សេដ្ឋកិច្ច

កងទ័ពសូមស្នើឲ្យប្រជាពលរដ្ឋជួយទិញបន្លែ,សាច់ដែលខ្លួនដាំនិងចិញ្ចឹមផង

ដោយ៖បន្ទាយ /  បន្ទាយមានជ័យ

ក្រៅពីការងារស្នូល និងការអនុវត្តផែនការហ្វឹកហ្វឺនរបស់ថ្នាក់លើ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ អង្គភាពនេះបន្តការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ពនិងគ្រួសារកងទ័ព។

លោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការវរ:ទ័ពខាងលើកាលពីថ្ងៃទី០២ ខែមករាឆ្នាំ២០២៤ បានជំរុញដល់កងកម្លាំងការងារបន្ថែមនេះ ដើម្បីអោយទ័ពនិងគ្រួសារមានជីវភាពដែលមានខ្វះខាតអាចរកបានចំណូលបន្ថែមក្នុងការទ្រទ្រង់។

ជាពិសេសក៏ជាការចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក  តាមផែនការ បទបញ្ជារបស់ថ្នាក់លើតាមឋានានុក្រមនិងរបស់ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ  មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ផងដែរ  ដោយកងកម្លាំងបានប្រមូលផលបានយកមកលក់នៅលើផ្សារសហគមន៍ភូមិ១ផលិតផល១ ស្ថិតនៅជ្រុង១នៃសួនមានជ័យ (វេទិកាខេត្ត)នាភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សម្រាប់ផលដែលប្រមូលបានមានដូចជាបន្លែ សាច់ បានយកទៅលក់នៅក្នុងផ្សារសហគមន៍ភូមិ១ផលិតផល១ មានតម្លៃដូចខាងក្រោម ÷ ស្ពៃក្ដោប ៥.០០០៛ / ១គក្រ។ ត្រសក់ ២.០០០៛ / គក្រ។ត្រប់វែង៣០០០៛ /គក្រ។ត្រប់ស្រួយ ៣.០០០៛ /គក្រ ។ ប៉េងប៉ោះ ៣.០០០៛ /គក្រ ។ទាកាប៉ា ១៥០០០៛ /គក្រ ។សាច់មាន់២២.០០០៛ / គក្រ ។ស្ពៃក្រញាញ់៣.០០០៛ / គក្រ ។ស្ពៃចង្កឹះ៣.០០០៛  / គក្រ ។

សាឡាត់៥.០០០៛ / គក្រ ។ត្រឡាច២.០០០៛ / គក្រ  ។ននោង៣.០០០៛ / គក្រ  ។ស្វាយ៣.០០០ ៛ / គក្រ  ។ល។

លោកបានបន្តថា : ក្នុងនោះ អង្គភាពបានខិតខំបន្តការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតការធានាចិញ្ចឹមកងទ័ព និងគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ។

គួរបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យការបង្កបង្កើនផល និងចិញ្ចឹមសត្វ របស់វរសេនាតូចថ្មើរជើងលេខ៥១៣ តែងតែចុះពិនិត្យ និងណែនាំពីវិធីថែទាំដំណាំ ការចិញ្ចឹមសត្វ ឲ្យទទួលបានផលល្អ ដល់គ្រប់បណ្តាអង្គភាពចំណុះជាប្រចាំ ។

ក្នុងនោះ.បន្លែចម្រុះ និងត្រីសាច់ ដែលផលិតបាន អាចធានាផ្គត់ផ្គង់ចិញ្ចឹមទ័ព និងគ្រួសារកងទ័ពគ្រប់គ្រាន់ ។

រីឯមួយចំនួនដែលនៅសល់គឺលើសតម្រូវការក្នុងគ្រួសារនិងអង្គភាពទ័ព ហើយចាំបាច់ត្រូវបាននាំយកទៅលក់នៅទីផ្សារខាងក្រៅបន្ទាយដើម្បីសន្សំថវិកាជួយជីវភាពគ្រួសារផង ជួយកសាងអង្គភាព និងការងារមនុស្សធម៌ផង។

ហេតុនេះ ក្នុងនាមក្រុមគ្រួសារទ័ព កងទ័ពនិងអង្គភាព លោកលោកវរសេនីយ៍ត្រី គង់ សារ៉ុ សូមអង្វរចិត្តបេះដូងពលរដ្ឋជាអតិថិជនមេត្តាជួយទិញបន្លែ,ត្រីសាច់សត្វដែលកងទ័ព ក្រុមគ្រួសារនៃអង្គភាពខ្លួនដាំនិងចិញ្ចឹមផង ។ជួយទិញ មានន័យថាជួយលើកម្ពស់ក្តីស្រឡាញ់  ជីវភាពទ័ព គ្រួសារទ័ពនិងអង្គភាពទ័ព ៕