អន្តរជាតិ

ជនជាតិប៉ាឡេស្ទីន៦នាក់ស្លាប់,ស្ត្រីជាមន្ត្រីប៉ូលិសអ៊ីស្រាអែលម្នាក់ស្លាប់នៅWest Bank

ប្រែសម្រួល៖ សសម្បត្តិ

រ៉ាម៉ាឡា៖ យោងតាមប្រភពទទួលបានពីភាគីទាំងសងខាងបានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែលនៅតំបន់ West Bank បានវាយប្រហារទាំងព្រឹកព្រលឹមបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនចំនួន ៦ នាក់ បានសម្លាប់ រីឯនារីម្នាក់ដែលជាមន្ត្រីប៉ូលីសអ៊ីស្រាអែលបានស្លាប់នៅខណ:ពេលដែលមានការគប់គ្រាប់បែកនៅតាមដងផ្លូវទៅលើរថយន្តរបស់ប៉ូលិសអ៊ីស្រាអែលនៅថ្ងៃអាទិត្យ ទី៧ មករានេះ។

ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់អ៊ីស្រាអែលជាមួយនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសអំពើហិង្សានៅតំបន់ West Bank ដែលរាលដាលពីតំបន់ហ្គាហ្សាបានចាប់ផ្តើមកើនឡើងដល់កម្រិតមួយស្មានមិនដល់នៅក្នុងរយៈពេលជិតពីរទសវត្សរ៍កន្លងមកនេះ។ កងកម្លាំងអ៊ីស្រាអែលតែងតែធ្វើការវាយឆ្មក់ជាប្រចាំនៅក្នុងទឹកដីដែលខ្លួនកាន់កាប់ ជាពិសេសវាយប្រហារទៅលើបន្ទាយរបស់ក្រុមសកម្មប្រយុទ្ធ Jenin និងជំរំជនភៀសខ្លួនដែលនៅជិតនោះ។

មន្ត្រីក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីនមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡានៃតំបន់ West Bank បាននិយាយថា ​ជាក់ស្តែង “ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើលំនៅឋានរបស់ពលរដ្ឋប៉ាឡេស្ទីនបានសម្លាប់មនុស្សចំនួន ៦ នាក់នៅតំបន់ Jenin” ។

ជាមួយគ្នានោះកងកម្លាំងរបស់អ៊ីស្រាអែលក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែរថា មន្ត្រីប៉ូលិសអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយនៅក្នុងជំរុំជនភៀសខ្លួន Jenin ដោយបានបន្ថែមថា មន្ត្រីប៉ូលិសអ៊ីស្រាអែលបីនាក់ផ្សេងទៀតក៏បានរងរបួសផងដែរ។

កងកម្លាំងអ៊ីស្រាអែល​បាន​បញ្ជាក់​ថា​៖ “ស្ត្រីរងគ្រោះជា ​មន្ត្រី​ប៉ូលិស ដែលស្ថិតនៅ​ក្នុង​រថយន្ត​ប្រតិបត្តិការ​មួយ​ត្រូវបានរង​ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានរាយការណ៍នៅព្រឹកថ្ងៃអាទិត្យថា ការដាក់ពង្រាយកងទ័ពពិសេសរបស់អ៊ីស្រាអែលកំពុងដំណើរការនៅក្នុងទីក្រុង Jenin ។

ភ្នាក់ងារសារព័ត៌មានបានថ្លែងថា ជនជាតិប៉ាឡេស្ទីនប្រាំមួយនាក់ដែលត្រូវបានសម្លាប់មានបួននាក់ក្នុងចំណោមនោះជាបងប្អូននឹងគ្នា”ការវាយប្រហារនេះធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល” ទៅលើតំបន់ Jenin ។

ការ​វាយឆ្មក់​របស់​កងទ័ពពិសេស​អ៊ីស្រាអែល​លើ​តំបន់ Jenin ជា​ញឹកញាប់​បង្ក​ឲ្យ​មានការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ពអ៊ីស្រាអែល និង​ក្រុម​សកម្មប្រយុទ្ធ​ប៉ាឡេស្ទីន។

កងទ័ព​អ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងកំណត់គោលដៅ “ភេរវករ” ដើម្បីធ្វើការវាយឆ្មក់ប៉ុន្តែក្រសួងសុខាភិបាលប៉ាឡេស្ទីនថ្លែងថា មានជនស៊ីវិលជាច្រើននាក់ស្ថិតនៅក្នុងចំណោមអ្នកស្លាប់។

អ៊ីស្រាអែលបានកាន់កាប់តំបន់ West Bank ចាប់តាំងពីមានសង្រ្គាមជាមួយរដ្ឋអារ៉ាប់នៅក្នុងឆ្នាំ ១៩៦៧ ។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ចាប់តាំងពីមានសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសចាប់ផ្តើមនៅថ្ងៃទី ៧ តុលា យ៉ាងហោចណាស់មានមនុស្សចំនួន ៣២៧ នាក់នៅក្នុងតំបន់ West Bank ត្រូវបានសម្លាប់ដោយទាហាន​អ៊ីស្រាអែល ឬដោយអ្នកតាំងទីលំនៅរបស់អ៊ីស្រាអែល។

ការវាយប្រហារដោយក្រុមហាម៉ាសកាលពីថ្ងៃទី ៧ តុលា ទៅលើប្រទេសអ៊ីស្រាអែល បានបណ្តាលឲ្យមនុស្សប្រហែល ១,១៤០ នាក់បានស្លាប់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។

ជាការសងសឹក កងទ័ពអ៊ីស្រាអែលកំពុងធ្វើការទម្លាក់គ្រាប់បែកឥតឈប់ឈរ និងវាយលុកដោយទ័ពថ្មើរជើងដោយបានសម្លាប់មនុស្សជាង ២២,០០០ នាក់នៅក្នុងតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕

ប្រភព៖ AFP/ac