អន្តរជាតិ

អ៊ីស្រាអែលដាក់ផែនការស៊ើបអង្កេតផ្ទៃក្នុងលើការវាយប្រហារដោយហាម៉ាសកាលពីថ្ងៃទី៧ខែតុលា ២០២៣

ប្រែសម្រួល៖ សហការី

ហ្ស៊េរុយសាឡឹម៖ ផែនការយោធាអ៊ីស្រាអែល ក្នុងការស៊ើបអង្កេតផ្ទៃក្នុងលើការវាយប្រហាររបស់ ក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ដែលបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សា កំពុងរងការរិះគន់ ពីមន្ត្រីស្តាំនិយម ដែលចង់ឲ្យមានការពិនិត្យឡើងវិញឲ្យកាន់តែស៊ីជម្រៅលើគោលនយោបាយសម្រាប់ដោះស្រាយជុំវិញបញ្ហាប៉ាឡេស្ទីន។

នៅក្នុងអំឡុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៤ មករា ប្រមុខយោធាអ៊ីស្រាអែល លោកឧត្តមសេនីយ Herzi Halevi បានជូនដំណឹងដល់រដ្ឋមន្ត្រីសន្តិសុខជាតិអំពីការស៊ើបអង្កេតដែលបានគ្រោងទុក ។

របាយការណ៏ស្តីពីសន្និសីទ​នេះ​ត្រូវ​បាន​បិទបាំង​ ក៏ប៉ុន្តែ​ព័ត៌មានមួយ​ចំនួន​ត្រូវ​បានផ្សព្វ​ផ្សាយ​ដោយប្រព័ន្ធ​ផ្សព្វផ្សាយ​របស់អ៊ីស្រាអែល​ រួម​ទាំង​ការ​រិះគន់​របស់​មន្ត្រី​មួយ​ចំនួន​ដែល​មាន​វត្តមាននៅក្នុងសន្និសីទនោះផងដែរ។

ការវាយឆ្មក់កាលពីថ្ងៃទី ៧ ខែតុលាដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលអ៊ីស្រាអែលបានឲ្យដឹងថា មានមនុស្សប្រហែល ១,២០០ នាក់ត្រូវបានសម្លាប់ និងប្រហែល ២៤០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង បានលេចចេញជាសំណួរថាតើកងរក្សាសន្តិសុខរបស់ប្រទេសនេះដេកលក់ឬមួយយ៉ាងណា ហេតុនេះហើយបានធ្វើឲ្យនាយករដ្ឋមន្ត្រី Benjamin Netanyahu រងនូវការរិះគន់យ៉ាងច្រើន។

មិនដូច​មន្ត្រី​កំពូលៗ​មួយ​ចំនួន​ទៀតដែលជាអ្នក​មិន​បាន​ទទួល​ខុស​ត្រូវដោយ​ផ្ទាល់​លើផ្នែករក្សាសន្តិសុខជាតិនោះទេ។ លោកនាយករដ្ឋមន្ត្រីបាននិយាយជាទូទៅបន្ថែមទៀតលើតម្រូវការជាយថាហេតុជាសាធារណៈដែលត្រូវតាក់តែងគោលនយោបាយដោយយោងតាមការព្យាករសម្រាប់រយៈពេលវែងលើការស្វែងរកដំណោះស្រាយជុំវិញបញ្ហានៅតំបន់ Gaza ។

មន្ត្រីស្តាំនិយមពីរនាក់បាននិយាយថា ពួកគេមានការខកចិត្តចំពោះការដាក់បញ្ចូលការស៊ើបអង្កេតរបស់យោធាដែលដឹកនាំដោយលោក Shaul Mofaz ដែលជាឧត្តមសេនីយ៍ចូលនិវត្តន៍ និងជារដ្ឋមន្ត្រីការពារជាតិ នៅពេលដែលកងទ័ពអ៊ីស្រាអែលបានដកចេញពីតំបន់ Gaza Strip ដោយឯកតោភាគីនៅក្នុងឆ្នាំ ២០០៥ ហើយបានបំផ្លាញការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វនៅទីនោះផងដែរ។

រដ្ឋមន្ត្រីទាំងពីររូបនោះគឺលោក Itamar Ben-Gvir និង Bezalel Smotrich បានចោទប្រកាន់អតីតឧត្តមសេនីយម្នាក់ទៀតដែលបានជួយស៊ើបអង្កេតថាបានធ្វើឲ្យយោធាចុះខ្សោយដោយគាំទ្រក្រុមដែលបានតវ៉ាទាមទារម្តងហើយម្តងទៀតឲ្យមានការផ្លាស់ប្តូរប្រព័ន្ធតុលាការដែលតែងតាំងដោយលោក Netanyahu កាលពីឆ្នាំមុន។

លោក Ben-Gvir បាននិយាយនៅលើសារបង្ហោះថា “អ្នកទាំងនេះគឺជាមនុស្សដែលគួរតែស្ថិតនៅក្រោមការស៊ើបអង្កេត ហើយត្រូវតែបែងចែកឲ្យដាច់ស្រឡះថាអ្នកណាដែលមិនគួរដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត” ។

នៅក្នុងការបង្ហោះសារតាមអ៊ីនធឺណិតផ្ទាល់ខ្លួនរបស់គាត់លោក Smotrich បាននិយាយថាគាត់មិនមានគោលការណ៍ប្រឆាំងនឹងការត្រួតពិនិត្យរបស់យោធាដែលមានបំណងកែលម្អការធ្វើសង្គ្រាមនោះទេ។

ប៉ុន្តែ​ការស៊ើបអង្កេត​លើគោលដៅណាមួយ​ដែល​ជាដើមចមនាំឲ្យ​មាន​ព្រឹត្តិការណ៍​នៅ​ថ្ងៃទី ៧ ខែតុលា គឺទាមទារ​ឲ្យដាក់បញ្ចូលសមាសភាព​គណៈរដ្ឋមន្ត្រី​នៅក្នុងនោះដែរ។

ការិយាល័យអ្នកនាំពាក្យយោធាអ៊ីស្រាអែលបានបញ្ជាក់ថា ការស៊ើបអង្កេតនៅមិនទាន់បានចាប់ផ្តើមនៅឡើយទេ ដោយបន្ថែមថា “បុគ្គលិកការិយាល័យទូទៅកំពុងរៀបចំផែនការសម្រាប់ដំណើរការស៊ើបអង្កេត និងចេញសេចក្តីសម្រេចតែងតាំងប្រធានក្រុមសម្រាប់ដឹកនាំការស៊ើបអង្កេត”៕

ប្រភព៖ Reuters/ga