ព័ត៌មានជាតិ

តំណាងរាស្ត្រខេត្តកំពតជំរុញសិស្សានុសិស្សឱ្យខិតខំរៀនសូត្រដើម្បីជួយសង្គមទៅអនាគត

ដោយ៖កំចាយ

កំពត÷ រដ្ឋបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីផ្តល់ម៉ូតូជាង៩០គ្រឿងជូនដល់សិស្សនិទ្ទេសA ក្នុងសម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២-២០២៣។ ក្នុងពិធីនោះ សមាជិកសភាជាតិ និងជាតំណាងរាស្ត្រមណ្ឌលកំពតបានជំរុញដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រដើម្បីយកដើមទុនជួយសង្គមទៅថ្ងៃអនាគត។

លោក ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាបានមានប្រសាសន៍ថា ចៅៗដែលបានរៀនសូត្រ និងទទួលជ័យលាភីក្នុងការប្រលងនេះគឺស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយបានកំណត់យកធនធានមនុស្សជាអាទិភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសជាតិ។

បច្ចុប្បន្ន ចំណេះដឹងជាទ្រព្យដ៏សំខាន់ដែលមិនអាចខ្វះបាន។ ដូច្នេះ ចៅៗត្រូវខិតខំសិក្សាឱ្យបានខ្លាំងពូកែ ហើយធ្វើខ្លួនជាមនុស្សល្អ ដើម្បីចូលរួមជួយសង្គមជាតិទៅអនាគត។ អ្នកតំណាងរាស្ត្របានបញ្ជាក់ថា ពលរដ្ឋល្អត្រូវមានទ្រព្យ៤យ៉ាង ដូចពាក្យស្លោកបានពោលថា ” សំពត់អាវលម្អរូបកាយ គុណធម៌ទាំងឡាយលម្អផ្លូវចិត្ត ចំណេះវិជ្ជាលម្អផ្លូវជីវិត មារយាទនោះពិតលម្អត្រកូល “។

សូមបញ្ជាក់ថា ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម ប៉ែន ស៊ីម៉ន បានផ្តល់រង្វាន់ជូនសិស្សលំដាប់និទ្ទេសA ៩១នាក់នូវម៉ូតូម៉ាកHonda Beat ផលិតឆ្នាំ២០២៤ ចំនួន៩១គ្រឿង និងពានរង្វាន់ម្នាក់ ១គ្រឿង រួមទាំងថវិកា៤០ម៉ឺនរៀល។

ជាមួយនេះ ឯកឧត្តមប្រធានគណ:កម្មការទី១០នៃរដ្ឋសភាក៏បានផ្តល់អាហាររូបករណ៍ជូនសិស្សក្រីក្រ និងងាយរងគ្រោះ ចំនួន២០០កន្លែងនៅមហាវិទ្យាល័យសម្រាប់ឆ្នាំ២០២៤ ដោយនិសិត្សទាំងនោះអាចដាក់ពាក្យបាននៅទីតាំងរៀបចំកម្មវិធីតែម្តង៕