អន្តរជាតិ

ក្រុមជីវពលហេសបូឡាហ៍បាញ់មីស៊ីលទៅលើមូលដ្ឋានកងទ័ពអ៊ីស្រាអែលនៅភាគខាងជើង

ប្រែសម្រួល៖ សហការី

បេរូត៖ ក្នុងថ្ងៃសៅរ៍ ទី៦ មករា ក្រុមជីវពលហេសបូឡាហ៍នៅលីបង់បានបាញ់រ៉ុក្កែតជាង ៦០ គ្រាប់ទៅលើមូលដ្ឋានយោធាអ៊ីស្រាអែលមួយកន្លែង ក្រុមនេះបានអះអាងថា ការវាយប្រហារដោយមីស៊ីលនេះគឺជាការឆ្លើយតបចំពោះការសម្លាប់មេដឹកនាំទីពីររបស់ក្រុមហាម៉ាសនៅក្នុងក្រុងបេរូត។

ក្រុមជីវពលហេសបូឡាហ៍ដែលគាំទ្រដោយអ៊ីរ៉ង់បានបញ្ជាក់នៅក្នុងសេចក្តី​ថ្លែង​ការណ៍​មួយថា ការវាយប្រហារដោយមីស៊ីលគឺ “ជាការសងសឹកទៅនឹងឧក្រិដ្ឋកម្មធ្វើឃាតមេដឹកនាំចលនាតស៊ូអ៊ីស្លាមឈ្មោះ Sheikh Saleh al-Arouri ដែលជាអ្នកដឹកនាំការតស៊ូអ៊ីស្លាម។ការវាយប្រហារនេះត្រូវបានកំណត់គោលដៅលើមូលដ្ឋានគ្រប់គ្រងដែនអាកាសនៃមូលដ្ឋានយោធាអ៊ីស្រាអែលហៅថា Meron ដោយបានបាញ់មីស៊ីលប្រភេទផ្សេងៗគ្នាចំនួន ៦២គ្រាប់ ” ។

គេបានសង្កេតឃើញថាមានការវាយប្រហារតគ្នាទៅវិញទៅមកជាប្រចាំនៅតាមបណ្តោយព្រំដែនអ៊ីស្រាអ៊ែលនិងលីបង់ដែលភាគច្រើនកើតឡើងរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមជីវពលហេសបូឡាហ៍ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាសចាប់តាំងពីផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ២០២៣កន្លងទៅ។

ការសម្លាប់លោក Aouri មេដឹកនាំចលនាតស៊ូអ៊ីស្លាមកាលពីថ្ងៃអង្គារនៅក្នុងបន្ទាយ Hezbollah ភាគខាងត្បូងទីក្រុង Beirut នោះមន្ត្រីការពារជាតិអាមេរិកបានប្រាប់ AFP ថាត្រូវបានធ្វើឡើងដោយអ៊ីស្រាអែលហើយព្រឹត្តិការណ៍នេះកាន់តែបង្កើនការភ័យខ្លាចបន្ថែមទៀត។

អ៊ីស្រាអែល​មិន​បានចេញមុខ​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ទេ ដែល​ជាការវាយប្រហារជា​លើក​ដំបូង​មកលើ​រដ្ឋធានីរបស់ប្រទេស​លីបង់​ចាប់​តាំង​ពី​មានរឿង​អរិភាព​បាន​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ​មុន។

ប្រភពពីយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់អត្តសញ្ញាណនូវប្រភពបាញ់រ៉ុក្កែតប្រហែលជាង ៤០ គ្រាប់ចេញពីទឹកដីលីបង់នៅព្រឹកថ្ងៃសៅរ៍ ដោយបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា មិនយូរប៉ុន្មានក្រោយមកកងកម្លាំងអ៊ីស្រាអែលក៏បានធ្វើការតបតចំពោះការបាញ់រ៉ុក្កែតមកលើមូលដ្ឋានយោធាអ៊ីស្រាអែល ។

សម្លេងស៊ីរ៉ែនសម្រាប់ជាសញ្ញានៃការលប​វាយឆ្មក់​តាម​អាកាស​បាន​បន្លឺឡើង​តាម​ទីក្រុង​នានានៅ​ទូទាំង​ភាគ​ខាងជើង​អ៊ីស្រាអែលក្រោយមក​ក៏ឮសម្លេង​ផ្ទុះគ្រាប់នៅក្នុងតំបន់ Golan Heights ដែល​កាន់កាប់​ដោយ​កងទ័ពអ៊ីស្រាអែល។

នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah បានព្រមានអ៊ីស្រាអែលថា ពួកគេនឹងឆ្លើយតបយ៉ាងឆាប់រហ័ស “នៅលើសមរភូមិ” ចំពោះការសម្លាប់មេដឹកនាំចលនាតស៊ូអ៊ីស្លាម លោក Aouri ។

ភ្លើងសង្គ្រាម​ឆ្លង​ដែនបានផ្ទុះឡើង​ជិត​បី​ខែហើយ​បាន​សម្លាប់​មនុស្ស​អស់ជាង១៧៥​នាក់នៅ​ក្នុង​ប្រទេស​លីបង់​ដែលក្នុង​នោះ​មាន​កងជីវពល​ហេសបូឡាចំនួន​១២៩​នាក់ ហើយនិង​ជន​ស៊ីវិល​ជាង​២០​នាក់​រួម​ទាំង​អ្នក​កាសែត​បី​នាក់​ផង​ដែរ​នេះ​បើ​យោង​តាម​តួលេខ​របស់ AFP។

ចំណែកនៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែល ក៏មានទាហានអ៊ីស្រាអែល៩នាក់ និងជនស៊ីវិលយ៉ាងតិច៤នាក់ត្រូវបានសម្លាប់ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរអ៊ីស្រាអែល៕

ប្រភព៖ AFP/gr