អន្តរជាតិ

បញ្ជាក់ពីមូលហេតុដែលយន្តហោះបុកគ្នានៅជប៉ុនបង្កឲ្យភ្ញាក់ផ្អើលពេញពិភពលោក

ប្រែសម្រួល៖ សហការី

តូក្យូ៖នៅថ្ងៃពុធ ទី០៣ ខែមករា ក្រុមអ្នកស៊ើបអង្កេតជប៉ុន បានធ្វើការស៊ើបអង្កេតលើហេតុការប៉ះទង្គិចគ្នារវាងយន្តហោះនិងយន្តហោះដែលបានបង្កនូវមហន្តរាយដ៏ធ្ងន់ធ្ងរនៅអាកាសយានដ្ឋាន ហាណេដា ទីក្រុងតូក្យូ រវាងយន្តហោះឆ្មាំឆ្នេរសមុទ្រ និងយន្តហោះដឹកអ្នកដំណើរ JAL Airbus ដែលនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ត្រូវបានអនុញ្ញាតឲ្យធ្វើការចុះចត។

នៅក្នុងពេលដែលត្រូវបានភ្នាក់ងារសារព័ត៌មានសាកសួរកាលពីយប់ថ្ងៃអង្គារនៅក្នុងការធ្វើសន្និសីទដ៏ខ្លីមួយថាតើជើងហោះហើររបស់ Japan Airlines ហៅកាត់ថា JAL Airbus បានទទួលការអនុញ្ញាតឲ្យចុះចតពីមន្រ្តីគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដែរឬទេ មន្ត្រីក្រុមហ៊ុនអាកាសចរណ៍បានថ្លែងបញ្ជាក់ថា “បើតាមយើងដឹងគឺថាយន្តហោះ JAL Airbus ត្រូវបានអនុញ្ញាតឲ្យធ្វើការចុះចត” ។

ប៉ុន្តែ JAL Airbus និងមន្រ្តីគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានបដិសេធមិនធ្វើអត្ថាធិប្បាយដោយផ្ទាល់លើការផ្លាស់ប្តូរចរាចររវាងអ្នកត្រួតពិនិត្យការហោះហើរ និងការហោះហើររបស់យន្តហោះទាំងពីរ ដោយលើកឡើងថារង់ចាំលទ្ធផលរបស់ការស៊ើបអង្កេតដែលកំពុងបន្តនីតិវិធីនៅឡើយ។

នៅក្នុងការថតសំឡេងពីប៉មបញ្ជារបស់ ហានេដា ជាក់ស្តែងដែលគេថតបាននៅប៉ុន្មាននាទីមុនការប៉ះទង្គិចគ្នា ដែលមានបង្ហោះនៅលើគេហទំព័រដែលផ្តល់សញ្ញាចរាចរណ៍ផ្លូវអាកាស សំឡេងអាចត្រូវបានគេឮពីការណែនាំសម្រាប់ការហោះហើររបស់ JAL ឲ្យ “បន្តហោះហើរទៅជិតព្រលាន” ។

នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាកាលពីល្ងាចថ្ងៃអង្គារនេះបណ្តាលឲ្យមនុស្ស ៥ នាក់នៅលើយន្តហោះឆ្មាំឆ្នេរសមុទ្របានស្លាប់ ប៉ុន្តែអ្នកដំណើរ និងនាវិកទាំងអស់ចំនួន ៣៧៩ នាក់នៅក្នុងយន្តហោះដឹកអ្នដំណើរ JAL ត្រូវបានចាកចេញពីយន្តហោះដោយសុវត្ថិភាពនិងត្រូវបាននាំទៅកាន់កន្លែងសុវត្ថិភាពនៅប៉ុន្មាននាទីមុនពេលដែលយន្តហោះ Japan Airlines ត្រូវបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។

គេសង្កេតឃើញកំទេចយន្តហោះរបស់ក្រុមហ៊ុន​អាកាសចរណ៍ Japan Airlines ​ នៅសេសសល់​លើ​កម្រាល​ឥដ្ឋនៃ​ព្រលានយន្តហោះកាលពី​ថ្ងៃ​ពុធ​ដែលបានក្លាយជាភ័ស្តុតាងមួយធ្វើឲ្យគេឆ្ងល់​ថា​តើពួគេជាអ្នកដំណើរនៅសល់ពេលវេលាប៉ុណ្ណាសម្រាប់ប់​ការជម្លៀសអខ្លួន​ចេញពីយន្តប្រកបដោយសុវត្ថិភាពនោះ​។

សម្រាប់អ្នកដែលនៅរស់រានមានជ៊ីវិតក្នុងចំណោមឆ្មាំសមុទ្រដែលមានវត្តមាននៅក្នុងយន្តហោះរបស់ពួកគេនោះគឺជាកាប់ពីទេនយន្តហោះ​ឆ្មាំ​ឆ្នេរសមុទ្រ ដែល​បាន​ដឹក​ជំនួយ​ទៅ​តំបន់​រញ្ជួយ​ដីកាលពី​ថ្ងៃ​ឆ្លង​ឆ្នាំជា​អ្នក​រួច​ជីវិត​តែ​ម្នាក់​គតប៉ុន្តែគាត់​បាន​រង​របួសយ៉ាង​ធ្ងន់ធ្ងរ។

 

យោងតាមរូបភាពក្នុងវីដេអូដែលបានបង្ហោះកាលពីថ្ងៃអង្គារបានបង្ហាញពីអណ្តាតភ្លើងឆាបឆេះលាយឡំនិងផ្សែងខ្មៅអ៊ួអាប់ក្រាស់ឃ្មឹកជះចេញពីខាងក្រោមយន្តហោះ JAL ភ្លាមៗ បន្ទាប់ពីបានចុះចតរួចរាល់ និងបានឈប់ដោយផ្កាប់មុខចុះក្រោម បន្ទាប់ពីឧបករណ៍បញ្ជាការចុះចតនៅខាងកាប៊ីនយន្តហោះមិនដំណើរការ។

​​នៅក្នុង​វីដេអូដែលគេបាន​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម X គេ​​ឃើញអ្នកដំណើរ​រមៀល​ចុះ​ក្រោម​    ខណៈ​អណ្តាត​ភ្លើង​បាន​ជះ​ចេញ​ពី​​ខាង​ក្រោយ​​យន្តហោះ ។

នៅពេលដែលអ្នកដំណើរត្រូវបានជម្លៀសចេញពីយន្តហោះ រថយន្តពន្លត់អគ្គីភ័យរាប់សិបគ្រឿងដែលមានភ្លើងពណ៌ខៀវ និងក្រហមបានព្យាយាមពន្លត់ភ្លើងដែលកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់មកតួយន្តហោះទាំងមូលត្រូវបានអណ្តាភ្លើងឆាបឆេះភ្លាមៗដោយត្រូវចំណាយពេលអស់ជាង ៨ ម៉ោង ទើបអាចពន្លត់ភ្លើងបានជាស្ថាពរ។

អ្នកដំណើរស្រីនៅលើយន្តហោះម្នាក់បានប្រាប់ទូរទស្សន៍ NHK ថា “នៅពេលដែលយន្តហោះបានចុះចតភ្លាមនោះស្រាប់តែមានឮសម្លេងផ្ទុះឆេះតែម្តងខ្ញុំភ័យខ្លាំងណាស់។

“ហើយក្រោយមកនៅក្នុងយន្តហោះខ្ញុំមានអារម្មណ៍ថាក្តៅខ្លាំងធ្វើឲ្យខ្ញុំភ័យខ្លាំងងណាស់ហើយខ្ញុំគិតថាខ្ញុំមិនរស់ទេ”។

ស្ត្រីដែលមានកូនតូចម្នាក់បានប្រាប់ NHK ថា “ខ្ញុំគិតថាពួកយើងបានចុះចតជាធម្មតាក៏ប៉ុន្តែក្រោយមកខ្ញុំមានអារម្មណ៍ថាធុំក្លិនផ្សែងហើយខ្ញុំក៏មើលទៅក្រៅខ្ញុំបានឃើញភ្លើងកំពុងតែឆាបឆេះយន្តហោះយ៉ាងសន្ធោសន្ធៅ” ។ “ខ្ញុំគិតថាខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីការពារកូនស្រីរបស់ខ្ញុំវាគឺជាកង្វល់តែមួយគត់នៅក្នុងអារម្មណ៍របស់ខ្ញុំនៅក្នុងពេលនោះ”។

រដ្ឋាភិបាលបានសន្យាថានឹងខិតខំធ្វើការស៊ើបអង្កេតរកដើមចមនៃមូលហេតុដែលបង្កឲ្យមានឧប្បត្តិហេតុនេះកើតឡើងនៅក្នុងប្រទេសដែលអ្នកគ្រប់គ្រងព្រលានយន្តហោះមិនដែលបានជួបប្រទះនូវគ្រោះថ្នាក់អាកាសចរណ៍ពាណិជកម្មដ៏ធ្ងន់ធ្ងរបែបនេះអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។

ក្រុមហ៊ុន Airbus របស់បារាំងដែលផលិតយន្តហោះ JAL បាននិយាយថា ខ្លួននឹងបញ្ជូនក្រុមអ្នកឯកទេសដើម្បីជួយអាជ្ញាធរជប៉ុនក្នុងការស៊ើបអង្កេតនេះ។

យន្តហោះដឹកអ្នកដំណើរ JAL Airbus បានមកដល់អាកាសយានដ្ឋាន New Chitose ហើយក៏បានដឹកអ្នកដំណើរនៅ Sapporo លើកោះភាគខាងជើងនៃកោះហុកកៃដូ។ អ្នក​ដែល​ជិះ​ក្នុង​នោះ​មាន​ក្មេងចំនួន​ប្រាំបី​នាក់ផងដែរ។

យន្តហោះឆ្មាំឆ្នេរសមុទ្របាននឹងកំពុងរៀបចំហោះហើរទៅកាន់ខេត្ត Ishikawa ដើម្បីចែកចាយការផ្គត់ផ្គង់បរិក្ខារដល់អ្នករងគ្រោះដោយសារការរញ្ជួយដី បន្ទាប់ពីគ្រោះរញ្ជួយដីនៅថ្ងៃចូលឆ្នាំសកល ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦២នាក់។

លោកហ្វូមីអូ គិស្សីដា នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងសរសើរសមាជិកនាវិកដែលបានស្លាប់នៅលើផ្លូវរត់យន្តហោះថាពួកគេបានលះបង់ជីវិតដើម្បីបុព្វហេតុជួយជនរងគ្រោះពីការរញ្ជួយដី។

កាលពីថ្ងៃអង្គារលោកបាននិយាយថា “អ្នកដែលបានលះបង៉ជីវិតទាំងនេះគឺជាបុគ្គលិកដែលមានស្មារតីខ្ពស់ក្នុងការបំពេញបេសកកម្មជូនជាតិមាតុភូមីយើងនិងពោរពេញទៅដោយការទទួលខុសត្រូវខ្ពស់នៅក្នុងការជួសង្គ្រោះជនរងគ្រោះពីការរញ្ជួយដីនៅតំបន់ដែលរងផលប៉ះពាល់” ធ្ងន់ធ្ងរបំផុត។

មន្រ្តីអាកាសចរណ៍បានឲ្យដឹងថាជើងហោះហើរក្នុងស្រុកមួយចំនួនបានដាក់ឲ្យដំណើរការឡើងវិញនៅព្រឹកថ្ងៃពុធចេញពីព្រលាន ហាណេដា ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ប៉ុន្តែជើងហោះហើររាប់សិបត្រូវបានលុបចោលវិញ។

នៅក្នុងឆ្នាំ ១៩៩៥ យន្តហោះ JAL jumbo ដែលហោះហើរពីទីក្រុងតូក្យូទៅកាន់អូសាកាបានធ្លាក់នៅក្នុងតំបន់ ង្កុនណា ភាគកណ្តាលដោយបានសម្លាប់អ្នកដំណើរ និងនាវិកចំនួន ៥២០ នាក់។

គ្រោះ​មហន្តរាយ​នោះ​គឺ​ជា​ការ​ធ្លាក់​យន្តហោះ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេបំផុតនៅ​ក្នុង​ពិភពលោក​ដែល​ទាក់​ទង​នឹង​ការ​ហោះហើរតាមអាកាស​​តែ​មួយគត៕

ប្រភព៖ AFP/fh