អន្តរជាតិ

ព័ត៌មានបន្ថែម ៖ អព្ភូតហេតុដ៏អស្ចារ្យមួយដែលអ្នកដំណើរ៣៧៩នាក់បានរស់ជីវិតពីយន្តហោះបុកគ្នាហើយឆាបឆេះផ្ទុះចេញជាអណ្តាតភ្លើងឡើងសន្ធោសន្ធៅ

ប្រែសម្រួល៖ ស.សម្បត្តិ

ជើងហោះហើររវាងទីក្រុង សាពូរ៉ូ ភាគខាងជើង និងអាកាសយានដ្ឋាន ហាណេដា របស់ទីក្រុងតូក្យូ គឺជាផ្លូវហោះហើរដ៏មមាញឹកបំផុតនៅក្នុងប្រទេសជប៉ុន និងជាសេវាកម្មផ្លូវអាកាសដ៏ញឹកញាប់បំផុតតែមួយគត់ដែលមានគោលដៅទៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនហៅថា JAL បានដំណើរការជើងហោះហើរទៅមកចំនួន១៦ ជុំនៃដំណើរហោះហើរទៅមកក្នុងមួយថ្ងៃ។

នៅថ្ងៃអង្គារ ទី ២ ខែមករា នៅពេលដែលយន្តហោះជើងហោះហើរ JAL៥១៦ ដំណើរការដោយ Airbus A350 បានធ្វើការហោះហើរក្នុងទិសដៅទៅកាន់អាកាសយានដ្ឋាន ហាណេ អ្វីដែលលេចចេញនោះគឺការប៉ះទង្គិចគ្នានៅលើផ្លូវយន្តហោះរត់ដែលកំពុងធ្វើឲ្យអ្នកបច្ចេកទេសអាកាសចរណ៍មានការងឿងឆ្ងល់យ៉ាងខ្លាំងដោយសារតែនៅក្នុងខណ:ដែលមានប៉ះទង្គិចគ្នានេះកើតឡើង ទាំងការជម្លៀសអ្នកដំណើរ និងការជួយសង្គ្រោះត្រូវបានគេអនុវត្តយ៉ាងរលូន ដែលគេជឿថាជាអព្ភូតហេតុដ៏អស្ចារ្យមួយ។

យន្តហោះជើងហោះហើរ JAL៥១៦ដំណើរការដោយ Airbus A350 មានផ្ទុកអ្នកដំណើរ និងនាវិកសរុបទាំងអស់មានចំនួន ៣៧៩នាក់ដែលជិះលើយន្តហោះ Airbus A350 ដែលកំពុងរត់លើផ្លូវក៏បានគេចចេញពីយន្តហោះ Dash-8របស់ឆ្មាំឆ្នេរសមុទ្របណ្តាលឲ្យមានការប៉ះទង្គិចគ្នានៅលើផ្លូវរត់បណ្តាលឲ្យផ្ទុះជះអណ្តាតភ្លើងនៅខាងក្រៅតួយន្តហោះឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗដោយសារតែ Airbus A350 បានបុកជាមួយយន្តហោះឆ្មាំឆ្នេរសមុទ្រដ៏តូចមួយគ្រឿងផ្សេងទៀតនៅលើផ្លូវរត់។ នាវិក​យន្តហោះ​ឆ្មាំ​សមុទ្រ​ប្រាំ​នាក់​ក្នុងចំណោម​ប្រាំមួយ​នាក់​បាន​ស្លាប់ទាំងអស់​នៅក្នុងហេតុការណ៏ដ៏រន្ធុតនេះ។

លោក សាតុស្សី យ៉ាម៉កេ អាយុ ៥៩ ឆ្នាំកំពុងធ្វើដំណើរត្រឡប់ទៅរដ្ឋធានីដែលគាត់ធ្វើការផ្នែកទូរគមនាគមន៍បន្ទាប់ពីបានទៅលេងសាច់ញាតិនៅស្រុកកំណើតរបស់គាត់អារម្មណ៍គាត់កំពុងតែនឹកស្រម៉ៃទៅការជួបជុំប្រពន្ធរបស់គាត់នាង មីកា ខណៈដែលកង់យន្តហោះបានរអិលធ្លាក់ពីលើផ្លូវ នៅមុននោះខ្លួនគាត់ចាប់ផ្តើមញាប់ញ័រដោយសារតែសំឡេងយន្តហោះរោទ៍ខុសប្រកតីខ្លាំងពេកលាយឡំនឹងសំឡេងផ្ទុះឡើងដូចគ្រាប់បែកហើយក្រោយមកគាត់ក៏បានក្រឡេកមើលតាមបង្អួចយន្តហោះទៅខាងក្រៅឃើញម៉ាស៊ីនយន្តហោះកំពុងតែរោទ៍ខ្លាំងខុសប្រក្រតី ។

ក្រុមហ៊ុនអាកាសចរណ៍បានរាយការណ៏មកថា យន្តហោះបានបុកគ្នាភ្លាមៗបន្ទាប់ពីវាបានរត់នៅលើផ្លូវនៅវេលាម៉ោង ៥.៤៦ ល្ងាចម៉ោងនៅក្នុងស្រុក។

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃទី២ មករា ២០២៤ថា កាពីទែនត្រូវបានផ្តល់ការអនុញ្ញាតឲ្យយន្តហោះចុះចតក៏ប៉ុន្តែទំនងជាកាពីទែនមិនអាចមើលឃើញយន្តហោះល្បាតដែនសមុទ្រដែលផលិតដោយក្រុមហ៊ុន Bombardier ដែលមានទំហំតូចគឺ Dash-8 នៅខាងក្រោមនោះទេ។

អាជ្ញាធរនិយាយថា ពួកគេកំពុងស៊ើបអង្កេតរកហេតុផលដែលនៅពីក្រោយយន្តហោះបុកគ្នានេះ ដែលអ្នកជំនាញអាកាសចរណ៍បាននិយាយថាវាជារឿងមិនធម្មតានោះទេ។

នៅពេលដែលមានបញ្ហាសុវត្ថិភាពកើតឡើងដដែលៗ ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍បានខិតខំព្យាយាមកាត់បន្ថយនូវចំនួនគ្រោះថ្នាក់ដែលបណ្តាលមកពីការប៉ះទង្គិចនៅលើផ្លូវរត់ដោយសារតែការចាប់សញ្ញាតាមដាន និងនីតិវិធីរៀបរយនៅលើដីបានកាន់តែល្អប្រសើរឡើងជាងមុន។

នៅពេលដែលយន្តហោះដឹកអ្នកដំណើរ Airbus A350 បានរអិលនៅត្រង់កន្លែងដែលវាបានឈប់ទៅបុកជាមួយនិង Dash-8  នោះប្រធានក្រុមឆ្មាំឆ្នេរសមុទ្រលោក យ៉េន មីយ៉ាម៉ូតុ អាយុ ៣៩ ឆ្នាំបានខិតខំរំកិលខ្លួនចេញពីបំណែកបាក់បែកនៃយន្តហោះ ហើយបានព្យាយាមហៅតាមវិទ្យុទាក់ទងរភ្លាមៗ។

យោងតាមឆ្មាំឆ្នេរសមុទ្របាននិយាយថា “យន្តហោះបានផ្ទុះនៅលើផ្លូវរត់ ខ្ញុំក៏បានរត់គេចចេញពីកន្លែងជិតនោះបានដោយសុវត្ថភាព។ សមាជិកនាវិកផ្សេងទៀតកំពុងស្ថិតនៅក្នុង ស្ថានភាពដែលមិនអាចដឹងបាននោះទេ” ។ នាវិក ៥ នាក់ផ្សេងទៀតដែលមានអាយុចន្លោះពី ២៧ ទៅ ៥៦ ឆ្នាំត្រូវបានស្លាប់ទាំងអស់ហើយ។

  • ហេតុការនេះគឺ’ជាអព្ភូតហេតុមួយដ៏អសចារ្យខ្លាំងណាស់”

កាប៊ីនយន្តហោះដឹកអ្នកដំណើរបានចាប់ផ្តើមឆាបឆេះហុយផ្សែងភ្លាមៗ ខណៈដែលអ្នកដំណើរមួយចំនួនមានការជ្រួលច្របល់រត់ឡើងចុះនៅក្នុងយន្តហោះបណ្តាលឲ្យប៉ះកូនក្មេងតូចៗដែលកំពុងស្រែកយំ។

​នៅក្នុងរូបភាព​វីដេអូមួយ​ដែល​បាន​ចែក​រំលែក​ដោយ Reutersគេឃើញស្ត្រី​ម្នាក់​បាន​ស្រែកយ៉ាងខ្លាំងៗ ពី​ក្នុង​យន្តហោះ​ថា “សូម​ជួយ​ខ្ញុំ​ចេញ​ពី​ទីនេះផង!”។ ក្មេងម្នាក់ស្រែកថា “ហេតុអ្វីបានជាអ្នកមិនបើក ទ្វារយន្តហោះឡើង” ។

លោក ស្ស៊ុបា ស្សាវ៉ាដា រស់នៅក្នុងក្រុងតូក្យូអាយុ ២៨ ឆ្នាំដែលកំពុងត្រឡប់មកពីសម្រាកលំហែកាយនៅ សាពូរ៉ូ ជាមួយមិត្តស្រីរបស់គាត់បានប្រាប់ថា “ខ្ញុំគិតថាខ្ញុំត្រូវស្លាប់” ។

“បន្ទាប់ពីឧបទ្ទវហេតុនេះបានកើតឡើង ខ្ញុំនឹកចង់យំនៅខណ:ពេលដែលខ្ញុំបានឃើញមានជះផ្កាភ្លើងចេញពីម៉ាស៊ីនយន្តហោះមកខាងក្រៅ ប៉ុន្តែនៅពេលភ្លើងចាប់ផ្តើមឆាបឆេះកាន់តែខ្លាំងវាធ្វើឲ្យខ្ញុំគិតថានឹងមានអព្ភូតហេតុកើតឡើងលើសពីការស្មានរបស់ខ្ញុំ”។

អ្នកបម្រើលើយន្តហោះកំពុងព្យាយាមប្រាប់ឲ្យអ្នកដំណើរស្ងប់អារម្នណដោយនិយាយថា “សូមចូលរួមសហការទាំងអស់គ្នា” នេះបើយោងតាមវីដេអូដែលបានចែករំលែកដោយ Reuters ។

ចំណែកនៅខាងក្រៅយន្តហោះគេសង្កេតឃើញអង្គភាពពន្លត់អគ្គិភ័យចំនួន ១១៥នាក់ ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើងដែលកំពុងតែឆាបឆេះនៅខាងក្រោយយន្តហោះ ហើយទីបំផុតអណ្តាតភ្លើងបានលេបត្របាក់តួយន្តហោះទាំងមូលទៅហើយ។

លោក យ៉ាម៉ាកេ ដែលអង្គុយនៅខាងមុខបាននិយាយថា ក្នុងខណ:ពេលដែលអ្នកដំណើរមួយចំនួនមានការថប់ដង្ហើមខ្លះៗនោះក្រុមនាវិកក៏ប្រញាប់ប្រញាល់រៀបចំជម្លៀសអ្នកដំណើរចេញភ្លាមៗបន្ទាប់មកអ្នកដំណើរក៏បានចាប់ផ្តើមចុះពីលើយន្តហោះតាមរបៀបរៀបរយបានយ៉ាងល្អនិងប្រកបដោយសុវត្ថិភាព។

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថាការជម្លៀសបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីយន្តហោះបានឈប់ ហើយអ្នកដំណើរទាំងអស់ត្រូវបាននាំយកទៅកាន់កន្លែងសុវត្ថិភាពដោយប្រើពេលជិត ២០ នាទី។

ខ្សែ​វីដេអូ​បានបង្ហាញ​អ្នក​ដំណើរ​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ដោយ​ស្ងប់ស្ងាត់ ជាក់ស្តែង​ដោយ​មិន​មាន​អីវ៉ាន់​ក្នុង​ដៃនោះទេ។ ភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍បានព្រមានជាច្រើនឆ្នាំមកហើយថា ការយកឥវ៉ាន់តាមខ្លួន គឺបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតនៅក្នុងអំឡុងពេលមានដំណើរការជម្លៀសអ្នកដំណើរ។

លោក ប៉ូល ហាយេស នាយកផ្នែកសុវត្ថិភាពអាកាសនៃក្រុមហ៊ុនប្រឹក្សាអាកាសចរណ៍ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស Ascend បាននិយាយថា “នាវិកត្រូវតែអនុវត្តកិច្ចការនេះឲ្យបានល្អឥតខ្ចោះ ហេតុការណ៏នេះគឺជាអព្ភូតហេតុដែលអ្នកដំណើរទាំងអស់បានចាកចេញពីយន្តហោះបានដោយសុវត្ថភាព” ។

មន្ត្រីក្រសួងដឹកជញ្ជូនជប៉ុនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា នីតិវិធីជម្លៀសអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ “ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ”។

លោក សាវ៉ាដា បាននិយាយថានៅប្រហែល ១០ នាទីបន្ទាប់ពីអ្នកដំណើរបានចាកចេញពីយន្តហោះយន្តហោះក៏បានផ្ទុះឡើងយ៉ាងខ្លាំងជះអណ្តាតភ្លើងឡើងលើអាកាស។

គាត់បាននិយាយថា “ខ្ញុំគ្រាន់តែអាចនិយាយបានថាវាជាអព្ភូតហេតុមួយ អ្នកដំណើរអាចស្លាប់ប្រសិនបើយើងរៀបចំយឺតបន្តិច” ។

“ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាមានរឿងនេះកើតឡើងវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំមិនចង់ជិះយន្តហោះម្តងទៀតនោះទេ”៕

ប្រភព៖ Reuters/fs