អន្តរជាតិ

ឧក្រិដ្ឋជនម្នាក់បានស្ទុះលោតទៅសង្គ្រុបវាយលើចៅក្រមដែលកំពុងសវនាការនៅ Las Vegas

ប្រែសម្រួល៖សហការី

LAS VEGAS៖ កាលពីថ្ងៃពុធ ទី ៣ មករាមានអំពើហិង្សាមួយបានកើតឡើងនៅក្នុងតុលាការស្រុក Clark County នៅក្រោយពេលដែលចៅក្រមលោកស្រី Mary Kay Holthus បានច្រានចោលការស្នើ​សុំ​ឲ្យ​​បន្ធូរ​បន្ថយ​ទោសដែលបានស្នើឡើងដោយជនជាប់ចោទឈ្នោះ Redden មានអាយុ ៣០ ឆ្នាំនៅក្នុងសំណុំរឿងបង្ករបួសស្នាមមួយដែលលោកស្រីកំពុងរៀបចំចេញសាលក្រមសម្រេចដាក់ទោសឲ្យជាប់ពន្ធនាគារ។

បុរសជនជាតិ Nevada ម្នាក់ដែលត្រូវបានតុលាការកំពុងបើកសវនាការកាត់ទោសបានធ្វើការវាយដំលើចៅក្រមនៅក្នុងបន្ទប់សវនាការរបស់តុលាការ Las Vegas ដោយបានវាយទៅលើលោកស្រីចៅក្រម  ខណៈដែលគាត់ហៀបនឹងចេញសាលក្រមសម្រេចដាក់ទោសឲ្យជាប់ពន្ធនាគារ។ នៅក្នុងហេតុការណ៏ដ៏ច្របូកច្របល់មួយដែលត្រូវបានគេថតនៅក្នុងវីដេអូនៅក្នុងបន្ទប់សវនាការរបស់តុលាការ។

នៅមួយសន្ទុះ​មុន​ពេលមានការ​វាយ​ដំមកលើរូបលោកស្រីចៅក្រមបុរសជនជាប់ចោទឈ្មោះ  Redden បានធ្វើការស្នើ​សុំ​ឲ្យ​លោកស្រីចៅក្រមសម្រេច​បន្ធូរ​បន្ថយ​ទោស ដោយ​និយាយ​ថា​គាត់​មិន​សម​នឹង​ត្រូវកាត់ទោសឲ្យជាប់​គុកនោះ​ទេ។

នៅក្នុងរូបភាពវីដេអូបានបង្ហាញពីសកម្មភាពរបស់ជនល្មើសឈ្មោះ Redden ហក់ទៅសង្គ្រុបវាយលោកស្រីចៅក្រម ខណៈដែលគាត់កំពុងព្យាយាមគេចចេញពីកន្លែងនោះ។ បុរសពីរនាក់ និងមន្ត្រីតុលាការឯកសណ្ឋានម្នាក់បានប្រតាយប្រតប់គ្នាដោយបានប្រើកណ្តាប់ដៃដាល់ទៅលើ Redden នៅមុនពេលត្រូវបានអូសចេញពីបន្ទប់សវនាការរបស់តុលាការ។

លោកស្រីចៅក្រម Holthus ហាក់ដូចជាមានអារម្មណ៏ភិតភ័យខណ:ដែលគាត់បានងើបដើរចេញពីកៅអីខាងក្រោយ ចំណែកអ្នកនាំពាក្យរបស់តុលាការបានប្រាប់អ្នកសារព័ត៌មាន Las Vegas Review-Journal ថា គាត់បានរងរបួស ហើយកំពុងត្រូវបានពេទ្យពិនិត្យមុខរបួសចំណែកស្ថានភាពរបួស​របស់​គាត់​មិន​ត្រូវ​បានពេទ្យ​បញ្ជាក់ឲ្យដឹងនោះ​ទេ​។

សារព័ត៌មាន Review-Journal បានរាយការណ៍ថា ឆ្មាំការពារមួយរូបត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីទទួលរងរបួសតែមិនគំរាមកំហែងដល់អាយុជីវិតនោះទេ។

មន្ត្រី​តុលាការ និង​មេធាវី​ដែល​ពាក់ព័ន្ធ​នឹង​ករណី​នេះ​មិន​អាច​សុំ​ការធ្វើ​អត្ថាធិប្បាយ​បាន​ភ្លាមៗ​ទេ។

ជនល្មើស Redden ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ Clark County កាលពីថ្ងៃព្រហស្បតិ៍។ គាត់ត្រូវប្រឈមនឹងករណីជាច្រើនថែមទាំងមានការបំភិតបំភ័យថានឹងមានការចោទប្រកាន់បន្ថែមទៀតពីបទវាយដំលើមន្ត្រីសាធារណៈកាលពីថ្ងៃពុធ។

ជនល្មើស Redden ​បាន​ស្ថិតនៅ​ក្នុង​តុលាការ​កាលពី​ថ្ងៃ​ពុធដើម្បីចូលរួមសវនា​ការ​កាត់ទោស​ក្នុង​សំណុំរឿង​មុន​ដែល​ជនល្មើសបាន​សារភាពពីទោស​កំហុស​​របស់ខ្លួន។

បើយោងតាមកំណត់ត្រារបស់តុលាការបានបង្ហាញថាជនល្មើស Redden ត្រូវបានឃុំខ្លួនបន្ទាប់ពីគាត់ត្រូវបានគេរកឃើញថាមានទោសពីបទលួចនៅក្នុងឆ្នាំ ២០១៩ ហើយបន្ទាប់មកនៅឆ្នាំ ២០២១ ពីបទបង្ករបួសស្នាមលើរូបកាយអ្នកស្រុក៕

ប្រភព៖ Reuters/fs