អន្តរជាតិ

ចិននឹងដាក់ទណ្ឌកម្មក្រុមហ៊ុនផលិតអាវុធអាមេរិក៥ជុំវិញលក់អាវុធឲ្យតៃវ៉ាន់

ប្រែសម្រួល៖ ស្រីស្រស់

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃអាទិត្យ (៧មករា)ថា ប្រទេសចិននឹងដាក់ទណ្ឌកម្មក្រុមហ៊ុនផលិតអាវុធអាមេរិកចំនួនប្រាំ ដើម្បីជាការឆ្លើយតបទៅនឹងការលក់អាវុធចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់។

ការ​លក់​អាវុធ​របស់​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​តៃវ៉ាន់​គឺជា​ប្រភព​នៃ​ភាព​តានតឹង​ជា​ញឹក​ញាប់​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង។

ការ​ដាក់​ទណ្ឌកម្ម​នេះ​កើត​មាន​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​និង​សភា​នៅ​ថ្ងៃ​ទី 13 ខែ​មករា​របស់​កោះ​តៃវ៉ាន់ ដែល​ចិន​បានដាក់ជា​​ជា​ជម្រើស​រវាង​សង្រ្គាម និង​សន្តិភាព។

ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីខែមុនបានអនុម័តការលក់ឧបករណ៍ចំនួន 300 លានដុល្លារដើម្បីជួយរក្សាប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្ររបស់តៃវ៉ាន់។

អ្នកនាំពាក្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់សព្វាវុធនាពេលថ្មីៗនេះ “ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់យ៉ាងធ្ងន់ធ្ងរ”។

ក្រុមហ៊ុនដែលនឹងត្រូវដាក់ទណ្ឌកម្មគឺ BAE Systems Land and Armaments, Alliant Techsystems Operations, AeroVironment, Viasat និង Data Link Solutions ។

អ្នកនាំពាក្យរូបនេះបាននិយាយថា ប្រទេសចិននឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងនេះ និងហាមប្រាមមនុស្ស ឬអង្គការនានាក្នុងប្រទេសចិនមិនឱ្យចូលរួមជាមួយពួកគេ៕

ប្រភព៖ Reuters/mi