អន្តរជាតិ

ជប៉ុនបើកការស៊ើបអង្កេតបន្ថែមទៀតទៅលើឧបទ្ទវហេតុយន្តហោះបុកគ្នានៅតូក្យូ

ប្រែសម្រួល៖ សហការី

តូក្យូ៖ នៅថ្ងៃពុធទី០៣ មករា ឆ្នាំ២០២៤នេះ អាជ្ញាធរដឹកជញ្ជូនជប៉ុនមិនអស់ចិត្តបានសម្រេចចាប់ផ្តើមត្រួតពិនិត្យលើកំទេចខ្មោចយន្តហោះដឹកអ្នកដំណើរ និងយន្តហោះឆ្មាំសមុទ្រ ដែលបានបុកគ្នានៅអាកាសយានដ្ឋានតូក្យូបន្ថែមទៀត ខណៈដែលប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ប៉ូលិសក៏កំពុងស៊ើបអង្កេតទ្វេដងលើការធ្វេសប្រហែសផ្នែកវិជ្ជាជីវៈដែលអាចកើតមាននៅក្នុងករណីនេះ។

នៅលើយន្តហោះ Japan Airlines (JAL) Airbus A350 មានអ្នកដំណើរសរុបចំនួន ៣៧៩ នាក់ត្រូវបានជម្លៀសចេញពីយន្តហោះដោយសុវត្ថិភាពនៅមុនពេលវាផ្ទុះឡើងជះនូវអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅដែលមនុស្សគ្រប់គ្នាបានហៅថាជាអព្ភូតហេតុដ៏អស្ចារ្យមួយបន្ទាប់ពីមានការបុកគ្នាកាលពីថ្ងៃអង្គារជាមួយនឹងយន្តហោះ De Havilland Dash-8 Coast Guard turboprop ភ្លាមៗក្រោយពីបានចុះចតនៅអាកាសយានដ្ឋាន ហាណនេដា ។

រឿងដែលគួរឲ្យសោកស្តាយនោះគឺក្នុងចំណោមនាវិកឆ្មាំឆ្នេរសមុទ្រចំនួន ៦ នាក់មាន ៥ នាក់បានបង់ជីវិតខណ:ដែលពួកគេកំពុងធ្វើការដឹកជញ្ជូនគ្រឿងបរិក្ខារដែលជាការឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីដ៏ធំនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិច។ ចំណែកប្រធានក្រុមដែលបានរួចជីវិតពីការបុកគ្នារវាងយន្តហោះនិងយន្តហោះនោះបានរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត។

អ្នកឯកទេសផ្នែកអាកាសចរណ៍និយាយថា ការប៉ះទង្គិចគ្នារវាងយន្តហោះនិងយន្តហោះនៅលើផ្លូវរត់បែបនេះ គឺជាបញ្ហាសុវត្ថិភាពដែលតែងតែកើតឡើងម្តងហើយម្តងទៀតនិងញឹកញាប់តែឥឡូវនេះវាកើតឡើងតិចជាងនេះ អរគុណដល់បច្ចេកវិទ្យាជំនាន់ថ្មីនិងនីតិវិធីតាមដានដ៏ទំនើប។

អាជ្ញាធរ​ជប៉ុន​បានបញ្ជាក់ថា មូលហេតុ​នៃ​ការប៉ះទង្គិចគ្នា​​រវាងយន្តហោះនិងយន្តហោះនោះគឺនៅ​តែមិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។

ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសជប៉ុនហៅកាត់ថា JTSB កំពុងតែធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ដោយមានការចូលរួមពីអ្នកឯកទេសរបស់ក្រុមហ៊ុន Airbusមកពីប្រទេសបារាំង ដែលជាកន្លែងផលិតយន្តហោះ Airbus និងប្រទេសអង់គ្លេស ដែលជាកន្លែងផលិតគ្រឿងម៉ាស៊ីនភ្លោះ Rolls-Royce ។

ទីភ្នាក់ងារសារព័ត៌មាន Kyodo បាននិយាយដោយដកស្រង់សម្តីរបស់ទីភ្នាក់ងារនេះថាបានរកឃើញលេខកូដនៃជើងហោះហើររបស់យន្តហោះ JTSB និងឧបករណ៍ថតសំឡេងរបស់យន្តហោះឆ្មាំឆ្នេរសមុទ្រហើយ។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរបានឲ្យដឹងថា ចំពោះលទ្ធផលនៃការស៊ើបអង្កេតទ្វេដងនេះក្រុមអ្នកបច្ចេកទេសនៃការស៊ើបអង្កេតនឹងប្រកាសឲ្យដឹងនៅពេលក្រោយ៕