈពេលប្រាំថ្ងៃទេ។

សមាជិកគណបក្សសាធារណរដ្ឋកំពូលៗនៃគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធរបស់ព្រឹទ្ធសភា ព្រឹទ្ធសមាជិក Roger Wicker បានចោទស្តីបន្ទោសមន្ទីរបញ្ចកោណថា មិនបានជូនដំណឹងដល់សភាភ្លាមៗអំពីបញ្ហាបែបនេះដែលជាក្រឹត្យក្រមតម្រូវតាមច្បាប់។

ប៉ុន្តែ​គេ​មិន​ដឹង​ថា​ព័ត៌មាន​នេះ​ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ទូលំទូលាយបានដោយរបៀបណានោះទេ​ព្រោះវាស្ថិតនៅក្នុង​ចំណាត់ការរដ្ឋបាល​របស់​ប្រធានាធិបតី Joe Biden។ មន្ត្រីអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក Biden ទើបតែត្រូវបានជូនដំណឹងនៅល្ងាចថ្ងៃព្រហស្បតិ៍តែប៉ុណ្ណោះ។

បើទោះជាយ៉ាងនេះក្តី លោក Biden នៅតែរក្សាទំនុកចិត្តលើលោក Austin ហើយកាលពីល្ងាចថ្ងៃសៅរ៍ អ្នកទាំងពីរបាននិយាយគ្នា។

លោក Austin អង្គុយនៅខាងក្រោមលោក Biden ស្របតាមឋានានុក្រមរបស់ទីបញ្ជាការយោធាអាមេរិក ហើយភារកិច្ចរបស់គាត់តម្រូវឲ្យគាត់មានវត្តមាននៅពេលណាដែលមានគ្រោះអាសន្នដើម្បីឆ្លើយតបទៅនឹងវិបត្តិសន្តិសុខជាតិណាមួយភ្លាមៗ។

គេនៅតែមិនទាន់ដឹងច្បាស់លាស់អំពីទំហំនៃភារកិច្ចរបស់គាត់ដែលត្រូវបានផ្ទេរទៅឲ្យអនុប្រធានរបស់គាត់ គឺលោកKathleen Hicks ឬថាតើ Kathleen Hicks មានបានចូលរួមក្នុងការសម្រេចលើកិច្ចការសំខាន់ៗណាមួយដែរឬទេនៅក្នុងអំឡុងពេលអវត្តមានរបស់លោក Austin នោះ៕

ប្រភព៖ Reuters/mi