អន្តរជាតិ

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ធំនៅជប៉ុនបានកើនឡើងដល់៩៨នាក់នៅពេលនេះ

ប្រែសម្រួល៖ សហការី

ជប៉ុន៖ នៅក្នុងថ្ងៃសៅរ៍ ទី៦ មករានេះ ក្រុមអ្នកជួយសង្គ្រោះបានបើកយុទ្ធនាការរុករកជនរងគ្រោះដោយបានធ្វើការរុះរើតាមគំនរបាក់បែកនាៗដែលជាអាទិភាពក្នុងការសង្គ្រោះបន្ទាន់ក្នុងការរុករកសាកសពជាជាងការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ទាប់ពីរយៈពេលប្រាំថ្ងៃក្រោយពីមានគ្រោះរញ្ជួយដីដ៏ធំមួយបានវាយប្រហារនៅចំកណ្តាលប្រទេសជប៉ុនដែលបង្កឲ្យមានមនុស្សប្រហែល ៩៨ នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ហើយគេជឿថានៅមានសាកសពដែលនឹងត្រូវរកឃើញក្រោមគំនរបាក់បែកបន្ថែមទៀតបើតាមការព្យាករអាចឈានដល់២១១នាក់។

អាជ្ញាធរបានលើកឡើងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត ៧.៥ រ៉ិចទ័រ កាលពីថ្ងៃចូលឆ្នាំថ្មីអាចមានចំនួនរហូតដល់ទៅ ២១១ នាក់នៅក្នុងតំបន់ Ishikawa នៃកោះ Honshu ដ៏សំខាន់របស់ប្រទេសជប៉ុនមួយនេះតែនៅមិនទាន់បានរកឃើញគ្រប់ចំនួននៅឡើយទេ។

ដោយសារតែស្ថានភាពអាកាសធាតុមិនអំណោយផលបុគ្គលិកសង្គ្រោះរាប់ពាន់នាក់ជួបការលំបាកខ្លាំងហើយបើតាមការព្យាករសម្រាប់ថ្ងៃអាទិត្យខាងមុខនេះថានឹងមានព្រិលធ្លាក់ច្រើនស្ថានភាពបច្ចប្បន្នគឺមានព្រិលកំពុងធ្លាក់រាយប៉ាយពាសពេញផ្លូវដែលប្រេះជាពីរនិងមានដើមឈើដួលរលំជាច្រើនរួមជាមួយនិងគំនរដុំថ្ម។

បើតាមស្ត្រីចំណាស់ពីរនាក់ដែលត្រូវបានគេទាញចេញពីផ្ទះបាក់បែករបស់ពួកគាត់កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថាមិនទាន់មានវិធានការគាំពារជាការលើកទឹកចិត្តដល់ពួកគាត់នោះទេ។

នៅក្នុងទីក្រុង Suzu ជាកន្លែងដែលផ្ទះរាប់សិបខ្នងត្រូវបានស្រុតចុះនិងមានសភាពទ្រុឌទ្រោម ចំណែកសត្វឆ្កែមួយក្បាលបានព្រុសភ្នាក់ងារ AFP ដែលកំពុងតែថតយកសកម្មភាពប្រតិបត្តិការសម្អាតទីតាំងបាក់បែកកាលពីថ្ងៃសុក្រដែលបង្ហាញជាសញ្ញាថាសត្វឆ្កែមួយក្បាលនេះមិនសម្បាយចិត្តជាមួយពួកគេនោះទេ។

គ្រូបង្ហាត់ឆ្កែឈ្មោះ Masayo Kikuchi បានប្រាប់ AFP ថា “ការបណ្តុះបណ្តាលឆ្កែឲ្យចេះជួយសង្គ្រោះមនុស្សក្នុងគ្រាអាន្ននោះគឺដូចក្មេងលេងបិទពួនយ៉ាងចឹង” ។

“ហើយនៅទីបំផុតសត្វឆ្កែ​​ត្រូវ​បាន​ហ្វឹកហាត់​ឲ្យ​ព្រុសនៅ​ពេលដែលវារក​ឃើញ​មនុស្ស​នៅក្រោម​គំនរ​បាក់បែក​”។

ផ្ទះ​ដែល​មាន​អ្នក​ស្លាប់​ដែល​គេបាន​ប្រទះ​ឃើញ​​ត្រូវ​បាន​គេដាក់សញ្ញា​សម្គាល់​និងរក្សាសាកសព​ទុក​រហូត​ដល់​គ្រូពេទ្យ​អាច​មក​ជាមួយ​សាច់ញាតិ​ដើម្បី​កំណត់​អត្តសញ្ញាណ​សាកសព​។

គេបានរាយការណ៍មកថានៅក្នុងទីក្រុងកំពង់ផែ ដោយសារឥទ្ធិពលនៃរលកយក្សស៊ូណាមិបានបោកពន្លិចទូកនេសាទជាច្រើនហើយទូកខ្លះទៀតអណ្តែតរប៉ាត់រប៉ាយលើផ្ទៃទឹកមើលទៅហាក់ដូចជារបស់របរសម្រាប់ក្មេងលេងថែមទាំងបានបោកបក់យកមនុស្សម្នាក់បាត់ខ្លួនក្នុងទឹកសមុទ្រផងដែរ។

នៅតំបន់ Wajima ក្បែរនោះ ក៏មានអគ្គិភ័យដ៏ធំបានឆាបឆេះឡើងហើយក៏បានបំផ្លាញសំណង់រាប់រយអគារនៅក្នុងថ្ងៃដំបូងធ្វើឲ្យអគារប្រាំពីរជាន់បាក់ដួលរលំ។

Hiroyuki Hamatani អាយុ ៥៣ ឆ្នាំបាននិយាយថា “ខ្ញុំបានសម្រាកនៅថ្ងៃបុណ្យចូលឆ្នាំថ្មីគឺជាពេលដែលមានការរញ្ជួយដីកើតឡើង។ សាច់ញាតិរបស់ខ្ញុំបាននៅជួបជុំគ្នានៅទីនោះហើយយើងកំពុងតែអបអរសប្បាយនិងបុណ្យចូលឆ្នាំថ្មី” ចំណែក លោក Hiroyuki Hamatani អាយុ ៥៣ ឆ្នាំម្នាក់ទៀតបាននិយាយថានៅចំពេលរញ្ជួយដីរមានថយន្តឆេះហើយបង្គោលទូរលេខក៏បានដួលរលំផងដែរ។

គាត់បានប្រាប់ AFP ថា “ផ្ទះដែលខ្ញុំធ្លាប់រស់នៅឥឡូវនេះខ្ទេចខ្ទីអស់ហើយខ្ញុំមិនដឹងទៅរស់នៅឯណាទេខ្ញុំមិនមានកន្លែងទៅនោះទេហើយក៏មិនដឹងគិតថាយ៉ាងម៉េចតទៅថ្ងៃអនាគត” ៕

ប្រភព៖ AFP/gs