សន្ដិសុខសង្គម

បញ្ជូនវៀតណាម៤នាក់ដើរខួងរករ៉ែនៅលើទឹកដីខ្មែរគ្មានអាជ្ញាប័ណ្ណទៅតុលាការ

ដោយ៖សុខុម
ស្ទឹងត្រែង៖មន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជូនជនសង្ស័យជនជាតិវៀតណាមចំនួន៤នាក់ទៅតុលាការនៅថ្ងៃទី៧ខែមករាឆ្នាំ២០២៤ពាក់ព័ន្ធចុះសិក្សាដីរុករករ៉ែគ្មានអាជ្ញាប័ណ្ណ។


សមត្ថកិច្ចបានឲ្យដឹងថាមន្ត្រីកងរាជអាវុធហត្ថឃាត់ខ្លួនជនជាតិវៀតណាមកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤បញ្ជាកម្លាំងដោយលោកឧត្ដមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនិងដឹកនាំ សម្រប សម្រួលនីតិវិធីដោយលោក នៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។ក្នុងនោះក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន (មេភូមិ)បង្ក្រាបខួងយករ៉ែដោយគ្មានអាជ្ញាបណ្ណធនធានរ៉ែ ចំនួន២ទីតាំងចំណុចភ្នំដាច់ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់។ឃាត់បានរថយន្ត១គ្រឿងម៉ាកFORD RAVGER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-1383មួយគ្រឿង។


ជនសង្ស័យ៤នាក់រួមមាន៖ ឈ្មោះTRAN TRONGTANG ភេទប្រុស អាយុ៤៦ឆ្នាំ,ឈ្មោះចឹង ថាយយឿង ភេទប្រុស អាយុ២៧ឆ្នាំនិងឈ្មោះងៀន អុងនឿង ភេទប្រុស អាយុ២៨ឆ្នាំ។ ពួកគេទាំងបីនាក់គឺជំនាញខាងសិក្សាដីរករ៉ែមកពីទីក្រុងហាណូយប្រទេសវៀតណាម។រីឯអ្នកទី៤ឈ្មោះឡេ វ៉ាន់ទុន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរធ្វើចម្ការ មានទីលំនៅភូមិត្នោតម្លូ ឃុំត្នោតម្លូ ស្រុករវៀង ខេត្តព្រះវិហារ។


សមត្ថកិច្ចបានបញ្ជាក់ថាវត្ថុតាងដកហូតនៅកន្លែងកើតហេតុមាន÷ ម៉ាស៊ីខួងរ៉ែ ២គ្រឿង, ម៉ាស៊ីនគោយន្ត ២គ្រឿង, ទុយោជ័រ៤, ហ្វុយដាក់ទឹក៤,ដែកបំពង់ទីប៤៦ដើម, ដែកបំពុងទីបធ្វើជើងជ្រែងទប់ម៉ាស៊ីន១២កំណាត់។រថយន្តរបស់ជនសង្ស័យឧបករណ៍ស្រូបរុករករ៉ែចំនួន០៣គ្រឿង,ថ្ម ដីច្រកក្នុងថង់ប្លាស្ទិក ដែកឆក់ សម្រាប់យកទៅពិសោធន៍ មួយចំនួន។


ករណីនេះសមត្ថកិច្ចធ្វើការត្រួតពិនិត្យ និងសាកសួរជនសង្ស័យជនជាតិវៀតណាមទាំង០៤នាក់ខាងលើ បញ្ជាក់ឱ្យដឹងថាពុំមានឯកសារបទដ្ឋានគតិយុត្តិណាមួយអនុញ្ញាតឱ្យខួងរុករកធនធានរ៉ែ ពីស្ថាប័នជំនាញឡើយ។


ក្រោយពីសាកសួរជនសង្ស័យទាំង៤នាក់ជាមួយវត្ថុតាងកម្លាំងកងរាជអាវុធហត្ថបានបញ្ជូនទៅស្ថប័នអង្គការអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងបន្តនីតិវិធីនៅចៅក្រមសុើបសួរ៕