សន្ដិសុខសង្គម

ចាប់បានជនសង្ស័យប្លន់២នាក់,ម្នាក់ទៀតកំពុងរត់គេចខ្លួន

ដោយ៖ សុខុម
សៀមរាប៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យចោរប្លន់បានចំនួន ២នាក់ រីឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនសមត្ថកិច្ចកំពុងតាមស្វែងរក។
សមត្ថកិច្ចបានឲ្យដឹងថាកាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣មានចោរមួយក្រុមចូលប្លន់ផ្ទះជនរងគ្រោះឈ្មោះ ឡិក វិច្ឆិកា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ជនសង្ស័យមានគ្នាចំនួន៣នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតភ្ជង់ប្លន់យកទ្រព្យសម្បត្តិហើយរត់គេចខ្លួនបាត់។


បន្ទាប់មកសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានពីរនាក់ក្នុងនោះរួមមានទី១ឈ្មោះ រ៉ង សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនបាននៅចំណុច ភូមិថ្នលដាច់ ឃុំដានរុណ ស្រុកសូនិគម ខេត្តសៀមរាប។ទី២ ឈ្មោះ ឈិន ភន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឃាត់ខ្លួនបាននៅចំណុចភូមិស្នាផ្អែក ឃុំស្រយ៉ង ស្រុកគូលេន ខេត្តសៀមរាប។ដកហូតបានវត្ថុតាងបានមួយចំនួន។


នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរ បានសារភាពដូចគ្នាថា កាលពីយប់ថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២៣ពួកខ្លួនមានគ្នាចំនួន៣នាក់ធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋយកកាំបិត ភ្ជង់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ប្រាកដមែន។ពេលនោះមានជនសង្ស័យម្នាក់ទៀតឈ្មោះ ឈិន ភណ្ឌ។
សមត្ថកិច្ចមិនទាន់បញ្ជាក់អំពីទ្រព្យសម្បត្តិរបស់ជនរងគ្រោះនៅឡើយ។ប៉ុន្តែនៅបន្តតាមរកជនសង្ស័យកំពុងរត់គេចខ្លួនដើម្បីយកមកដាក់ទោសតាមច្បាប់៕