ព័ត៌មានជាតិ

អាជ្ញាធរនិងក្រុមហ៊ុនសម្អាតក្រុងអំពាវនាវដល់ពលរដ្ឋបន្តប្រកាន់ទម្លាប់ល្អចំពោះការទុកដាក់សំរាម

ដោយ៖ កំចាយ

កំពត÷ ដោយសង្កេតឃើញប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវមកពីទីជិតឆ្ងាយហាក់ប្តូររបត់ពាក់ព័ន្ធនឹងបញ្ហាអនាម័យបរិស្ថានដែលចាប់ផ្តើមទុកដាក់សំរាមបានត្រឹមត្រូវ អាជ្ញាធរ និងក្រុមហ៊ុនសម្អាតក្រុងកំពតបានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានសូមបន្តប្រកាន់យកទម្លាប់ល្អនេះដើម្បីកិត្តិយសទាំងអស់គ្នា។

លោក សួន សុភ័ក្ត្រ នាយកក្រុមហ៊ុនកំពតហ្គ្រីន (Kampot Green) បានប្រាប់ឱ្យដឹងថា មកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងក្រុងកំពត ក៏ដូចជាភ្ញៀវពីទីជិតឆ្ងាយភាគច្រើនបានកែទម្លាប់នៃការបន្សល់ទុកសំណល់ពាសវាលពាសកាលប្តូរមកវេចខ្ចប់ និងដាក់ចូលធុងសំរាមបានសមរម្យ។ ជាក់ស្តែង នាឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកលថ្មីៗនេះ គ្រប់ទីកម្សាន្តសប្បាយ និងកន្លែងបរិភោគអាហារ គឺភ្ញៀវបានវេចខ្ចប់សំរាម រួចរៀបចំទុកដាក់យ៉ាងត្រឹមត្រូវ។

លោកនាយកក្រុមហ៊ុនបានបន្តថា ក្នុងថ្ងៃឆ្លងឆ្នាំកន្លងទៅនេះ សំរាមដែលក្រុមហ៊ុនប្រមូលបានមានទម្ងន់ប្រមាណ២៥តោនទៅ២៦តោន ដោយប្រើពេលប្រហែល៧ម៉ោង ពោលគឺកាកសំណល់បានថយចុះច្រើនបើប្រៀបធៀបនឹងបណ្តាឆ្នាំកន្លងទៅ។

ផ្អែកតាមការណែនាំពីអាជ្ញាធរក្រុងកំពត ពិសេសការចង្អុលបង្ហាញរបស់លលោកអភិបាលខេត្ត គឺនៅរៀងរាល់ពិធីបុណ្យទានផ្សេងៗ កម្មកររបស់ក្រុមហ៊ុនតែងឡើងសម្អាតចាប់ពីម៉ោង៣ទៀបភ្លឺដោយមិនទុកឱ្យសំរាមកកស្ទះឡើយ។

លោក សួន សុភ័ក្ត្រ បានប្រាប់ឱ្យដឹងផងដែរថា មកដល់បច្ចុប្បន្ន នៅទូទាំងក្រុងកំពត គឺប្រជាពលរដ្ឋប្រមាណទើបតែ៦៥ភាគរយប៉ុណ្ណោះដែលមានឈ្មោះប្រើប្រាស់សេវាសម្អាតអនាម័យជាមួយក្រុមហ៊ុនកំពតហ្គ្រីន។ លោកសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងបង្កើនកិច្ចសហការដោយចូលរួមប្រើប្រាស់សេវាសម្អាតអនាម័យទាំងអស់គ្នាដើម្បីឱ្យក្រុមហ៊ុនមានលទ្ធភាពបំពេញការងារបានកាន់តែប្រសើរថែមទៀត។

លោក លាង រឿនសុធី អភិបាលក្រុងកំពតបានមានប្រសាសន៍ថា ជាមោទកភាពមួយដែលតាមការកត់សម្គាល់ជាក់ស្តែង ក្នុងពិធីបុណ្យឆ្លងឆ្នាំថ្មីនេះឃើញប្រជាពលរដ្ឋ និងភ្ញៀវមកពីទីជិតឆ្ងាយចេះទុកដាក់សំរាមមានរបៀបរៀបរយ ហើយបរិមាណក៏មិនច្រើនលើសលប់ដូចឆ្នាំមុន។ ថ្វីដ្បិតតែចំនួនភ្ញៀវបានចូលមកលេងក្នុងខេត្តកំពតមានរហូតដល់ជិត៤០ម៉ឺននាក់ក្តី តែតាមទីសាធារណៈ និងកន្លែងកម្សាន្តនានាមិនបានបន្សល់សំរាមទុកពាសវាលពាសកាលទេ។

ជាមួយបម្រែបម្រួលរបត់នៃការទុកដាក់សំរាមត្រឹមត្រូវដែលជាករណីចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថថ្មីនេះ តំណាងក្រុមហ៊ុនសម្អាតអនាម័យ ព្រមទាំងថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុងកំពតបានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវមកពីគ្រប់មជ្ឈដ្ឋាន សូមបន្តរក្សាទម្លាប់ល្អទាំងនេះដើម្បីមុខមាត់ និងកិត្តិយសទាំងអស់គ្នាយូរ៕