ព័ត៌មានជាតិ

គណបក្សកាន់អំណាចនៅខេត្តបន្ទាយមានជ័យប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាជ័យជម្នះ៧មករា

ដោយ ៖បន្ទាយ

បន្ទាយមានជ័យ៖ នៅក្នុងសាលមហោស្រពនៃមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ គណបក្សកាន់អំណាចខេត្តនេះបានប្រារព្ធអង្គមិទ្ទីងខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៤) ។

មានមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីនៃគណបក្សនិងក្រុមការងារចុះមូលដ្ឋានខេត្តរាបរយនាក់ រួមទាំងយុវជន យុវនារីបន្តវេននិងមនុស្សចាស់ជាមន្ត្រីចូលនិវត្តន៍ដែលជារៀមច្បងផុតវេន លោកគ្រូអ្នកគ្រូ កងកម្លាំង ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរ អង្គភាពនិងប្រជាពលរដ្ឋសរុបរាប់រយនាក់បានចូលរួម។

លោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជនកម្ពុជា និងជាប្រធានគណ:កម្មាធិការបក្សខេត្តបន្ទាយមានជ័យបានលើកឡើងថា : ជ័យជម្នះ៧មករា បានសង្គ្រោះអាយុជីវិតប្រជាជនដែលនៅសេសសល់ពីការកាប់សម្លាប់បានទាន់ពេលវេលា បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត ។

លោកឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យសូមឧទ្ទិសឲ្យស្មារតីថ្ងៃរំដោះជាតិនេះអោយស្ថិតនៅក្នុងក្រអៅបេះដូងប្រជាជន កម្ពុជាគ្រប់រូប ។

និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈ។ លោកសង្កត់ធ្ងន់ថា : “តាមរយៈស្មារតី ៧ មករា ១៩៧៩ កម្ពុជាសម្រចបាននូវសន្តិភាពពេញលេញនិងការអភិវឌ្ឍ និងកំពុងបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ” ។

នាឱកាសនោះ ក៏មានការចែកនូវអំណោយមួយចំនួនដល់និវត្តជន៤៥នាក់ ជាការសម្គាល់នៃទទួលស្គាល់និងដឹងគុណរៀមច្បង ក៏ដូចជាដឹងគុណអ្នករៀមច្បង ៕