សន្ដិសុខសង្គម

ប៉ូលិសចាប់ខ្លួនបុរសម្នាក់សង្ស័យជាឃាតកសម្លាប់មនុស្សទុកសពចោលក្នុងផ្ទះល្វែង

ប្រែសម្រួល៖ ស.សម្បត្តិ

បុរសអាយុ ៦៥ឆ្នាំម្នាក់នឹងត្រូវចោទប្រកាន់ពីបទមនុស្សឃាត បន្ទាប់ពីអ្នកជិតខាងរបស់គាត់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះល្វែង មួយ នៅថ្ងៃសៅរ៍ ទី៦ មករា ឆ្នាំ២០២៤។

រថយន្តប៉ូលិសនៅប្លុក 460B Bukit Batok West Avenue 9 (រូបថត៖ CNA/Suen Wai Kit)

ប៉ូលិស​បាន​និយាយ​ថា ដំបូងពួក​គេ​បាន​ទទួល​ទូរសព្ទ​ឱ្យ​ជួយ​នៅ​ម៉ោង​ប្រហែល ៨ និង​២០​នាទី​ព្រឹក​ពី​អង្គភាព​លំនៅឋាន​មួយ។ពេលទៅដល់ គេបានប្រទះឃើញស្ត្រីអាយុ៤៣ឆ្នាំម្នាក់ ស្លាប់នៅខាងក្នុងផ្ទះល្វែង ជាកន្លែងដែលនាងត្រូវបានគ្រូពេទ្យប្រកាសថាស្លាប់ជាបន្តបន្ទាប់។

ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ ដែលជាកូនប្រុសរបស់អ្នកស្លាប់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

បុរសនោះត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ។ កាំបិត​ដែល​គេ​ជឿ​ថា​ប្រើ​ក្នុង​ហេតុការណ៍​នោះ​ត្រូវ​បាន​គេ​រឹបអូស។

ប៉ូលិសបាននិយាយថា ការស៊ើបអង្កេតកំពុងបន្ត។នៅពេលដែល អ្នកយកព័ត៌មានCNA បានមកដល់ប្លុក 460B, Bukit Batok West Avenue 9 កាលពីល្ងាចថ្ងៃសៅរ៍ មានរថយន្តប៉ូលិសជាច្រើនគ្រឿង រួមទាំងរថយន្តស៊ើបអង្កេតកន្លែងកើតហេតុផងដែរ។

រថយន្តប៉ូលីសនៅប្លុក 460B Bukit Batok West Avenue 9 នៅថ្ងៃទី 6 ខែមករា ឆ្នាំ 2024 (រូបថត៖ CNA/Suen Wai Kit)

ប៉ូលិសត្រូវបានគេឃើញនៅជុំវិញជាន់ទី 2 នៃប្លុក។ ជនសង្ស័យ​ពាក់​ឈុត​ការពារ​ផ្ទាល់ខ្លួន​ពណ៌​ស និង​ពាក់​ម៉ាស​មុខ ត្រូវ​បាន​នាំ​ចូល​ក្នុង​រថយន្ត​ប៉ូលិស​នៅ​ម៉ោង​ប្រហែល​១១​និង​២៥​នាទី​ព្រឹក ។

អ្នក​នៅ​ជាន់​ទី​២ និង​ទី​៣ ដែល​បាន​និយាយ​ជាមួយអ្នកយកព័ត៌មាន CNA បាន​និយាយ​ថា ពួក​គេ​មិន​បាន​ឮ​សំឡេង​ចលាចល​អ្វី​ឡើយ។

ស្ត្រី​វ័យ​៦០​ឆ្នាំ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា៖ «ប៉ូលិស​មិន​បាន​ប្រាប់​យើង​អ្វី​ទេ។ អ្នក​ស្រុក​ម្នាក់​ទៀត​ក្នុង​វ័យ ៣០ ឆ្នាំ​បាន​និយាយ​ថា ប្លុក​នេះ​តែង​តែ​ស្ងប់ស្ងាត់ ហើយ​ឧបទ្ទវហេតុ​នេះវា​គួរ​ឲ្យ​តក់ស្លុត​ខ្លាំងណាស់។

កងកម្លាំងការពារជនស៊ីវិលសិង្ហបុរី (SCDF) បាននិយាយថា ខ្លួនបានទទួលការហៅរកជំនួយនៅម៉ោងប្រហែល 8.25 ព្រឹក។

សេចក្តីរាយការណ៍បន្ថែមថា មនុស្សម្នាក់ត្រូវបានប្រកាសថាបានស្លាប់នៅកន្លែងកើតហេតុដោយគ្រូពេទ្យ SCDF ខណៈម្នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសាកលវិទ្យាល័យជាតិ។

ជន​សង្ស័យ​នឹង​ត្រូវ​ចោទ​ប្រកាន់​នៅ​តុលាការ​នៅ​ថ្ងៃ​អាទិត្យ​ពី​បទ​មនុស្ស​ឃាត។ អំពើ​ឃាតកម្ម​គិត​ទុក​ជា​ទោស​ប្រហារ​ជីវិត៕

ប្រភព៖ CNA/gs(gr)