អន្តរជាតិ

តុលាការកំពូលអាមេរិកពិចារណាករណីលោក ត្រាំ គួររារាំងពីការឈរឈ្មោះប្រធានាធិបតីដែរឬទេ?

ប្រែសម្រួល៖ សហការី

វ៉ាស៊ីនតោន៖ ដោយសារតែសំណុំរឿងលោក ដូណាល់ ត្រាំអាចបង្កឲ្យមានការរំជើបរំជួលនិងរង្គោះរង្គើនៅក្នុងឆាកនយោបាយដែលនឹងជះឥទ្ធិពលដ៏អាក្រក់ទៅដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤។ កាលពីថ្ងៃសុក្រ ទី៥ មករា ២០២៤ តុលាការកំពូលអាមេរិក បានយល់ព្រមទទួលយកបណ្តឹងឧទ្ធរណ៍របស់លោក ដូណាល់ ត្រាំដើម្បីពិចារណាក្នុងការធ្វើសេចក្តីសម្រេចចិត្តថាតើគួរតែរារាំងអតីតប្រធានាធិបតីពីរូបនេះមិនឲ្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋដែឬទេ?

សេចក្តីសម្រេចរបស់តុលាការនៃរដ្ឋ Colorado ដែលបានចេញកាលពីថ្ងៃទី ១៩ ធ្នូ បានដកអភ័យឯកសិទ្ធិលោក ត្រាំ មិនឲ្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋដោយផ្អែកលើខ្លឹមសារនៅក្នុងវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១៤បានចែងថាបុគ្គលណាដែលបានចូលរួមក្នុងការបះបោរដែលពាក់ព័ន្ធនឹងការវាយប្រហារនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ជាមួយអ្នកគាំទ្ររបស់ខ្លួននៅវិមាន Capitol របស់សហរដ្ឋអាមេរិកនឹងត្រូវរារាំងមិនឲ្យចូលរួមក្នុងការបោះឆ្នោត។

ក្រុមអ្នកជំនាញបាននិយាយថា នីតិវិធីរបស់តុលាការ​លើ​សំណុំរឿងលោក ត្រាំ ​មានដំណើរការ​លឿនខុស​ប្រក្រតី។

អតីតប្រធានាធិបតី ដូណាល់ ត្រាំ ជាអ្នកនាំមុខគេសម្រាប់ការតែងតាំងជាបេក្ខភាពប្រធានាធិបតីនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋដើម្បីប្រជែងជាមួយនឹងប្រធានាធិបតី ចូ បាយឌិន  នៅក្នុងការបោះឆ្នោតខែវិច្ឆិកា។ ការដាក់ពាក្យប្តឹងឧទ្ធរណ៍របស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ចៅក្រមនឹងពិចារណាលើការសម្រេចចិត្តបន្ទាប់ពីពន្លឿននីតិវិធីឲ្យបានឆាប់ដើម្បីបន្តដំណើរការដេញដោលលើអង្គហេតុដោយផ្ទាល់មាត់នៅថ្ងៃទី ៨ ខែកុម្ភៈ។ សវនាការបឋមរបស់តុលាការនៃរដ្ឋ Colorado និងត្រូវធ្វើនៅថ្ងៃទី ៥ មីនា។

តុលាការរដ្ឋ Colorado នឹងដំណើរការក្តីតទល់ជាមួយលោក ត្រាំដោយសំអាងលើច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញថ្មី អ្នកឈរឈ្មោះបោះឆ្នោតមកពីគណ:បក្សសាធារណៈរដ្ឋ និងអ្នកបោះឆ្នោតដែលមិនមាននិន្នាការពាក់ព័ន្ធក្នុងបក្សនយោបាយនៅក្នុងរដ្ឋ Colorado ក៏ដូចជាលោក ត្រាំ គឺមិនទទួលបានការប្រទានសិទ្ធិឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្រោមបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញនៃច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១៤ដែលហាមឃាត់បុគ្គលណាក៏ដោយដែល “ចូលរួមក្នុងការបះបោរ” មិនត្រូវបានអនុញ្ញាតឲ្យកាន់តំណែងសាធារណៈ ដូច្នេះហើយយោងតាមបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញនៃច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១៤បានរារាំងលោកត្រាំពីការបង្ហាញខ្លួនក្នុងយុទ្ធនាការបោះឆ្នោតបឋមដែលមានឈ្មោះនិងរូបថតរបស់គាត់នៅលើសន្លឹកឆ្នោតជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។

តុលាការកំពូលមិនបានចាត់នីតិវិធីលើបណ្តឹងឧទ្ធរណ៍របស់លោកត្រាំដាច់ដោយឡែកលើសេចក្តីសម្រេចរបស់តុលាការរដ្ឋ Colorado ក្នុងសំណុំរឿងលោកដូណាល់ត្រាំមកពីគណបក្សសាធារណរដ្ឋនោះទេ។

សំណុំរឿងដែលចាត់ការដោយតុលាការរដ្ឋខូឡូរ៉ាដូជាសម្ពាធមួយជំរុញឲ្យតុលាការកំពូល មានជំហរមិនច្បាស់លាស់ដោយសារតែចៅក្រមភាគច្រើនមកពីក្រុមអភិរក្សនិយមមាន ៦-៣ រួមទាំងចៅក្រមបីនាក់ដែលត្រូវបានតែងតាំងដោយលោក ត្រាំ ផ្ទាល់ក៏បានចូលពាក់ព័ន្ធក្នុងដំណើរការក្តីដែលមិនធ្លាប់មានពីមុនមក និងឥទ្ធិពលនយោបាយលើការទាមទាររបស់លោកត្រាំដើម្បីចាប់យកសេតវិមានមកគ្រប់គ្រងវិញឲ្យខាងតែបាន៕

ប្រភព: Reuters/gs