អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍Alaska Airlinesផ្អាកយន្តហោះ Boeing 737 MAX 9

ប្រែសម្រួល៖ បញ្ញា

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបញ្ឈប់យន្តហោះ Boeing 737 MAX 9 របស់ខ្លួនទាំងអស់នៅថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីជើងហោះហើរដែលមានមនុស្សជិះលើយន្តហោះ ១៧៧នាក់ បាន ចុះចតជាបន្ទាន់ក្នុងរដ្ឋ Oregon ដោយអ្នកដំណើរនិយាយថា ផ្ទាំងបង្អួចបានផ្ទុះបន្ទាប់ពីហោះឡើង។ជើងហោះហើរលេខ 1282 បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Portland នៅល្ងាចថ្ងៃសុក្រ។

រូបភាពដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីផ្ទាំងបង្អួចរបស់យន្តហោះបានផ្ទុះឡើង ជាមួយនឹងរបាំងអុកស៊ីហ្សែនសង្គ្រោះបន្ទាន់ព្យួរពីលើពិដាន។

លោក Ben Minicucci នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីព្រឹត្តិការណ៍យប់នេះនៅលើជើងហោះហើរលេខ 1282 យើងបានសម្រេចចិត្តចាត់វិធានការប្រុងប្រយ័ត្នក្នុងការបញ្ឈប់ជាបណ្តោះអាសន្ននូវយន្តហោះ Boeing 737-9 របស់យើង”។

លោកបានមានប្រសាសន៍ថា “យន្តហោះនីមួយៗនឹងត្រូវប្រគល់ឲ្យបម្រើសេវាវិញបាន លុះត្រាតែការបញ្ចប់ការថែទាំពេញលេញ និងការត្រួតពិនិត្យសុវត្ថិភាព” ដោយរំពឹងថាការត្រួតពិនិត្យនឹងបញ្ចប់ក្នុងរយៈពេលពីរបីថ្ងៃ។

Kyle Rinker អ្នកដំណើរនៅលើជើងហោះហើរបានប្រាប់ CNN ថាបង្អួចមួយបានលេចចេញភ្លាមៗបន្ទាប់ពីការហោះហើរ៕

ប្រភព៖ AFP/gr