អន្តរជាតិ

តៃវ៉ាន់ថានឹងបន្សាបការជ្រៀតជ្រែករបស់ចិននៅក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ

ប្រែសម្រួល៖ ស.សម្បត្តិ

តៃប៉ិ៖ បេក្ខជនប្រធានាធិបតីដែលមានសម្លេងគាំទ្រនាំមុខគេលោក ឡាយ ជិងតេ បានប្រាប់ AFP នៅថ្ងៃពុធ ទី៣ មករានេះថា ពលរដ្ឋតៃវ៉ាន់ “នឹងទប់ទល់” ចំពោះរាល់ការប៉ុនប៉ងរបស់ចិន ដោយប្រើឥទ្ធិពលរបស់ខ្លួនដាក់សម្ពាធមកលើការបោះឆ្នោតដែលនឹងប្រព្រឹតទៅនៅថ្ងៃទី ១៣ ខែមករា នៅក្នុងពេលដែលគាត់បើកយុទ្ធនាការឃោសនារយ:ពេល ១០ ថ្ងៃនៅមុនពេលមានការស្ទង់មតិ។

ក្រុងប៉េកាំងបានទាមទារកោះដែលគ្រប់គ្រងដោយខ្លួនឯងថាជាផ្នែកមួយនៃទឹកដីចិន ហើយបានច្រានចោលគោលជំហររបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់លោក ឡាយ ដែលចិនតែងតែចោទប្រកាន់ថាតៃវ៉ាន់បានអះអាងនូវ “ឯករាជ្យភាពរបស់ខ្លួនរួចទៅហើយ”។

ចិនបានហៅលោកថា “ជាអ្នកបង្កបញ្ហា” និង “ជាអ្នកបំបែកខ្លួន”។ លោក ឡាយបានប្រឆាំងនឹងបេក្ខជនពីរនាក់ផ្សេងទៀត ដែលបានសន្យាចងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងចិន ប្រសិនបើរូបគេបានជាប់ឆ្នោតជាប្រធានាធិបតី។

ថ្លែងទៅកាន់ AFP បន្ទាប់ពីការស្វាគមន៍អ្នកគាំទ្រនៅឯផ្លូវបំបែកដ៏មមាញឹកក្នុងទីក្រុងតៃប៉ិ លោកបាននិយាយថា “កោះប្រជាធិបតេយ្យមានការព្រួយបារម្ភយ៉ាងខ្លាំង” អំពីការជ្រៀតជ្រែកក្នុងការបោះឆ្នោតដែលគេចោទប្រកាន់ថាប្រទេសចិនបានលូកដៃនៅក្នុងរឿងនេះ។

បុរសវ័យ ៦៤ ឆ្នាំក្នុងថាន:ជាអនុប្រធានាធិបតីរបស់តៃវ៉ាន់បច្ចប្បន្នបានសង្កត់ធ្ងន់ថា “នេះគឺជាការបោះឆ្នោតលើកដំបូងរបស់តៃវ៉ាន់នៅក្នុងឆ្នាំនេះ ហើយការជ្រៀតជ្រែករបស់ចិននៅក្នុងការបោះឆ្នោតរបស់តៃវ៉ាន់គឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់” ។

ប៉ុន្តែលោក ឡាយ មាន​ជំនឿចិត្ត​លើ​ពលរដ្ឋតៃវ៉ាន់ ដោយសារពលរដ្ឋ​តៃវ៉ាន់​ធ្លាប់មានបទពិសោធក្នុងការរំដោះខ្លួនចេញ​ពី​យុគសម័យ​ដ៏ខ្មៅ​ងងឹត​នៃ​របប​កុម្មុយនិស្តផ្តាច់ការរហូត​មក​ដល់​សព្វថ្ងៃនេះ។

គាត់បាននិយាយថា “ពលរដ្ឋគ្រប់រូបស្រឡាញ់លទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់។ ខ្ញុំមានជំនឿក្នុងចិត្តថាពលរដ្ឋនឹងប្រឆាំងនឹងការប្រើប្រាស់កម្លាំងបាយគ្រប់រូបភាពរបស់ចិនដើម្បីព្យាយាមប្រើឥទ្ធិពលរបស់ខ្លួនដាក់សម្ពាធមកលើការបោះឆ្នោតរបស់តៃវ៉ាន់” ។

ការបោះឆ្នោតថ្ងៃទី ១៣ មករា របស់កោះតៃវ៉ាន់កំពុងត្រូវបានគេតាមឃ្លាំមើលយ៉ាងដិតដល់ដោយអ្នកបង្កើតគោលនយោបាយពីទីក្រុងប៉េកាំងចំពោះទំនាក់ទំនងក្រុងវ៉ាស៊ីនតោនជាមួយតៃវ៉ាន់ ដោយសារលទ្ធផលដែលបានមកពីការបោះឆ្នោតអាចធ្វើឲ្យទំនាក់ទំនងនាពេលអនាគតជាមួយចិននិងរង្គោះរង្គើកាន់តែអាក្រក់ខ្លាំងឡើង។

បេក្ខជនពីររូបទៀតគឺលោក ហ៊ូ យូអិញ មកពីគណបក្ស Kuomintang ដែលតែងតែរួសរាយរាក់ទាក់ជាមួយក្រុងប៉េកាំង (KMT) ហើយក៏ជាគណបក្សនយោបាយដ៏ចំណាស់ជាងគេរបស់តៃវ៉ាន់ និង លោក គូ វ៉េនជេ មកពីគណបក្សប្រជាជនតៃវ៉ាន់ដែលកំពុងលេចធ្លោ ដែលគេមានទំនុកចិត្តលើសពីការរំពឹងទុក។

លោក ហ៊ូ ដែលជាអភិបាលក្រុងដ៏ពេញនិយមនៃទីក្រុង New Taipei បានរិះគន់លោក ឡាយ នៅក្នុងការជជែកដេញដោលប្រធានាធិបតីកាលពីសប្តាហ៍មុនលើសុន្ទរកថាគាំទ្រឯករាជ្យរបស់គាត់ ដោយបានបន្ទោសគាត់ថាជា “ការបង្កឲ្យមានគ្រោះថ្នាក់ដ៏ធំនៅទូទាំងច្រកសមុទ្រតៃវ៉ាន់” ។

អ្នកជំនាញយោធាម្នាក់បាននិយាយថា ប៉េងប៉ោងចារកម្មរបស់ចិន ត្រូវបានគេប្រទះឃើញជាលើកដំបូងនៅជុំវិញកោះតៃវ៉ាន់ ចាប់តាំងពីខែធ្នូមក មានដល់ទៅបួនបានប្តូទិសហោះហើរពីលើកោះ ក្នុងទម្រង់បង្កើត”សង្គ្រាមចិត្តសាស្ត្រ” ដើម្បីជះឥទ្ធិពលដល់ “ការបោះឆ្នោតឲ្យពលរដ្ឋតៃវ៉ាន់ប្តូរចិត្តងាកមកគាំទ្រគោលនយោបាយរបស់ក្រុងប៉េកាំង”។

ឧប្បត្តិហេតុដែលកើតឡើងនៅក្នុងពេលថ្មីៗនេះ និងបន្ថែមលើការបង្កើនដាក់សម្ពាធផ្នែកនយោបាយ និងយោធា ដែលក្រុងប៉េកាំងបានហ៊ុបព័ទ្ធកោះតៃវ៉ាន់នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការលេចឡើងជាប្រចាំថ្ងៃនូវកងយន្តហោះចម្បាំង និងកងនាវាចម្បាំងនៃកងទ័ពជើងទឹកចិនប្រតិបត្តិការនៅជុំវិញកោះនេះ។

ប៉ុន្តែ​លោក ឡាយ បាន​បញ្ចេញ​វោហាសាស្ត្រ​មិន​ពេញចិត្ត​កាលពី​ថ្ងៃ​ពុធ នៅមុនពេល​ទៅ​ទស្សនា​ប្រាសាទ​មួយ​ក្នុង​ទីក្រុង គីឡុង ភាគ​ខាងជើងដែលជា​កន្លែង​​លោក​បាន​ជំរុញ​អ្នក​បោះឆ្នោត​កុំ​ឲ្យប្តូរចិត្តងាកទៅ​គាំទ្រ​បេក្ខជន​ដែល​ចិន​ជ្រើសរើស​”​។

លោក ឡាយ បាន​ថ្លែង​ថា​៖ “នៅ​ទី​បញ្ចប់ លទ្ធិប្រជាធិបតេយ្យ​​ប្រាកដ​ជា​ឈ្នះ ហើយ​លទ្ធិប្រជាធិបតេយ្យ​នឹង​ឈ្នះ​លើ​របប​កុម្មុយនិស្តផ្តាច់ការ” ។”ខ្ញុំសង្ឃឹមថាសហគមន៍អន្តរជាតិនៅតែបន្តគាំទ្រតៃវ៉ាន់”៕

ប្រភព៖ AFP/at