អន្តរជាតិ

អតីតរដ្ឋមន្ត្រីសុខាភិបាលវៀតណាម ត្រូវបានកាត់ទោសពីបទពុករលួយលើការធ្វើតេស្តរក COVID-19

ប្រែសម្រួល៖ ស.សម្បត្តិ

ហាណូយ៖ នៅថ្ងៃពុធ ទី០៣ មករា ឆ្នាំ២០២៤នេះ អតីតរដ្ឋមន្ត្រីសុខាភិបាលវៀតណាម និងជនដែលជាប់ពាក់ព័ន្ធចំនួន ៣៧នាក់ផ្សេងទៀត ត្រូវបានកាត់ទោសនៅទីក្រុងហាណូយ ពីបទរំលោភតួនាទីនិងកេងប្រវ័ញ្ញប្រាក់ក្នុងការលក់ឧបករណ៍ធ្វើតេស្ត COVID-19 លើសពីតម្លៃដើម។

ក្រុមហ៊ុនពាក់កណ្តាលឯកជន វៀត អា ដែលផលិតឧបករណ៍ធ្វើតេស្ត COVID-19ក៏មានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវនេះផងដែរហើយត្រូវបាននាំខ្លួនឲ្យចូលទៅបំភ្លឺក្នុងតុលាការពីរឿងអាស្រូវនេះដោយបានធ្វើសក្ខីកម្មបញ្ជាក់លើការចោទប្រកាន់របស់តុលាការថាបានឃើញមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលវៀតណាមធ្វើសកម្មភាពសម្របសម្រួលក្នុងការចុះកិច្ចព្រមព្រៀងលក់ឧបករណ៍ធ្វើតេស្ត COVID-19 ក្នុងតម្លៃរាប់លានដុល្លារដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យ និងសហគមន៍មូលដ្ឋានក្នុងតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់។

អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long ត្រូវបានប៉ូលីសចាប់ខ្លួនកន្លថមក (រូបថត៖ AFP/Nhu Y)

នៅក្នុងរូបភាពដែលបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពីជនជាប់ចោទសុទ្ធតែមានពាក់ម៉ាស់ទាំងអស់ត្រូវបានអមដំណើរដោយក្រុមប៉ូលិសដែលមានឯកសណ្ឋានត្រឹមត្រូវទៅកាន់អគារតុលាការក្នុងទីក្រុងហាណូយ។

ក្នុងចំណោមពួកគេ មានអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ង្វៀន ថាញ់ឡុង ដែលត្រូវបានចោទប្រកាន់ពីបទទទួលប្រាក់សំណូកចំនួន ២.២៥ លានដុល្លារអាមេរិក និងអតីតអភិបាលក្រុងហាណូយ លោក ជុ ង៉ុកអាញ់  ដែលត្រូវបានចោទប្រកាន់ពីបទ “រំលោភលើបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ”។

យ៉ាងហោចណាស់មានមន្ត្រីតូចតាច និងអ្នកជំនួញចំនួន ១០០នាក់ ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស ដែលមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយទាំងនេះ។

អំពើពុករលួយទទួលសំណូកសូកព៉ាន់នេះ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​មានទឹក​ប្រាក់​ចំនួន ១៧២ លាន​ដុល្លារនិង​សម្រាប់​ក្រុមហ៊ុន វៀត អា មានចំនួន៣៤ លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ​ត្រូវ​បាន​តុលាការធ្វើការ​ចោទ​ថា​បាន​លួចប្រាក់​ត្រឡប់​ទៅ​វិញ​តាមរយ:​ការ​សូកប៉ាន់

​មន្ត្រី។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្រុមហ៊ុន វៀត អា បានធ្វើការបំភ្លឺថា ក្រុមហ៊ុនបានផលិតឧបករណ៍ធ្វើតេស្តចំនួន ៨.៧ លាននៅក្នុងអំឡុងពេលជំងឺរាតត្បាត ដោយភាគច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យពេទ្យនៅទូទាំងប្រទេស។

ខាងតុលាការយោធាក្នុងទីក្រុងហាណូយកាលពីសប្តាហ៍មុន បាននាំខ្លួននាយកប្រតិបត្តិក្រុមហ៊ុន ផាន គក់ វៀត មកកាត់ទោសដាក់ពន្ធនាគារ ២៥ ឆ្នាំពីបទរំលោភទំនុកចិត្ត និងរំលោភលើបទប្បញ្ញត្តិដេញថ្លៃរបស់រដ្ឋ។

គាត់ត្រូវប្រឈមនឹងការចោទប្រកាន់បន្ថែមទៀតនៅក្នុងការកាត់ក្តីរយៈពេលបីសប្តាហ៍ដែលត្រូវបានចាប់ផ្តើមនៅក្នុងថ្ងៃពុធនេះ។

ប្រទេសវៀតណាមមានភាពល្បីល្បាញនៅទូទាំងពិភពលោកចំពោះការចាត់វិធានការដ៏មានប្រសិទ្ធភាពរបស់ខ្លួនក្នុងការទប់ស្កាត់ជំងឺរាតត្បាតដំបូងគេ។

ប៉ុន្តែ​មន្ត្រីវៀតណាម​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​លុយ​ដាក់​ហោប៉ៅយ៉ាងច្រើនសន្ធឹកសន្ធាប់​ដោយសារការទទួលសំណូកពី​ក្រុមហ៊ុន​រៀបចំ​ជើង​ហោះហើរ​ធ្វើ​មាតុភូមិ​និវត្តន៍ និង​ការ​ធ្វើ​តេស្ត​សហគមន៍។

កាល​ពី​ឆ្នាំ​មុន មន្ត្រី​បី​នាក់​ត្រូវ​បានកាត់ទោសឲ្យជាប់​គុក​អស់​មួយ​ជីវិត ខណៈ​រាប់​សិប​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​យូរ​ពី​បទ​ស៊ីសំណូក និង​ប្រព្រឹត្តអំពើ​ពុក​រលួយ​ជុំវិញ​ជើង​ហោះ​ហើរ​ធ្វើ​មាតុភូមិ​និវត្តន៍។

រូបភាពឯកសារ

នៅក្នុងឆ្នាំ ២០២២ សភាជាតិរបស់វៀតណាមបានដកលោក ផាំ ប៊ិញ មិញ និង វូ ឌុក ដាំ  ចេញពីតំណែងជាឧបនាយករដ្ឋមន្ត្រី។

លោក មិញ គឺជារដ្ឋមន្ត្រីក្រសួងការបរទេស ដែលបានដឹកនាំការរៀបចំជើងហោះហើរ ដើម្បីនាំជនជាតិវៀតណាមពីក្រៅប្រទេសមកប្រទេសកំណើត ខណៈដែលលោក ដាំ ជាអ្នកទទួលបន្ទុកដោះស្រាយការឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅតាមព្រំដែនវៀតណាម។

សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្សបាននិយាយនៅពេលនោះថា ការបោសសម្អាត    មន្ត្រីពុករលួយដែលដឹកនាំដោយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ភូទ្រុង ក៏បានសម្រេចទម្លាក់លោកប្រធានាធិបតី ង្វៀន ស្ស៊ុនភុក ដែល “ទទួលបន្ទុកផ្នែកនយោបាយ” ចំពោះភាពកំសោយរបស់លោកនៅក្នុងការគ្រប់គ្រងមន្ត្រីនៅក្រោមបង្គាប់នោះ៕

ប្រភព៖ AFP