សេដ្ឋកិច្ច

កំណាត់ផ្លូវជាតិលេខ៧៦តភ្ជាប់ពីក្រចេះទៅមណ្ឌលគិរីអាចធ្វើចរាចរណ៍បានឡើងវិញហើយបន្ទាប់ពីធ្វើរួច

ដោយ៖សុខុម
មណ្ឌលគិរី៖ ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថាកំណាត់ផ្លូវជាតិលេខ៧៦ដែលតភ្ជាប់ពីស្រុកស្នួលខេត្តក្រចេះមកខេត្តមណ្ឌលគិរីហើយបានបាក់ស្រុត ប្រមាណ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំងកាលពីកន្លងទៅនោះក្រុមការងារបានស្ថាបនារួចរាល់ទាំងស្រុងហើយ។


កំណាត់ផ្លូវមួយខ្សែនេះកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានធ្វើបច្ចុប្បន្នភាពស្ថាបនាផ្លូវថ្មីតភ្ជាប់ឡើងវិញក្រោយពីបាក់ស្រុតហើយជំនួសវិញដោយក្រាលកៅស៊ូ DBST ប្រវែង ៤២៥ម៉ែត្រ។ក្រោយស្ថាបនារួចរាល់ទាំងស្រុងទាំងកន្លែងបាក់ស្រុតផងនោះខាងជំនាញក៏បានអនុញ្ញាតបើកឱ្យរថយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ឡើងវិញលែងជួបការលំបាកទៀតហើយ។ទាំងរថយន្តធ្វើដំណើរនិងដឹកទំនិញអាចចរាចរណ៍ចេញចូលតាមកំណាត់ផ្លូវមួយខ្សែនេះបានជាធម្មតា។


គួររំលឹកថា ផ្លូវជាតិលេខ៧៦ (ស្នួល – សែនមនោរម្យ) មានប្រវែង ១២៧គីឡូម៉ែត្រជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១។ ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២។


ជារួមផ្លូវមួយខ្សែនេះមានសារៈសំខាន់ណាស់បានបម្រើដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់,ធ្វើដំណើរទៅមក,រថយន្តដឹកកសិកផលនិងជួយដល់វិស័យទេសចរណ៍ដ៏សំខាន់៕