សន្ដិសុខសង្គម

សមត្ថកិច្ចបញ្ជូនអ្នករត់Pass App ៥នាក់ដែលវាយកាប់ចាក់គ្នារងរបួសធ្ងន់ទៅតុលាការ

ដោយ៖បន្ទាយ

បន្ទាយមានជ័យ៖ នៅទីបំផុតកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានរៀបចំបញ្ជូនអ្នករត់ម៉ូតូកង់៣(Pass App) ចំនួន៥នាក់ដែលមានជម្លោះដណ្តើមម៉ូយគ្នាឈានដល់កាប់ចាក់គ្នាបង្កឲ្យមានរបួសធ្ងន់ទៅតុលាការខេត្តបន្ទាយមានជ័យហើយនៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។

សូមរំលឹកថា កាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ឆ្លងចូលឆ្នាំថ្មី ឆ្នាំសាកលនៅចំណុច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានជម្លោះដ៏ធំមួយដែលកើតឡើងរវាងអ្នកម៉ូតូកង់៣ក្នុងការដណ្តើមម៉ូយគ្នា។ ហេតុការណ៍នោះបានបណ្តាលឲ្យមនុស្សចំនួន៤នាក់រងរបួសធ្ងន់ដោយសារមូលហេតុកាងកន្លែងរកស៊ីចាប់ម៉ូយជិះPass App។

ក្រោយមកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះស្រាវជ្រាវនឹងឈានទៅចាប់ខ្លួនជាបន្តបន្ទាប់បានអ្នករត់ម៉ូតូកង់៣ចំនួន៥នាក់ដែលជាប់ពាក់ព័ន្ធនៅក្នុងរឿងអំពើហិង្សានោះ ដើម្បីរៀមចំសំណុំរឿងបញ្ជូនពួកគេទៅតុលាការចាត់ការតាមច្បាប់។

លោកវរសេនីយត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា : ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាន រួមមាន :១-ឈ្មោះ  លី ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ ,  ២-ឈ្មោះ  សោ ភារិន ភេទប្រុស អាយុ២៧ឆ្នាំ, ៣-ឈ្មោះ  សោ ភារៈ ភេទប្រុស អាយុ២៩ឆ្នាំ ,  ៤.ឈ្មោះ  សោ ភាឧឭឱរ៉ូន ភេទប្រុស អាយុ២៤ឆ្នាំ និង  ៥.ឈ្មោះ  សោ ភារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ។

លោក វរសេនីយ៍ត្រី  នួន  នីណារ៉ូ  បានឲ្យដឹងទៀ់តថា ក្រៅពីឃាត់ខ្លួនមនុស្សយើងក៏ដកហូតបាននូវវត្ថុតាងដែលរួមមាន១-កាំបិតកែច្នៃ ប្រវែង៦០សង់ទីម៉ែត្រ ០១, ដែកបំពង់ទីប ប្រវែង៧០សង់ទិម៉ែត្រ ចំនួន០១,  ម៉ូតូកង់៣ចំនួន៤គ្រឿង, រថយន្តម៉ាក LEXUS ពណ៌ខ្មៅចំនួន០១គ្រឿង,ទូរសព្ទម៉ាកអាយហ្វូន១៣ ប្រូមិច ពណ៌ខ្មៅ ចំនួន០១គ្រឿង,ទូរសព្ទម៉ាក Infinix ពណ៌សចំនួន០១គ្រឿង, ទូរសព្ទម៉ាកOPPO ពណ៌ខៀវ ចំនួន០១គ្រឿងនិងទូរសព្ទម៉ាកអាយហ្វូន៦ ពណ៌ខ្មៅ ចំនួន០១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅក្នុងសំណុំរឿងដែលបានបញ្ជូនទៅតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តនោះ គឺនៅដំណាក់កាលសមត្ថកិច្ចបានចោទប្រកាន់ដាក់បន្ទុកជនសង្ស័យទាំង៥នាក់ “ជាករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស “៕