កីឡា

កីឡាជាការចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍និងរីកចម្រើនសេដ្ឋកិច្ចក្នុងសហគមន៍

ដោយ៖ គង់ហេង
កំពង់ចាម៖ កីឡាជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ពោល គឺធ្វើឱ្យមានការរីកចម្រើន និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងសហគមន៍។ នេះជាការលើកឡើងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៥ មករា ក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩-២០២៤។


ថ្លែងនៅក្នុងទីលានបាល់ទះ ក្រុងកំពង់ចាមទៅកាន់ក្រុមកីឡាករ កីឡាការិនីច្រើនប្រភេទមកពីមន្ទីរ-អង្គភាព ជុំវិញខេត្ត ក្លឹប និងក្រុង/ស្រុកដែលបានចូលរួមសរុបចំនួន ១.១៧៤ នាក់ស្មើនឹង ១៤១ ក្រុមលោក អភិបាលខេត្តកំពង់ចាមបានលើកឡើងថា៖ កីឡា ជាទេសចរណ៍ ជាព្រឹត្តិការណ៍មួយដែលបានបង្កើតឡើង ដើម្បីញ៉ាំឱ្យ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមទស្សនាកម្សាន្តពោល គឺការទេសចរណ៍ កម្សាន្តនេះហើយ ត្រូវតែចំណាយ ហើយការចំណាយរបស់ភ្ញៀវទាំងអស់នេះបានចាក់ចូលទៅក្នុងសេដ្ឋកិច្ចរបស់ខេត្ត របស់សហគមន៍យើង។


លោកបានលើកឡើងបន្តថា៖ កត្តានេះបានលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យមានការរីកចម្រើនតាមរយៈការផ្តល់សេវាមានៈ សេវាចំណីអាហារ សេវាកម្មដទៃផ្សេងទៀតដូចជាសេវាស្នាក់នៅ បដិសណ្ឋារកិច្ចជាដើម។ល។ ដែលនេះជាការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ដើម្បីធ្វើឱ្យមានការរីកចម្រើន និងអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងសហគមន៍។


សូមបញ្ជាក់ថា ដើម្បីអបអរសាទរខួបទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩-២០២៤ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្តដែលមានកីឡាចំនួន ប្រាំមួយ ប្រភេទដូចជាៈ បាល់ទាត់,បាល់ទះ,បាល់បោះ,វាយសី,វាយកូនឃ្លី និងបេតង់ ដែលមានកីឡាករ កីឡាការិនីសរុបចំនួន ១៤១ ក្រុមស្មើនឹងចំនួន ១.១៦៤ នាក់ បានចូលរួមប្រកួតចាប់ពីថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ៕