អន្តរជាតិ

មហាសេដ្ឋីឥណ្ឌាម្នាក់ដណ្តើមបានចំណាត់ថ្នាក់អ្នកមានបំផុតនៅអាស៊ីបន្ទាប់ពីមានរឿងអាស្រូវ

ប្រែសម្រួល៖សហការី

ញូវដែលី៖ កាលពីថ្ងៃសុក្រ ទី៥ មករា សន្ទស្សន៍ Bloomberg បានចេញផ្សាយថាមហាសេដ្ឋីឥណ្ឌា លោក Gautam Adani បានដណ្តើមយកចំណាត់ថ្នាក់ជាមហាសេដ្ឋីនៅអាស៊ីម្តងទៀតនៅក្នុងរយ:ពេលមួយឆ្នាំក្រោយមកបន្ទាប់ពីរងការចោទប្រកាន់ថា បានរៀបចំឧបាយកលក្លែងបន្លំភាគហ៊ុននៅលើទីផ្សារជាហេតុបង្កឲ្យមានផលប៉ះពាល់ដល់តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនគាត់នៅលើទីផ្សារភាគហ៊ុន។

ក្រុមហ៊ុនAdani Group ត្រូវបានគេរកឃើញថាមានសាច់ប្រាក់រហូតជាង ១៥០ ពាន់លានដុល្លារអាមេរិកត្រូវបានលុបចោលភាគហ៊ុនចេញពីទីផ្សារភាគហ៊ុនរបស់ខ្លួនបន្ទាប់ពីលេចចេញនូវរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវការវិនិយោគលើភាគហ៊ុនរបស់អាមេរិក Hindenburg Research ដោយចោទប្រកាន់ថាបានក្លែងបន្លំអាជីវកម្ម “brazen” ។

ស្ថាបនិកក្រុមហ៊ុនគ្រប់គ្រងដោយគ្រួសារដែលជាមហាសេដ្ឋីលំដាប់ទីពីររបស់ពិភពលោកមុនលោក Elon Musk ស្ថាបនិកក្រុមហ៊ុន Tesla ត្រូវបានគេរកឃើញថាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ត្រូវបានបាត់បង់អស់ប្រហែល ៨០ ពាន់លានដុល្លារ។

ប៉ុន្តែទាំងក្រុមហ៊ុន Adani Group និងអាជីវកម្មរបស់គាត់ចាប់តាំងពីពេលនោះមកបានធ្លាក់ចុះភាគហ៊ុនដោយសារតែមានការខាតបង់ច្រើននៅពេលដែលមានការត្រួតពិនិត្យជាសាធារណៈរកឃើញថាមានការធ្លាក់ចុះភាគហ៊ុន។

សន្ទស្សន៍ទិន្នន័យមហាសេដ្ឋីដែលស្រាវជ្រាវដោយ Bloomberg បានបង្ហាញថាការកស៊ីរបស់ Adani បានចំណេញប្រាក់ប្រហែល ៧.៧ ពាន់លានដុល្លារអាមេរិកក្នុងមួយសប្តាហ៍ ហើយអាចនឹងឈានដល់ ៩៧.៦ ពាន់លានដុល្លារអាមេរិកដែលជាទុនសរុប ដោយនាំមុខមហាសេដ្ឋីឥណ្ឌាម្នាក់ទៀតគឺលោក Mukesh Ambani ។

មហាសេដ្ឋីឥណ្ឌាទាំងពីរនាក់នេះ គឺជាអ្នកមានបំផុតលំដាប់ទី១២ និងទី១៣ នៅលើពិភពលោក នេះបើយោងតាមសន្ទស្សន៍ទិន្នន័យមហាសេដ្ឋី។

ភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់ Adani Group បើយោងតាមតួលេខក្នុងការចុះបញ្ជីឃើញថាមានការកើនឡើងនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីតុលាការកំពូលរបស់ឥណ្ឌាបានច្រានចោលញត្តិស្នើសុំបង្កើនការស៊ើបអង្កេតលើបទចោទប្រកាន់របស់ក្រុមហ៊ុនអាមេរិក Hindenburg។

មហាសេដ្ឋី  Adani បាននិយាយនៅលើ X ដែលពីមុនគេស្គាល់ថាជា Twitter បន្ទាប់ពីការសម្រេចរបស់តុលាការកំពូលថា “ការវិនិច្ឆ័យរបស់តុលាការកំពូលបានផ្តល់នូវកិត្តិយសដល់ក្រុមហ៊ុនរបស់គាត់ដោយបានបង្ហាញថាការពិតត្រូវតែឈ្នះ” ។

លោកបានបន្ថែមថា “ខ្ញុំសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់អ្នកដែលឈរនៅខាងយើង ទាំងអស់នេះគឺជាការរួមចំណែកដើម្បីភាពរីកចម្រើនរបស់ប្រទេសឥណ្ឌាយើង ហើយយើងនឹងបន្តទៅមុខទៀត” ។

ក្រុមហ៊ុន Hindenburg របស់អាមេរិក ដែលជាក្រុមហ៊ុនវិនិយោគភាគហ៊ុនសម្រាប់រយ:ពេលខ្លី មិនត្រឹមតែតាមដានការប្រព្រឹត្តខុសរបស់ក្រុមហ៊ុន Adani Group ប៉ុណ្ណោះទេថែមទាំងរកលុយបានដោយសារតែមានការដេញថ្លៃលើភាគហ៊ុនដែលធ្លាក់ចុះ។

ក្រុមហ៊ុន Adani Group បានច្រានចោលការចោទប្រកាន់ពីបទក្លែងបន្លំភាគហ៊ុនដូចគេបានចងក្រងជាឯកសារនៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន Hindenburg របស់អាមេរិកកាលពីឆ្នាំមុនដោយបានហៅវាថា “មានចេតនាប៉ុនប៉ង” ធ្វើឲ្យខូចឈ្មោះក្រុមហ៊ុន Adani Group ដើម្បីកេងយកផលប្រយោជន៍ក្នុងការដេញថ្លៃលក់ភាគហ៊ុនសម្រាប់រយ:ពេលខ្លី។

នៅមុនពេលលេចចេញនូវរបាយការណ៍នេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Adani Group បានហក់ឡើងយ៉ាងខ្លាំងបើយោងតាមតួលេខដែលបានចុះក្នុងបញ្ជីរបស់ខ្លួនឃើញថាបានកើនឡើងជាង ១,០០០ ភាគរយក្នុងរយៈពេល ៥ ឆ្នាំរហូតមកដល់ខែមករា ឆ្នាំ ២០២៣ ដោយផ្តល់នូវមូលនិធិសម្រាប់ការពង្រីកភាគហ៊ុន។

ឈានដល់ពេលនេះក្រុមហ៊ុន Adani Group បានពង្រីកវិស័យសំខាន់ៗមួយចំនួន រួមទាំងការជីកយករ៉ែធ្យូងថ្ម ថាមពលកកើតឡើងវិញ កំពង់ផែ និងព្រលានយន្តហោះជាដើម។

ក្រុមហ៊ុន Adani Group ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ស្និទ្ធជាមួយនឹង​នាយក​រដ្ឋមន្ត្រី​ហិណ្ឌូ​ជាតិ​និយម Narendra Modi ដែល​មាន​ដើម​កំណើត​នៅ​រដ្ឋ Gujarat។

គណបក្សប្រឆាំងនិងអ្នករិះគន់ផ្សេងទៀតបាននិយាយថាទំនាក់ទំនងរបស់ពួកគេបានជួយឲ្យក្រុមហ៊ុន Adani Group ប្រកបអាជីវកម្មដោយមិនមានតម្លាភាព និងតែងតែគេចពីការត្រួតពិនិត្របស់និយតករ៕

ប្រភព៖ AFP/rc