ព័ត៌មានជាតិ

ខេត្តកំពង់ចាមគាំទ្រសម្តេចធិបតីហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី២៩ធ្នូជា«ទិវាសន្តិភាពនៅកម្ពុជា»ចំខួបអនុស្សាវរីយ៍លើកទី៤៥

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមថ្លែងថា នាមមន្រ្តីរាជាការ,កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តនេះ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីដែលបានកំណត់យកថ្ងៃទី ២៩ ធ្នូជា«ទិវាសន្តិភាពនៅកម្ពុជា»។

រូបភាពៈ ចៅវង្ស

លោកអភិបាលខេត្តកំពង់ចាមបានប្រកាសគាំទ្រនូវប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ នៅចំពោះមុខអ្នកចូលរួមប្រមាណ ៦.០០០ នាក់ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤៥ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៤ នៅបរិវេណវិមានឯករាជ្យ ខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ៧ មករានេះ។

រូបភាពៈ ចៅវង្ស

មុនបិទបញ្ចប់សន្ទរកថាប្រវែងជាងបួនទំព័រ លោក អ៊ុន ចាន់ដា បានថ្លែងថា៖ ក្នុងនាមអង្គពិធីក៏ដូចជាប្រជាជនខេត្តកំពង់ចាម លោកសូមថ្លែងអំណរគុណ ដោយសេចក្តីគោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលបានបញ្ចប់ស ង្គ្រាមផ្ទៃក្នុងកម្ពុជា នាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងជាប្រវត្តិសាសស្ត្រ ចាប់ពីចុងឆ្នាំ១៩៩៨។

រូបភាពៈ ចៅវង្ស

លោកបានថ្លែងបន្តថា៖ ផ្តើមចេញពីនយោបាយ ឈ្នះ ឈ្នះ រាជរដ្ឋាភិបាលកម្ពុជា រក្សាបាននូវសន្តិភាព សន្តិសុខសង្គម និងបានធ្វើឲ្យកម្ពុជាទទួលបាននូវឱកាស ពេញលេញ សម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្នុងឱកាសនេះដែរ តាងនាមមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម លោកសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន កំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា»” ដើម្បីជាការក្រើនរំលឹកដល់ខ្មែរជំនាន់ក្រោយ ឱ្យមានស្មារតីរំលឹកដល់ទុក្ខវេទនារបស់ខ្មែរ បណ្ដាលមកពីភ្លើងសង្គ្រាម និងការបែកបាក់ជាតិពី អតីតកាល។ ជាពិសេស បំផុសស្មារតីខ្មែរជំនាន់ក្រោយឱ្យបានជ្រួតជ្រាបពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដោយមិនត្រូវឱ្យបាត់បង់ពីជាតិកម្ពុជាជាដាច់ខាត៕

រូបភាពៈ ចៅវង្ស
រូបភាពៈ លី ស៊ីយ៉ា
រូបភាពៈ ចៅវង្ស