ព័ត៌មានជាតិ

ជំរុញឱ្យមន្រ្តីចុះបញ្ជីដីធ្លីខេត្តកំពង់ចាមគឺក្នុងមួយខែអនុវត្តការវាស់វែងយ៉ាងតិចពីរម៉ឺនក្បាលដី

ដោយ៖ គង់ហេង
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានជំរុញឱ្យមន្រ្តីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺប្រឹងប្រែងទាំងថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ជាឈប់សម្រាកឱ្យបានសម្រេចយ៉ាងតិចក្នុងមួយខែចំនួន ពីរម៉ឺន ក្បាលដី នៃចំនួនសរុបជាង១០ម៉ឺនក្បាលដី ដែលនៅសល់ក្នុងខេត្តមួយនេះ។ ជាពិសេសលោក( អ៊ុន ចាន់ដា)សូមផ្តាំផ្ញើដល់មន្រ្តីវាលទាំង ប្រាំពីរ ក្រុម គឺធ្វើយ៉ាងណាកុំភ្លេង រឿងទុកផ្លូវដែលជាច្រកចេញសម្រាប់ប្រជាពលរដ្ឋណាដែលមានដី និងរស់នៅខាងក្រោយនោះ។


នៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីក្រុមវាលចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅស្រុកស្ទឹងត្រង់នាព្រឹកថ្ងៃទី ៤ មករានេះ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ ក្បាលដីសរុបនៅក្នុងខេត្តប្រមាណជិត មួយលាន ដោយបច្ចុប្បន្នយើងអនុវត្តសម្រេចបានក្នុងរង្វង់ ៨០ម៉ឺន ក្បាលដី គឺនៅសល់ជាង ១០ម៉ឺនក្បាលដីទៀត ដែលនឹងអាចសម្រេចតាមផែនការ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចរាល់ ១០០ ភាគរយនៅក្នុងកំឡុងពាក់កណ្តាលឆ្នាំ២០២៤នេះ។


លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ទៀតថា៖ អីចឹងក្បាលដីនៅសល់ជាង ១០ម៉ឺន ទៀតនេះមន្រ្តីយើងទាំង ប្រាំពីរ ក្រុមចាំបាច់ត្រូវប្រឹងប្រែងវាស់វែងទាំងថ្ងៃឈប់សម្រាកថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ គឺចាំបាច់ឱ្យបានហើយរួចរាល់សម្រាប់ការវាស់វែង ដើម្បីធ្វើពិធីបិទបញ្ចប់ក្នុងរង្វង់ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះពោល គឺយ៉ាងហោចណាស់ក្នុងមួយខែអាចសម្រេចបានចំនួន ពីរម៉ឺន ក្បាលដីចំពោះកន្លែងដែលមានឧបសគ្គ។ ប៉ុន្តែចំពោះកន្លែងអំណោយផល គឺក្នុងមួយខែអាចបានច្រើនជាង ពីរម៉ឺន ក្បាលដី។


នៅចុងបញ្ចប់ នៃពិធីសំណេះសំណាលនេះលោកបានមានប្រសាសន៍បន្តថា៖ សូមផ្តាំផ្ញើដល់មន្រ្តីចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធគ្រប់កន្លែងទាំងអស់ កុំភ្លេចរឿងទុកផ្លូវ ដែលជាច្រកចេញចូលសម្រាប់ប្រជាពលរដ្ឋ ណាដែលជាអ្នកមានដី និងរស់នៅខាងក្រោយ គឺដើម្បីជៀសវាងទំនាស់ នៅពេលចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ ដោយបញ្ហាអត់ផ្លូវនេះ អាចបង្កជម្លោះ គឺអ្នកមានដីនៅខាងក្រោយអត់មានផ្លូវ ជាច្រកចេញចូល ព្រោះតែអ្នកខាងមានការអភិវឌ្ឍន៍ធ្វើរបងបិទជិត ហើយម្ចាស់លក់បន្តឱ្យអ្នកដទៃផ្សេង គឺអ្នកមានដីខាងក្រោយអត់ផ្លូវចេញចូល៕