សន្ដិសុខសង្គម

សមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុក្មេងស្រីជើងកាងមួយក្រុមព្រួតវាយសិស្សស្រីតែម្នាក់ឯង

ដោយ៖សុខុម
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលកាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤បានតាមឃាត់ខ្លួនក្មេង៤នាក់ដល់វាលរេញខេត្តព្រះសីហនុក្រោយផ្ទុះរូបភាពវីដេអូហិង្សាវាយទៅលើសិស្សស្រីតែម្នាក់នៅរាជធានីភ្នំពេញ។


នៅក្នុងរូបភាពវីដេអូនោះក្មេងជាសិស្សសាលាមួយក្រុមក្នុងនោះមានខ្ឬើយម្នាក់ប្រើសម្តីសម្លុតគំរាមនិងវាយសិស្សស្រីម្នាក់មិនអាចតដៃបានគឺក្មេងរងគ្រោះបានត្រឹមតែប្រើពាក្យសុំទោស។
ក្រោយប្រើអំពើហិង្សារួចហើយ ពួកគេបានរត់គេចខ្លួនទៅខេត្តព្រះសីហនុតែត្រូវសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបាននៅចំណុចរង្វង់មូលវាលរេញ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបាននាំខ្លួនពួកគេមកភ្នំពេញវិញ ដើម្បីសួរនាំរកអាណាព្យាបាលនិងមូលហេតុដែលបានកើតឡើង។


លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនទាំង៤នាក់នេះ មានទាំងអ្នកដៃដល់ អ្នកថតវីដេអូ និងអ្នកសមគំនិតដើម្បីធ្វើសកម្មភាព៕